អាចនិយាយបានថា ២០២៤ គឺជាឆ្នាំដ៏ច្របូកច្របល់មួយសម្រាប់វិស័យ K-Pop ខណៈមានការរំសាយដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមជាច្រើន។ ខណៈក្រុមចម្រៀងបុរសភាគច្រើនឡើងកូដស្រឺតៗ ប៉ុន្តែងាកមកផ្នែកក្រុមនារីវិញបែរជាជួបរឿងល្អក់កករបន្តបន្ទាប់។ ខាងក្រោមនេះ AMS នឹងបង្ហាញក្រុមចម្រៀងស្រី ៧ក្រុមដែលបានរំសាយ និងមានរឿងចាកចេញពីផលិតកម្មក្នុងឆ្នាំនេះ ដែលធ្វើឱ្យអនាគតរបស់ពួកគេស្ថិតក្នុងភាពមិនច្បាស់លាស់៖
១. Cherry Bullet

ក្រុមនេះបានបង្ហាញខ្លួនក្នុងខែមករា ឆ្នាំ ២០១៩ ជាមួយនឹងអាល់ប៊ុមទោលដំបូង Let’s Play Cherry Bullet ។ ទោះបីជានៅពេលនោះ ពួកគេគឺជាក្រុមមានសមាជិក ១០ នាក់ ប៉ុន្តែនៅក្នុងខែធ្នូ ឆ្នាំ ២០១៩ សមាជិកបីនាក់បានបញ្ចប់កិច្ចសន្យាជាមួយ FNC Entertainment ហើយបានចាកចេញពីក្រុម។ ចុងក្រោយសមាជិករបស់ Cherry Bullet នៅសល់គ្នា ៧ នាក់គឺ Haeyoon, Yuju, Bora, Jiwon, Remi, Chaerin និង May ។ បន្ទាប់ពីមានសកម្មភាពរយៈពេល ៥ ឆ្នាំ ក្រុមនេះបានរំសាយជាផ្លូវការនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ បន្ទាប់ពីសមាជិក ៤ នាក់ក្នុងចំណោម ៧ នាក់បានបញ្ចប់កិច្ចសន្យារបស់ពួកគេជាមួយភ្នាក់ងារ។
២. NATURE

NATURE ចេញដំបូងក្នុងឆ្នាំ ២០១៨ ជាមួយនឹងអាល់ប៊ុម Girls and Flowers។ ក្រុមដែលមានសមាជិកប្រាំបួននាក់មួយនេះមានសកម្មភាពហូរហែរ និងបានចេញបទចម្រៀងជាញឹកញាប់រហូតដល់ឆ្នាំ ២០២២ នៅពេលដែលពួកគេបានចេញអាល់ប៊ុមតូចចុងក្រោយ NATURE World: Code W។ ក្នុងខែធ្នូ ឆ្នាំ ២០២៣ កិច្ចសន្យារបស់ពួកគេជាមួយស្លាកយីហោជប៉ុន PonyCanyon ត្រូវបានបញ្ចប់។ ប៉ុន្មានខែក្រោយមក នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤ NATURE ក៏ត្រូវបានរំសាយ។ ការប្រកាសនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីមានការបង្ហាញថាសមាជិកម្នាក់ក្នុងចំណោមសមាជិកជប៉ុនរបស់ក្រុមនេះគឺ Haru កំពុងធ្វើការជានារីកំដរភ្ញៀវក្នុងបារប្រទេសជប៉ុន។
៣. WEKI MEKI

WEKI MEKI បានបង្ហាញខ្លួនជាលើកដំបូងក្រោមស្លាកផលិតកម្ម Fantagio ក្នុងឆ្នាំ ២០១៧ ជាក្រុមដែលមានសមាជិកប្រាំបីនាក់។ ក្រុមចម្រៀងស្រីមួយនេះបានរីករាយនឹងអាជីពរយៈពេលប្រាំពីរឆ្នាំ ដោយបានចេញអាល់ប៊ុមតូចចំនួន ៥ និងអាល់ប៊ុមចម្រៀងទោលពីរ។ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ ពួកគេបានចេញបទចម្រៀងចុងក្រោយ “CoinciDestiny” ហើយពីរខែក្រោយមក នៅថ្ងៃទី ១៦ ខែសីហា ក៏បានរំសាយក្រុមជាផ្លូវការ។
៤. NewJeans

ស្របពេលមានជម្លោះផ្លូវច្បាប់អូសបន្លាយជាយូររវាង HYBE, ADOR និងអតីតនាយកប្រតិបត្តិ ADOR Min Hee Jin ថ្មីៗនេះ NewJeans បានសម្រេចចិត្តចែកផ្លូវជាមួយភ្នាក់ងាររបស់ពួកគេ។ ការប្រកាសនេះត្រូវបានធ្វើឡើងដោយសមាជិកផ្ទាល់តាមរយៈសន្និសីទសារព័ត៌មានបន្ទាន់មួយនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ទោះបីជាសមាជិកទាំងនោះច្បាស់ថាពួកគេនឹងនៅជាមួយគ្នាជាក្រុម និងបន្តសកម្មភាពរបស់ពួកគេក្ដី ប៉ុន្តែពួកគេក៏ទទួលស្គាល់ផងដែរនូវលទ្ធភាពនៃការមិនអាចប្រើឈ្មោះ “NewJeans” ដោយសារបញ្ហាកម្មសិទ្ធិបញ្ញា។ មកដល់ពេលនេះ ជោគវាសនារបស់ NewJeans នៅតែមិនប្រាកដប្រជានៅឡើយ។
៥. LOOSSEMBLE

LOOSSEMBLE ដែលមានអតីតសមាជិកក្រុម LOONA ដូចជា Hyujin, Yeojin, ViVi, Gowon, និង Hyeju បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០២៣ បន្ទាប់ពីសមាជិក LOONA ទាំងអស់បានបញ្ចប់កិច្ចសន្យាផ្តាច់មុខជាមួយនឹងផលិតកម្មចាស់របស់ពួកគេ។ ប៉ុន្តែក្រោយរយៈពេលជាងមួយឆ្នាំ នៅថ្ងៃទី ២៩ ខែវិច្ឆិកា CTDENM បានប្រកាសថាកិច្ចសន្យាផ្តាច់មុខរបស់សមាជិកជាមួយក្រុមហ៊ុនបានផុតកំណត់ហើយ។ ដោយសារមិនមានការពិភាក្សាអំពីការបន្តកុងត្រាថ្មី ធ្វើឱ្យអ្នកគាំទ្រ LOOSSEMBLE មានការបារម្ភអំពីលទ្ធភាពថាព័ត៌មាននេះអាចជាព័ត៌មានរំសាយជាថ្មីរបស់ពួកគេ។
៦. fromis_9

បន្ទាប់ពីបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០១៨ ក្រោមផលិតកម្ម Pledis ក្រុម fromis_9 បានបញ្ចេញអាល់ប៊ុម EPs ចំនួន ៥ អាល់ប៊ុមចម្រៀងទោលចំនួន ៥ អាល់ប៊ុមស្ទូឌីយោពេញមួយ និងបទចម្រៀងជាច្រើន។ យ៉ាងណាមិញ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ក្រុមហ៊ុន Pledis Entertainment បានប្រកាសថាកិច្ចសន្យាផ្តាច់មុខរបស់ពួកគេត្រូវបានកំណត់ថានឹងផុតកំណត់នៅថ្ងៃទី ៣១ ខែធ្នូ ខណៈសមាជិកក្រុមនឹងចេញបទចម្រៀងចុងក្រោយមួយនៅថ្ងៃទី ២៣ ខែធ្នូ មុនពេលចាកចេញពីផលិតកម្ម។
៧. Cignature

Cignature បានបង្ហាញខ្លួនជាក្រុមមានសមាជិកប្រាំបួននាក់ក្នុងខែកុម្ភៈ ឆ្នាំ ២០២០ ក្រោមផលិតកម្ម C9 Entertainment ។ ក្រុមនេះបានកសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញក្នុងរយៈពេល ៤ ឆ្នាំ តាមរយៈអាល់ប៊ុម EPs ចំនួន ៥ និងអាល់ប៊ុមចម្រៀងទោលចំនួន ៧ ។ មិនតែប៉ុណ្ណោះ ពួកគេក៏បានឈ្នះពានរង្វាន់ Blooming Star Awards នៅកម្មវិធី Hanteo Music Awards ឆ្នាំ ២០២៣ ដែលជាជោគជ័យដ៏ធំមួយសម្រាប់ក្រុម។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំដដែលនោះ សមាជិក Cignature Belle បានចូលរួមក្នុងកម្មវិធី SBS survival show Universe Ticket និងទទួលបានឱកាសក្នុងការ Debut ក្នុងក្រុម Unis។ នៅខែមករាឆ្នាំ ២០២៤ C9 Entertainment បានប្រកាសថា Belle នឹងត្រូវផ្សព្វផ្សាយជាសមាជិករបស់ Unis សម្រាប់រយៈពេល ២ ឆ្នាំកន្លះ ខណៈសមាជិក Cignature ដែលនៅសល់នឹងបន្តជាក្រុមដែលមានសមាជិកប្រាំមួយនាក់។ ទោះយ៉ាងណា នៅថ្ងៃទី ៣ ខែធ្នូ ក្រុមហ៊ុនបានប្រកាសថាសមាជិក Cignature ទាំងអស់បានយល់ព្រមជាឯកច្ឆ័ន្ទដើម្បីបញ្ចប់សកម្មភាពរបស់ពួកគេនៅថ្ងៃទី ៣០ ខែវិច្ឆិកា ហើយក្រុមនេះត្រូវបានរំសាយជាផ្លូវការ ៕























Account
Security
Favourite Content