កាលពីថ្មីៗ នេះតារាប្រុសហុងកុងមានឈ្មោះបោះសំឡេងលោក Mat Yeung ត្រូវបានតុលាការហុងកុងសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ថ្ងៃ និងផាកពិន័យប្រាក់ប្រមាណជិត ៦០០ ដុល្លារអាមេរិកពីបទបើកបរទាំងគ្មានស្មារតី និងមានជាតិស្រវឹងក្នុងខ្លួន។

បន្ទាប់ពីបានត្រូវគេដោះលែងចេញមកក្រៅឱ្យមានសេរីភាពវិញ លោកបាននិយាយរៀបរាប់ទាំងទឹកភ្នែកប្រាប់អ្នកកាសែតទាក់ទងនឹងរឿងជាប់ពន្ធនាគារ។ លោកបានលើកឡើងថា កំហុសលើកនេះធ្វើឱ្យលោកស្វាងស្មារតី និងត្រូវតែប្រុងប្រយ័ត្នឱ្យបានច្រើនជាងមុន។
លោកបានលើកឡើងថា៖ ជីវិតក្នុងពន្ធនាគារពិតជាមិនស្រួលឡើយ លោកត្រូវក្រោកម៉ោង ៦ ព្រឹកជារៀងរាល់ថ្ងៃ។ បន្ទាប់ពីហូបអាហាររួច និងមានគ្រូពេទ្យមកជួបពិនិត្យ តែមិនយូរឡើយ ពេលវេលានៅសេសសល់គឺលោកត្រូវចំណាយក្នុងបន្ទប់តូច ៤ ជ្រុងម្នាក់ឯង។

លោកបន្ដថា៖ លោកមិនអាចធ្វើអ្វីក្រៅពីអង្គុយមើលជញ្ជាំងតែឯង និងមើលសៀវភៅ។ បរិយាកាសស្ងប់ស្ងាត់ពិតជាគួរឱ្យខ្លាច អ្វីដែលសំខាន់វាធ្វើឱ្យលោកគិតកាន់តែច្រើន និងស្មុគស្មាញលើសដើមមួយកម្រិតទៀត។ លើសពីនេះ នៅពេលដែលលោកទទួលបានសំបុត្រពីក្រុមគ្រួសារ និងមិត្តស្រី កាន់តែធ្វើឱ្យលោកមានអារម្មណ៍ខុសឆ្គង។
លោកបន្ថែមថា៖ ចាប់ពីពេលនេះទៅ លោកនឹងប្រឹងប្រែងធ្វើការ មិនសាងកំហុសម្ដងទៀតឡើយ ហើយពេលទំនេរលោកនឹងទៅធ្វើការស្ម័គ្រចិត្ត។
គួរបញ្ជាក់ដែរថា តារាប្រុស Mat Yeung លេចមុខក្នុងរឿងភាគហុងកុងជាច្រើនដូចជា Captain Of Destiny, Apple-coladam, Bet Hur និងរឿងមួយចំនួនទៀតដែលប្រិយមិត្តស្គាល់តាមរយៈចំណងជើងខ្មែរគឺ បេសសកម្មក្រុមឥន្ទ្រី, កណ្ដាប់ដៃបងប្អូនទាំងបី ជាដើម៕
























Account
Security
Favourite Content