យូរ​ៗ​ទើប Comeback ម្ដង តែ​ហេតុអ្វី​​ BLACKPINK​ អាច​រក្សា​កេរ្តិ៍ឈ្មោះ​ និង​ភាព​ល្បីល្បាញ​​យូរ​​យ៉ាង​នេះ?​

Pink Venom​ ជា​បទចម្រៀង​ដំបូង​ក្នុង​ការ​វិលត្រឡប់​​ចុងក្រោយ​របស់​ក្រុម​ BLACKPINK​ បន្ទាប់ពី​ស្ងប់ស្ងាត់​រយៈពេល​ ២​ ឆ្នាំ។​ ​សម្រាប់​ក្រុម​ចម្រៀង​ខេប៉ុប​ទូទៅ ការ​ដែល​ក្រុម​មិន​មាន​បទ​ចម្រៀង​ថ្មី​ដល់​រាប់​ឆ្នាំ ចង់​មិន​ចង់​ប្រាកដ​ជា​ធ្វើ​ឱ្យ​ភាព​ពេញ​និយម​របស់​ក្រុម​ធ្លាក់​ចុះ​។ ប៉ុន្តែ​​នេះ​មិន​មែន​ជា​បញ្ហា​សម្រាប់ BLACKPINK នោះ​ឡើយ ព្រោះ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លងមក​​នេះ​ពួកគេ​ទាំង​ ៤​ នាក់​នៅ​តែ​ជាក្រុម​ដែល​គេ​លើក​ឡើង​ និង​ចាត់​ទុក​​ជា​ក្រុម​ Kpop​ លំដាប់​កំពូល។​ តើ​អ្វី​ទៅ​ដែល​ធ្វើឱ្យ​ BLACKPINK​ អាច​រក្សា​ភាពល្បីល្បាញ​បាន​គង់វង្ស​យ៉ាងនេះ?​

១.​ ផលិតកម្ម​ YG Entertainment​

មិនចង់ទទួលស្គាល់ក៏ត្រូវទទួលស្គាល់ មូលហេតុ​ដំបូង​គេ​ដែល​ធ្វើ​ឱ្យ​ BLACKPINK ​ ទទួល​បាន​ភាព​ជោគជ័យ​ដល់​កម្រិត​នេះ គឺ​ដោយ​សារ​តែ​ផលិតកម្ម YG Entertainment។​ ថ្វីត្បិតតែ​មាន​ភាព​ចម្រូងចម្រាស​ និង​ការរិះគន់​ដូច​ព្យុះ​ច្រើន​ដង​ក៏​ដោយ​ ប៉ុន្តែ​អ្វី​ដែល​ផលិតកម្ម​នេះ​បាន​ធ្វើ និង​ជា​រឿង​ដែល​សំខាន់​បំផុត​គឺ​ការ​ដែល​ពួក​គេ​បាន​កសាង និង​ដាក់​បញ្ចូល​​ស្រីស្អាត​ទាំង​ ៤​ រូប​ក្នុង​ក្រុម​ជាមួយ​គ្នា។​ ម្យ៉ាងទៀត​ YG​ គឺ​ជា​​មួយ​នៃ​ផលិតកម្ម​​ទាំង ៣​ដែល​ល្បី​បំផុត​នៅ​ពេល​នោះ​ ជា​ទ្រនំ​សិល្បករ​​ល្បីៗកំពូលៗ​ជាច្រើន​ ជា​ហេតុ​ធ្វើឱ្យ​អ្នក​គាំទ្រ​មាន​ការចាប់អារម្មណ៍​ទៅលើ​ BLACKPINK​ តាំងពី​វិនាទី​ដំបូង​ដែល​ពួក​គេ​​បង្ហាញ​ខ្លួន។​

២.​ ការ​បង្កើត​ចម្រៀង​បែប​ Girl Crush​

នៅ​ក្នុង​វិស័យ​ Kpop​ ទាំង​ពីមុន​ និង​ពេល​បច្ចុប្បន្ន​តន្រ្តី​ស្ទីល​ Girl Crush​ សុទ្ធតែ​ទទួល​បាន​ការគាំទ្រ​ដ៏​ខ្លាំងក្លា​ ដូចជា​ ក្រុម​ 2NE1​ និង​ក្រុម​ Girl Group​ ផ្សេងទៀត។​ ហើយ​ BLACKPINK​ ក៏​បាន​ធ្វើឱ្យ​ Girl Crush​ ផ្ទុះឡើង​ម្តងទៀត​ក្នុង​សម័យនេះ។​ បទ​ចម្រៀង​មួយ​បទ​ៗ​របស់​ពួក​គេ​គឺ​សុទ្ធ​តែ​អាច​រាប់​ជា​កំពូល​បទ​ចម្រៀង ជា​ពិសេស​​បទ​​ DDU-DU DDU-DU​ ដែល​​​ចេញ​កាល​ពី​ឆ្នាំ​២០១៨ បាន​បើកផ្លូវ​ឱ្យ​ BLACKPINK​ ឈាន​ចូល​ទីផ្សារ​អន្តរជាតិ​កាន់តែ​ខ្លាំង​ និង​ត្រូវបាន​គេ​ស្គាល់​ទូទាំង​ពិភពលោក។

បន្ទាប់​ពី​នោះ​ក៏​មានក្រុម​ចម្រៀង​នារី​ថ្មីៗ​ជា​ច្រើន​ទៀត​ចាប់​យក​ស្ទីល​ចម្រៀង​បែប​នេះ ដើម្បី​អាច​ឈាន​ចូល​ទីផ្សារ​អន្តរជាតិ ហើយ​ក៏​ទទួល​បាន​ផល​ពិត​មែន។​​ ទោះយ៉ាងណា​ក៏ដោយ​ បើ​និយាយ​ពី​ចម្រៀង​ស្ទីល​ Girl Crush​ គឺ​ត្រូវតែ​នឹក​ដល់​ BLACKPINK​ ព្រោះ​ពួកគេ​ធ្វើបាន​ល្អ​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន។​

៣.​ MV​ មាន​គុណភាព​ខ្ពស់​

ភាគច្រើន​នៅ​ពេល​ឃើញ​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​របស់​ YG​ កន្លងមក​ អ្នកគាំទ្រ​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ផលិតកម្ម​ដូចជា​មិន​សូវ​បោះ​ទុន​សោះ។​ ប៉ុន្តែ​ការរិះគន់​ និង​ការ​ត្អូញត្អែរ​ទាំង​នោះ​នឹង​រលាយ​បាត់​នៅ​ពេល​ MV​ របស់​ BLACKPINK​ ចេញផ្សាយ។​ BLACKPINK​ ជា​ក្រុមចម្រៀង​ k-pop​ ដែល​ត្រូវ​ចំណាយ​លុយ​លើ​ផលិតកម្ម​ MV​ ខ្ពស់​បំផុត​ ទាំង​ឈុតឆាក​ និង​សម្លៀកបំពាក់​របស់​សមាជិក​ម្នាក់ៗ​ សុទ្ធ​តែ​ញាក់​សាច់​ខ្លាំង​ៗ រួម​ទាំង CG ដែល​បង្កើត​ឡើង​គឺ​សុទ្ធ​តែ​មាន​គុណភាព សក្ដិសម​បំផុត​សម្រាប់​ភាពល្បីល្បាញ​លំដាប់​កំពូល​របស់​ពួកគេ។​ ឈុតឆាក​ក្នុង​ MV​ នីមួយៗ​ស្អាត​ខ្លាំង​​រហូត​ដល់​អាច​យក​ទៅ​ប្រើ​ជា​ Wallpaper​ បាន​​ស្រួលៗ។​ នេះ​ជា​មោទកភាព​មួយ​របស់​ YG​ ដែល​សុខចិត្ត​ចំណាយ​លុយ​ច្រើន​ ដើម្បី​ប្តូរ​មក​ជាមួយ​គុណភាព​របស់​បទចម្រៀង។​

៤. តិច​ៗ​តែ​ខ្លឹម

YG គឺ​ជា​ផលិតកម្ម​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គុណភាព​បទ​ចម្រៀង​ជា​ខ្លាំង ប្រសិនបើ​ធ្វើ​ចម្រៀង​ចេញ​មក​មិន​ត្រូវចិត្ត​ មិនមាន​ស្តង់ដារ​ ទោះ​ចំណាយ​ពេល​កែច្នៃ​យូរ​ប៉ុណ្ណា​ក៏​មិន​ចេញផ្សាយ​ជា​ដាច់ខាត។​ ហើយ​នេះ​ក៏​ជា​មូលហេតុ​ដែល​ BLACKPINK​ មាន​បទចម្រៀង​តិច​ណាស់​បើ​ប្រៀបធៀប​ជាមួយ​ក្រុម​ផ្សេងៗ។​

រឿង​នេះ​​មាន​ចំណុច​ល្អ និង​ចំណុច​មិន​ល្អ។ សម្រាប់​ចំណុច​ល្អ​គឺ ធ្វើឱ្យ​អ្នកគាំទ្រ​កាន់តែ​ចង់​ឮ​ចង់​ឃើញ​ និង​ទទួលបាន​ការគាំទ្រ​ជាខ្លាំង​រាល់​ពេល​ចេញ​បទចម្រៀង​ថ្មី​ម្តងៗ​ ជាពិសេស​ Blinks​ ដែល​តែងតែ​គាំទ្រ​ និង​បំបែក​កំណត់ត្រា​ថ្មី​គ្រប់​ពេល។​ ប៉ុន្តែ​គុណវិបត្តិ​វិញ​ ការដែល​ឱ្យ​ក្រុម​បាត់មុខ​រយៈពេល​រាប់​ៗ​ឆ្នាំ​ញឹក​ពេក​ គឺ​ធ្វើ​ឱ្យ​ពួក​គេ​មិន​អាច​ឆក់​យក​ឱកាស​ជាច្រើន​ដែល​បាន​ចូល​មក​​ខុស​ពេល Comeback។​ ប៉ុន្តែ​ភាព​ជោគជ័យ​ដែល​ BLACKPINK​ ​ទទួលបាន​នៅ​ពេលនេះ​ គឺ​លើសពី​គ្រប់គ្រាន់​​ ដោយ​មិន​ចាំបាច់​ស្តាយ​រឿង​កន្លង​ដែល​បាន​កើតឡើង​ទេ។​​

៥.​ សមាជិក​ក្រុម​

អាច​ជា​ចំណុច​សំខាន់​បំផុត​ក្នុង​វីដេអូ​មួយ​នេះ​ក៏​ថា​បាន ព្រោះ​គ្រប់​យ៉ាង​ដែល​ YG បង្កើត​ឡើង​មក​មិន​អាច​ជោគជ័យ​បាន​នោះ​ទេ​បើ​សិន​សមាជិក​ក្នុង​ក្រុម​មិន​ទទួល​បាន​ការ​ស្រលាញ់​គាំទ្រ និង​ទទួលស្គាល់​ច្រើន​បែប​នេះ។ ហើយ​ទម្រាំ​តែ​បាន​ក្លាយជា​ស្រីស្អាត​ទាំង​ ៤​ នាក់​នេះ​ពួកគេ​បាន​ឆ្លងកាត់​ការជ្រើសរើស​ និង​ការហ្វឹកហាត់​ជាច្រើន​ឆ្នាំ។​ ទោះ​បី​ចុង​ក្រោយ​ពួក​គេ​នៅ​សល់​សមាជិក​តែ ៤​នាក់ ក៏​ប៉ុន្តែ​អាច​និយាយ​បាន​ថា BLACKPINK ​ជា​ក្រុម​ដែល​អាច​បំពេញ​តម្រូវការ​របស់​ទស្សនិកជន​បាន​យ៉ាង​ពិតប្រាកដ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ។​

បើ​អ្នក​ចូល​ចិត្ត​នារី​ដែល​មាន​ភាពរឹងមាំ​ ប៉ុន្តែ​ក៏​បង្កប់​ភាពគួរ​ឱ្យស្រឡាញ់​មិន​ធម្មតា​ Jennie គឺ​ជា​សមាជិក​ដែល​អ្នក​តាម​រក។​ បើ​ចូល​ចិត្ត​សមាជិក​ដែល​ពោរពេញ​ដោយ​ភាពកំប្លុកកំប្លែង​ ហើយ​តែងតែ​ធ្វើឱ្យ​មនុស្ស​ខ្លួន​ញញឹម​បាន Jisoo គឺត្រូវ​តែម្ដង។​ បើ​ចូលចិត្ត​ស្រី​ស្អាត​ ទឹកដម​សំឡេង​ពីរោះ​ សម្បូរ​មន្ត​ស្នេហ៍ Rosé​ គឺ​ជា​ចម្លើយ ខណៈ​ដែល​ Lisa​ ជា​ចំណាប់​អារម្មណ៍​របស់​មនុស្ស​គ្រប់គ្នា​ និង​អាច​បង្កើត​ភាព​ភ្ញាក់ផ្អើល​ម្តងហើយ​ម្តង​ទៀត។​

ទំនាក់ទំនង​រវាង​ពួកគេ​ទាំងបួន​នាក់​ បាន​ធ្វើឱ្យ​ក្រុម​ទាំងមូល​ក្លាយ​ទៅជា​ Super Group​ ដែល​នរណាៗ​ក៏​ចាប់អារម្មណ៍​សូម្បី​តែ​ម៉ាក​ផលិតផល​ធំៗ​ក៏​តាម​ពួកគេ​ឱ្យ​ធ្វើជា​ទូត​ផ្សព្វផ្សាយ​នៃ​ម៉ាក​ផលិតផល​របស់​ខ្លួន​ដែរ។​ ពួកគេ​ម្នាក់ៗ​ក៏​មាន​ស្នាដៃ​ផ្សេងៗ​ក្នុង​វិស័យ​ហ្វេសិន​លំដាប់​ពិភពលោក​ ដែល​ស្ទើរ​តែ​មិន​ធ្លាប់​ពី​មុន​មក​ទេ​ក្នុង​វិស័យ​ K-pop។​ ការងារ​ក្នុង​វិស័យ​ម៉ូដ​របស់​ពួក​គេ​ហាក់​រវល់​ជាង​ការងារ​ច្រៀង​រាំ​ទៅ​ទៀត រហូត​អ្នក​គាំទ្រ​ខ្លះ​បង្អាប់​ថា​ពួក​គេ​មិន​មែន​អ្នក​ចម្រៀង​ទេ ប៉ុន្តែ​សម​ជា​ម៉ូដែល​លក់​ខោ​អាវ​ច្រើន​ជាង។

តាម​ពិត​ទៅ បើ​ទោះ​បី​បទ​ចម្រៀង​ក្រុម​មិន​សូវ​បាន​ចេញ​ញឹកញាប់ ប៉ុន្តែ​សមាជិក​ម្នាក់​ៗ​គឺ​សុទ្ធ​តែ​មាន​បទចម្រៀង​ផ្ទាល់ខ្លួន​ដែល​បាន​បំបែក​កំណត់ត្រា​ផ្សេងៗ​ និង​អាច​ប្រកួតប្រជែង​ជាមួយ​ក្រុម​ផ្សេងៗ​បាន​យ៉ាង​ធូរ រួម​ទាំង​ការងារ​ផ្សេងៗ​ដូចជា​ការ​សម្តែង​ក៏​មាន​ជា​ហូរហែ​ដែរ។​ ដូច​ពាក្យ​ស្លោក​​និយាយ​ថា BLACKPINK in your area, BLACKPINK ​ស្ថិត​នៅ​គ្រប់​តំបន់​នោះ​គឺ​ពិត​ជា​មិន​ខុស​មែន។

៦.​ Blink​

សម្រាប់​ចំណុច​ចុង​ក្រោយ​នេះ​ក៏​អាច​ចាត់​ទុក​ជា​ចំណុច​សំខាន់​បំផុត​មួយ​ទៀត នោះ​គឺ​ក្រុម​អ្នក​គាំទ្រ​របស់​ពួក​គេ​ដែល​មាន​ឈ្មោះ​ថា Blink នោះ​ឯង។ និយាយ​ទៅ​ក្រុម​ចម្រៀង​មិន​អាច​ឡើង​មក​ដល់​ចំណុច​នេះ​បាន​ទេ​បើ​សិន​ជា​គ្មាន​ការ​គាំទ្រ ប៉ុន្តែ​ដោយ​សារ​តែ​ចំណុច​ទាំង​អស់​ដែល​បាន​រៀបរាប់​ខាង​លើ​ ទើប​ធ្វើ​ឱ្យ​ BLACKPINK​ ក្លាយ​ជា​ក្រុម​​មួយ​ដែល​មាន​​អ្នកគាំទ្រ​ច្រើន​បំផុត​ក្នុង​វិស័យ​ខេប៉ុប​។​ Blink​ សុខចិត្ត​ធ្វើ​គ្រប់យ៉ាង​ដើម្បី​គាំទ្រ​សមាជិក​ក្រុម​ មិន​ថា​ជា​ការទិញ​ផលិតផល​ Stream​ បទចម្រៀង​ និង​ MV​ រួមទាំង​ជួយ​ផ្សព្វផ្សាយ​ បង្កើត​ Page​ ថ្មីៗ​ដើម្បី​ឱ្យ​ក្រុម​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ។​

ហើយ​អ្វី​ដែល​គួរ​ឱ្យ​កោតសរសើរ​ខ្លាំង​សម្រាប់​ Blink​ គឺ​ពួកគេ​មាន​ភាពអត់ធ្មត់​ក្នុង​ការ​រង់ចាំ​ណាស់។​ ដូច​ដែល​បាន​រៀបរាប់​ខាង​ដើម​​ ស្នាដៃ​របស់​ BLACKPINK​ មិន​សូវ​បាន​បញ្ចេញ​ញឹកញាប់​ដូច​ក្រុម​ផ្សេងៗ​ទេ។ មាន​ពេល​ជា​ច្រើន​ដែល​ក្រុម​គ្មាន​សកម្មភាព គ្មាន​ព័ត៌មាន​ថ្មី​អ្វី​ទាំង​អស់​ ប៉ុន្តែ​ Blink​ បាន​ធ្វើការ​បង្កើត​ Content​ ថ្មីៗ​ដោយ​ខ្លួនឯង​ និង​បង្កើត​ឆានែល​ជជែក​កម្សាន្ត​ ចែករំលែក​ពី​សកម្មភាព​របស់​ក្រុម​ជា​ប្រចាំថ្ងៃ​ បង្កើត​សង្គម​ដ៏​រឹងមាំ​មួយ​ដើម្បី​រង់ចាំ​ការត្រឡប់​មកវិញ​របស់​ BLACKPINK ហើយ​នៅ​ពេល​ថ្ងៃ​នោះ​មកដល់​ វា​នឹង​ក្លាយជា​រង្វាន់​ដ៏​ធំ​សម្រាប់​ Blink​ ទាំងអស់​ឱ្យ​មាន​ភាព​សប្បាយ​រីករាយ​ និង​ក្តី​សុខ​យ៉ាង​ពេញទំហឹង​​ ជា​ការ​តបស្នង​ការ​ទន្ទឹង​រង់ចាំ​របស់​ពួក​គេ ៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន