Pink Venom ជាបទចម្រៀងដំបូងក្នុងការវិលត្រឡប់ចុងក្រោយរបស់ក្រុម BLACKPINK បន្ទាប់ពីស្ងប់ស្ងាត់រយៈពេល ២ ឆ្នាំ។ សម្រាប់ក្រុមចម្រៀងខេប៉ុបទូទៅ ការដែលក្រុមមិនមានបទចម្រៀងថ្មីដល់រាប់ឆ្នាំ ចង់មិនចង់ប្រាកដជាធ្វើឱ្យភាពពេញនិយមរបស់ក្រុមធ្លាក់ចុះ។ ប៉ុន្តែនេះមិនមែនជាបញ្ហាសម្រាប់ BLACKPINK នោះឡើយ ព្រោះរយៈពេលជាច្រើនឆ្នាំកន្លងមកនេះពួកគេទាំង ៤ នាក់នៅតែជាក្រុមដែលគេលើកឡើង និងចាត់ទុកជាក្រុម Kpop លំដាប់កំពូល។ តើអ្វីទៅដែលធ្វើឱ្យ BLACKPINK អាចរក្សាភាពល្បីល្បាញបានគង់វង្សយ៉ាងនេះ?

១. ផលិតកម្ម YG Entertainment
មិនចង់ទទួលស្គាល់ក៏ត្រូវទទួលស្គាល់ មូលហេតុដំបូងគេដែលធ្វើឱ្យ BLACKPINK ទទួលបានភាពជោគជ័យដល់កម្រិតនេះ គឺដោយសារតែផលិតកម្ម YG Entertainment។ ថ្វីត្បិតតែមានភាពចម្រូងចម្រាស និងការរិះគន់ដូចព្យុះច្រើនដងក៏ដោយ ប៉ុន្តែអ្វីដែលផលិតកម្មនេះបានធ្វើ និងជារឿងដែលសំខាន់បំផុតគឺការដែលពួកគេបានកសាង និងដាក់បញ្ចូលស្រីស្អាតទាំង ៤ រូបក្នុងក្រុមជាមួយគ្នា។ ម្យ៉ាងទៀត YG គឺជាមួយនៃផលិតកម្មទាំង ៣ដែលល្បីបំផុតនៅពេលនោះ ជាទ្រនំសិល្បករល្បីៗកំពូលៗជាច្រើន ជាហេតុធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ទៅលើ BLACKPINK តាំងពីវិនាទីដំបូងដែលពួកគេបង្ហាញខ្លួន។
២. ការបង្កើតចម្រៀងបែប Girl Crush
នៅក្នុងវិស័យ Kpop ទាំងពីមុន និងពេលបច្ចុប្បន្នតន្រ្តីស្ទីល Girl Crush សុទ្ធតែទទួលបានការគាំទ្រដ៏ខ្លាំងក្លា ដូចជា ក្រុម 2NE1 និងក្រុម Girl Group ផ្សេងទៀត។ ហើយ BLACKPINK ក៏បានធ្វើឱ្យ Girl Crush ផ្ទុះឡើងម្តងទៀតក្នុងសម័យនេះ។ បទចម្រៀងមួយបទៗរបស់ពួកគេគឺសុទ្ធតែអាចរាប់ជាកំពូលបទចម្រៀង ជាពិសេសបទ DDU-DU DDU-DU ដែលចេញកាលពីឆ្នាំ២០១៨ បានបើកផ្លូវឱ្យ BLACKPINK ឈានចូលទីផ្សារអន្តរជាតិកាន់តែខ្លាំង និងត្រូវបានគេស្គាល់ទូទាំងពិភពលោក។

បន្ទាប់ពីនោះក៏មានក្រុមចម្រៀងនារីថ្មីៗជាច្រើនទៀតចាប់យកស្ទីលចម្រៀងបែបនេះ ដើម្បីអាចឈានចូលទីផ្សារអន្តរជាតិ ហើយក៏ទទួលបានផលពិតមែន។ ទោះយ៉ាងណាក៏ដោយ បើនិយាយពីចម្រៀងស្ទីល Girl Crush គឺត្រូវតែនឹកដល់ BLACKPINK ព្រោះពួកគេធ្វើបានល្អបំផុតក្នុងពេលបច្ចុប្បន្ន។
៣. MV មានគុណភាពខ្ពស់
ភាគច្រើននៅពេលឃើញផ្ទាំងរូបភាពផ្សព្វផ្សាយរបស់ YG កន្លងមក អ្នកគាំទ្រប្រាកដជាមានអារម្មណ៍ថាផលិតកម្មដូចជាមិនសូវបោះទុនសោះ។ ប៉ុន្តែការរិះគន់ និងការត្អូញត្អែរទាំងនោះនឹងរលាយបាត់នៅពេល MV របស់ BLACKPINK ចេញផ្សាយ។ BLACKPINK ជាក្រុមចម្រៀង k-pop ដែលត្រូវចំណាយលុយលើផលិតកម្ម MV ខ្ពស់បំផុត ទាំងឈុតឆាក និងសម្លៀកបំពាក់របស់សមាជិកម្នាក់ៗ សុទ្ធតែញាក់សាច់ខ្លាំងៗ រួមទាំង CG ដែលបង្កើតឡើងគឺសុទ្ធតែមានគុណភាព សក្ដិសមបំផុតសម្រាប់ភាពល្បីល្បាញលំដាប់កំពូលរបស់ពួកគេ។ ឈុតឆាកក្នុង MV នីមួយៗស្អាតខ្លាំងរហូតដល់អាចយកទៅប្រើជា Wallpaper បានស្រួលៗ។ នេះជាមោទកភាពមួយរបស់ YG ដែលសុខចិត្តចំណាយលុយច្រើន ដើម្បីប្តូរមកជាមួយគុណភាពរបស់បទចម្រៀង។
៤. តិចៗតែខ្លឹម
YG គឺជាផលិតកម្មដែលយកចិត្តទុកដាក់ចំពោះគុណភាពបទចម្រៀងជាខ្លាំង ប្រសិនបើធ្វើចម្រៀងចេញមកមិនត្រូវចិត្ត មិនមានស្តង់ដារ ទោះចំណាយពេលកែច្នៃយូរប៉ុណ្ណាក៏មិនចេញផ្សាយជាដាច់ខាត។ ហើយនេះក៏ជាមូលហេតុដែល BLACKPINK មានបទចម្រៀងតិចណាស់បើប្រៀបធៀបជាមួយក្រុមផ្សេងៗ។

រឿងនេះមានចំណុចល្អ និងចំណុចមិនល្អ។ សម្រាប់ចំណុចល្អគឺ ធ្វើឱ្យអ្នកគាំទ្រកាន់តែចង់ឮចង់ឃើញ និងទទួលបានការគាំទ្រជាខ្លាំងរាល់ពេលចេញបទចម្រៀងថ្មីម្តងៗ ជាពិសេស Blinks ដែលតែងតែគាំទ្រ និងបំបែកកំណត់ត្រាថ្មីគ្រប់ពេល។ ប៉ុន្តែគុណវិបត្តិវិញ ការដែលឱ្យក្រុមបាត់មុខរយៈពេលរាប់ៗឆ្នាំញឹកពេក គឺធ្វើឱ្យពួកគេមិនអាចឆក់យកឱកាសជាច្រើនដែលបានចូលមកខុសពេល Comeback។ ប៉ុន្តែភាពជោគជ័យដែល BLACKPINK ទទួលបាននៅពេលនេះ គឺលើសពីគ្រប់គ្រាន់ ដោយមិនចាំបាច់ស្តាយរឿងកន្លងដែលបានកើតឡើងទេ។
៥. សមាជិកក្រុម
អាចជាចំណុចសំខាន់បំផុតក្នុងវីដេអូមួយនេះក៏ថាបាន ព្រោះគ្រប់យ៉ាងដែល YG បង្កើតឡើងមកមិនអាចជោគជ័យបាននោះទេបើសិនសមាជិកក្នុងក្រុមមិនទទួលបានការស្រលាញ់គាំទ្រ និងទទួលស្គាល់ច្រើនបែបនេះ។ ហើយទម្រាំតែបានក្លាយជាស្រីស្អាតទាំង ៤ នាក់នេះពួកគេបានឆ្លងកាត់ការជ្រើសរើស និងការហ្វឹកហាត់ជាច្រើនឆ្នាំ។ ទោះបីចុងក្រោយពួកគេនៅសល់សមាជិកតែ ៤នាក់ ក៏ប៉ុន្តែអាចនិយាយបានថា BLACKPINK ជាក្រុមដែលអាចបំពេញតម្រូវការរបស់ទស្សនិកជនបានយ៉ាងពិតប្រាកដក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។
បើអ្នកចូលចិត្តនារីដែលមានភាពរឹងមាំ ប៉ុន្តែក៏បង្កប់ភាពគួរឱ្យស្រឡាញ់មិនធម្មតា Jennie គឺជាសមាជិកដែលអ្នកតាមរក។ បើចូលចិត្តសមាជិកដែលពោរពេញដោយភាពកំប្លុកកំប្លែង ហើយតែងតែធ្វើឱ្យមនុស្សខ្លួនញញឹមបាន Jisoo គឺត្រូវតែម្ដង។ បើចូលចិត្តស្រីស្អាត ទឹកដមសំឡេងពីរោះ សម្បូរមន្តស្នេហ៍ Rosé គឺជាចម្លើយ ខណៈដែល Lisa ជាចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នា និងអាចបង្កើតភាពភ្ញាក់ផ្អើលម្តងហើយម្តងទៀត។
ទំនាក់ទំនងរវាងពួកគេទាំងបួននាក់ បានធ្វើឱ្យក្រុមទាំងមូលក្លាយទៅជា Super Group ដែលនរណាៗក៏ចាប់អារម្មណ៍សូម្បីតែម៉ាកផលិតផលធំៗក៏តាមពួកគេឱ្យធ្វើជាទូតផ្សព្វផ្សាយនៃម៉ាកផលិតផលរបស់ខ្លួនដែរ។ ពួកគេម្នាក់ៗក៏មានស្នាដៃផ្សេងៗក្នុងវិស័យហ្វេសិនលំដាប់ពិភពលោក ដែលស្ទើរតែមិនធ្លាប់ពីមុនមកទេក្នុងវិស័យ K-pop។ ការងារក្នុងវិស័យម៉ូដរបស់ពួកគេហាក់រវល់ជាងការងារច្រៀងរាំទៅទៀត រហូតអ្នកគាំទ្រខ្លះបង្អាប់ថាពួកគេមិនមែនអ្នកចម្រៀងទេ ប៉ុន្តែសមជាម៉ូដែលលក់ខោអាវច្រើនជាង។
តាមពិតទៅ បើទោះបីបទចម្រៀងក្រុមមិនសូវបានចេញញឹកញាប់ ប៉ុន្តែសមាជិកម្នាក់ៗគឺសុទ្ធតែមានបទចម្រៀងផ្ទាល់ខ្លួនដែលបានបំបែកកំណត់ត្រាផ្សេងៗ និងអាចប្រកួតប្រជែងជាមួយក្រុមផ្សេងៗបានយ៉ាងធូរ រួមទាំងការងារផ្សេងៗដូចជាការសម្តែងក៏មានជាហូរហែដែរ។ ដូចពាក្យស្លោកនិយាយថា BLACKPINK in your area, BLACKPINK ស្ថិតនៅគ្រប់តំបន់នោះគឺពិតជាមិនខុសមែន។
៦. Blink
សម្រាប់ចំណុចចុងក្រោយនេះក៏អាចចាត់ទុកជាចំណុចសំខាន់បំផុតមួយទៀត នោះគឺក្រុមអ្នកគាំទ្ររបស់ពួកគេដែលមានឈ្មោះថា Blink នោះឯង។ និយាយទៅក្រុមចម្រៀងមិនអាចឡើងមកដល់ចំណុចនេះបានទេបើសិនជាគ្មានការគាំទ្រ ប៉ុន្តែដោយសារតែចំណុចទាំងអស់ដែលបានរៀបរាប់ខាងលើ ទើបធ្វើឱ្យ BLACKPINK ក្លាយជាក្រុមមួយដែលមានអ្នកគាំទ្រច្រើនបំផុតក្នុងវិស័យខេប៉ុប។ Blink សុខចិត្តធ្វើគ្រប់យ៉ាងដើម្បីគាំទ្រសមាជិកក្រុម មិនថាជាការទិញផលិតផល Stream បទចម្រៀង និង MV រួមទាំងជួយផ្សព្វផ្សាយ បង្កើត Page ថ្មីៗដើម្បីឱ្យក្រុមត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ។
ហើយអ្វីដែលគួរឱ្យកោតសរសើរខ្លាំងសម្រាប់ Blink គឺពួកគេមានភាពអត់ធ្មត់ក្នុងការរង់ចាំណាស់។ ដូចដែលបានរៀបរាប់ខាងដើម ស្នាដៃរបស់ BLACKPINK មិនសូវបានបញ្ចេញញឹកញាប់ដូចក្រុមផ្សេងៗទេ។ មានពេលជាច្រើនដែលក្រុមគ្មានសកម្មភាព គ្មានព័ត៌មានថ្មីអ្វីទាំងអស់ ប៉ុន្តែ Blink បានធ្វើការបង្កើត Content ថ្មីៗដោយខ្លួនឯង និងបង្កើតឆានែលជជែកកម្សាន្ត ចែករំលែកពីសកម្មភាពរបស់ក្រុមជាប្រចាំថ្ងៃ បង្កើតសង្គមដ៏រឹងមាំមួយដើម្បីរង់ចាំការត្រឡប់មកវិញរបស់ BLACKPINK ហើយនៅពេលថ្ងៃនោះមកដល់ វានឹងក្លាយជារង្វាន់ដ៏ធំសម្រាប់ Blink ទាំងអស់ឱ្យមានភាពសប្បាយរីករាយ និងក្តីសុខយ៉ាងពេញទំហឹង ជាការតបស្នងការទន្ទឹងរង់ចាំរបស់ពួកគេ ៕
























































Account
Security
Favourite Content