Won Bin ជាតារាសម្ដែងល្បីល្បាញម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង និងជានិមិត្ដរូបរបស់តារាជាច្រើនក្នុងប្រទេសកូរ៉េខាងត្បូងដូចគ្នា។ ភាគច្រើនលោកត្រូវបានតារាស្រីជាច្រើនក្នុងប្រទេសលើកឡើងថាជាប្រភេទបុរសក្នុងក្ដីស្រមៃ។ Won Bin មានប្រជាប្រិយភាពខ្លាំងកំឡុងឆ្នាំ ២០០០ រហូតដល់ ២០១០។ លោកបានបង្ហាញខ្លួនក្នុងភាពយន្ដចុងក្រោយក្នុងឆ្នាំ ២០១០ គឺរឿង “The Man From Nowhere” និងមិនជ្រើសសម្ដែងក្នុងរឿងណាទៀតឡើយចាប់ពីនោះ។


ថ្វីបើតារាសម្ដែងប្រុសជាច្រើនមានភាពលេចធ្លោជាបន្ដបន្ទាប់ ប៉ុន្ដែតារាប្រុស Won Bin នៅតែត្រូវគេចាត់ទុកជាតារាប្រុសមានឥទ្ធិពលម្នាក់នាពេលបច្ចុប្បន្ន ស្របពេលដែលរឿងល្បីៗជាច្រើនដូចជា Train To Busan, Descendants Of the Sun, Along with The God និងផ្សេងៗទៀត សុទ្ធតែបានដាក់សំណើស្នើឱ្យលោកចូលរួមសម្ដែងជាតួឯកប្រុសតែត្រូវបដិសេធ។



លោកបានរៀបការក្នុងឆ្នាំ ២០១៥ ជាមួយតារាស្រី Lee NaYoung និងទទួលបានចំណងដៃកូនប្រុសម្នាក់។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រជានឹករឭកចំពោះលោកនោះគឺការខកខានមិនសម្ដែងរឿង មិនសូវចូលរួមកម្មវិធីនានា និងរស់នៅបែបស្ងប់ស្ងាត់។ ថ្មីៗ នេះ អ្នកជិតខាងរបស់តារាប្រុស WonBin ក៏បានទម្លាយពីជីវិតរបស់លោកនាពេលបច្ចុប្បន្នឱ្យគ្រប់គ្នាបានដឹង ចំពោះមូលហេតុដោយសារតែចង់ឱ្យគ្រប់គ្នាបានដឹងពីអត្ដចរិតគួរឱ្យស្រឡាញ់ចូលចិត្តរបស់លោក និងក្រុមគ្រួសារ។


អ្នកជិតខាងរបស់លោកបានទម្លាយថា៖ លោកជ្រើសរើសរស់នៅយ៉ាងសាមញ្ញ និងស្ងប់ស្ងាត់ខ្លាំង។ លោកបានរៀនចម្អិនម្ហូបថ្មីៗជាច្រើន មានដាំ និងធ្វើចំការផ្លែ ប៊ឺរី។ ជាពិសេស ព្រមទាំងធ្វើទឹកផ្លែបឺរី និងដំណាប់ផ្លែប៊ឺរីទៀតផង។ លោកតែងតែយកវាមកចែកដល់អ្នកជិតខាងដែលរស់នៅក្បែរលោក។ អ្វីដែលសំខាន់នោះមានវ័យ ៤៥ ឆ្នាំហើយប៉ុន្ដែលោកនៅតែស្រស់សង្ហា និងស្បែកហាក់មិនខ្មៅសោះបើទោះជានៅហាលក្រោមកម្ដៅស្ទើររាល់ថ្ងៃ។


បើទោះជារូបលោកជ្រើសរើសរស់នៅយ៉ាងសាមញ្ញហើយក្ដី ប៉ុន្ដែមហាជន និងអ្នកគាំទ្រជាច្រើននៅតែសង្ឃឹមថាលោកអាចត្រឡប់មកសម្ដែងវិញម្ដងទៀត ព្រោះអាយុរបស់លោកនៅតែអាចសម្ដែងបាន។ ស្របពេលជាមួយគ្នា មនុស្សជាច្រើនក៏ហាក់មានអារម្មណ៍សប្បាយរីករាយ ដោយសារលោករស់នៅយ៉ាងមានក្ដីសុខជាមួយក្រុមគ្រួសារលែងខ្វាយខ្វល់ពីការប្រកួតប្រជែងក្នុងពិភពសិល្បៈ៕























Account
Security
Favourite Content