នៅថ្ងៃទី ២៩ ខែមករានេះ កម្មវិធី 2024 MBC Gayo Daejejeon បានចាក់ផ្សាយការសម្ដែងជុំក្រុមជាលើកចុងក្រោយរបស់ក្រុមតារាចម្រៀងខេប៉ុបនារី fromis_9 ជាមួយនឹងបទចម្រៀងថ្មីចុងក្រោយបង្អស់ Supersonic។

ក្រោយពីចំណាយពេល ៧ឆ្នាំជុំគ្នា ក្នុងនាមជាក្រុម fromis_9 នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ សមាជិកទាំង ៨នាក់បានសម្រេចមិនបន្តកិច្ចសន្យាផ្ដាច់មុនរបស់ខ្លួនជាមួយនឹងភ្នាក់ងារ Pledis Entertainment ដោយម្នាក់ៗបានសម្រេចចិត្តដើរលើវិថីថ្មីៗរៀងៗខ្លួន។ នេះបើយោងតាមការរាយការណ៍របស់ allkpop។
ក្នុងការសម្ដែងជុំគ្នារបស់សមាជិកទាំង ៨រូប នៅក្នុងកម្មវិធី 2024 MBC Gayo Daejejeon ម្នាក់ៗនៅតែបង្ហាញការតាំងចិត្តលើការសម្ដែងរបស់ខ្លួនដូចដើម រហូតបញ្ចប់បានដោយរលូន។ ដោយឡែក នៅពេលចប់ សមាជិក២ រូបគឺ Baek Ji Heon និង Lee Chae Young បានបង្ហាញអារម្មណ៍រំជួលចិត្ត មុនពេលដែលអ្នកទាំង ៨បែកគ្នា។
គួររំឭកថា នៅថ្ងៃទី២៦ ខែមករាដែលទើបតែកន្លងទៅនេះ សមាជិកចំនួន ៥រូប រួមមាន Song Ha Young, Park Ji Won, Lee Na Gyung, Lee Chae Young, និង Baek Ji Heon បានសម្រេចចិត្តចុះកិច្ចសន្យាជាមួយនឹងភ្នាក់ងារថ្មីមានឈ្មោះថា ASND។ ទន្ទឹមនឹងនេះ ក៏មានព័ត៌មានលេចឮដែរថា តារាស្រីទាំងនេះក៏កំពុងតែធ្វើការចរចាជាមួយនឹងអតីតភ្នាក់ងាររបស់ខ្លួន ក្នុងការបន្តប្រើប្រាស់ឈ្មោះក្រុមចាស់ fromis_9។
ដោយឡែក សមាជិក ៣រូបផ្សេងទៀត ដូចជា Lee Sae Rom, Lee Seo Yeon និង Roh Ji Sun មិនបានធ្វើការចុះកិច្ចសន្យាថ្មីជាមួយនឹងសមាជិកដទៃឡើយ ដោយម្នាក់ៗបានសម្រេចបន្តអាជីពសិល្បៈដោយផ្ទាល់ខ្លួន មិនមែនជាសមាជិកក្រុមដូចដើម។
គួរបញ្ជាក់ដែរថា fromis_9 ជាក្រុមនារីដែលបានបង្កើតឡើង ដោយមានសមាជិកដើមចំនួន៩នាក់ តាមរយៈកម្មវិធីប្រកួតប្រជែង Idol School កាលពីឆ្នាំ២០១៧ មុននឹង Jang Gyu-ri បានចាកចេញពីក្រុមនៅក្នុងឆ្នាំ ២០២២៕
























Account
Security
Favourite Content