និយាយដល់ផ្លែចេកក្រៅពីញ៉ាំទាំងខ្ចី និងចាស់ហើយ នៅកម្ពុជាយើងក៏ពេញនិយមញ៉ាំចេកអាំងដែរ។ មិនត្រឹមតែមានភាពងាយស្រួល និងរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងចំណេញថវិកាទៀតផង។ ឃើញថាជាចេកអាំងពិតមែន ប៉ុន្តែប្រិយមិត្តមានដឹងអត់ថាមែនទែនទៅចេកអាំងមានអត្ថប្រយោជន៍មិនចាញ់ចេកធម្មតានោះទេ? ថ្ងៃនេះ AMS សូមចែករំលែកនូវអត្ថប្រយោជន៍ទាំង ៣ របស់ចេកអាំងដូចខាងក្រោម៖
១. ជួយបំបាត់ការទល់លាមក
កម្ដៅដែលយើងប្រើដើម្បីអាំងចេកនឹងបង្កើនបរិមាណ oligosaccharide ដែលជាអាហារសម្រាប់បាក់តេរីល្អក្នុងពោះវៀន។ វាក៏ជួយពង្រឹងដល់សុខភាពពោះវៀន និងជាអ្នកការពារបញ្ហាទល់លាមកបានយ៉ាងល្អ។
២. ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
ប្រហែលជា ៧០% នៃភាពស៊ាំរបស់រាងកាយគឺត្រូវបានផលិតឡើងក្នុងពោះវៀន។ នៅពេលដែលសុខភាពពោះវៀនចាប់ផ្ដើមល្អ នោះការផលិតភាពស៊ាំរបស់រាងកាយក៏នឹងកាន់តែកើនឡើងផងដែរ។ លើសពីនេះ ចេកអាំងក៏ជួយឱ្យរាងកាយមានកម្ដៅដែលធ្វើឱ្យរាងកាយកាន់តែរឹងមាំ។
៣. មានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់
ប្រសិនបើយើងមានសុខភាពពោះវៀនមិនល្អ ខ្យល់នឹងស្ទះក្នុងពោះវៀនបណ្ដាលឱ្យការរំលាយអាហារមានបញ្ហាដែលធ្វើឱ្យជាតិខ្លាញ់កាន់តែងាយប្រមូលផ្ដុំក្នុងរាងកាយ។ ដូច្នេះសារធាតុ oligosaccharide ក្នុងផ្លែចេកអាំងនឹងជួយសម្រួលពោះវៀនជួយឱ្យការបន្ទោរបង់មកជាធម្មតា និងបង្កើនការរំលាយផងដែរ៕