ក្តៅៗមុននេះបន្តិច ផលិតកម្មបារមី បានប្រកាសថាតារាចម្រៀងប្រចាំផលិតកម្ម ៣ រូប នឹងចេញទៅច្រៀងសម្តែងនៅសហរដ្ឋអាមេរិកលើកដំបូង នៅពាក់កណ្តាលឆ្នាំក្រោយ។ ក្នុងនោះមាន វណ្ណដា, វណ្ណថាន និង Sophia Kao ក៏ចេញទៅច្រៀងនៅឯនាយសមុទ្រជាមួយគ្នាផងដែរ។
Sabaidee Fest ជាកម្មវិធីដែល វណ្ណដា,វណ្ណថាន និង Sophia Kao នឹងចេញទៅសម្តែងនៅទីនោះ។ កម្មវិធីនេះ នឹងប្រារព្ធឡើងនៅថ្ងៃទៅ ១៤ ដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ នៅ PRADO PARK, CHINO រដ្ឋ CALIFORNIA។
ភ្ជាប់ជាមួយរូប poster ផ្លូវការនោះ ម្ចាស់បទ «មហិច្ឆតា» ក៏បានបង្ហាញអារម្មណ៍រំភើប ខណៈដែលលោកជិតបានទៅជួបហ្វេនៗនៅឯនាយសមុទ្រដោយផ្ទាល់ ពិសេសប្រជាជនកម្ពុជាដែលរស់នៅសហរដ្ឋអាមេរិក ហើយតែងតែទន្ទឹងរង់ចាំឱ្យលោកទៅច្រៀងនៅទីនោះ។ ពេលនេះក្តីស្រមៃកំពុងក្លាយជាការពិតហើយ។ វណ្ណដា រៀបរាប់ឡើងថា «ខ្ញុំបានទន្ទឹងរង់ចាំពេលវេលានេះយូរណាស់មកហើយ។ ទីបំផុត នេះជាលើកដំបូងដែលខ្ញុំបានទៅសម្តែងនៅអាមេរិក និងបានជួបហ្វេនៗ ក៏ដូចជាបងប្អូនខ្មែរដែលរស់នៅទីនោះ ដែលតែងតែចង់ការសម្តែងរបស់ខ្ញុំនៅក្រៅប្រទេស។ Sabaidee Fest, ជួបគ្នាឆ្នាំក្រោយ!»។
គ្រាន់តែទទួលដំណឹងនេះភ្លាម ហ្វេនៗរាប់ពាន់អ្នកបានចូលរួមសម្តែងការអបអរដល់ វណ្ណដា និងតារាចម្រៀងរបស់ បារមី ថែមទាំងបានចែករំលែកដំណឹងនេះលើបណ្តាញសង្គមយ៉ាងព្រោងព្រាតទៀតផង ដើម្បីឱ្យអ្នកផ្សេងទៀតបានពីសក្កានុពលដែលសិល្បករខ្មែរយើង កំពុងសាយភាយទៅដល់ទីផ្សារអន្តរជាតិ៕