អាចនិយាយបានថាឧស្សាហកម្មកម្សាន្តចិនបានឆ្លងកាត់ឆ្នាំដ៏ច្របូកច្របល់មួយក្នុងឆ្នាំ ២០២៥ ខណៈមានការបាត់បង់ដែលមិននឹកស្មានដល់ រឿងអាស្រូវ ការវិលត្រឡប់មកវិញ និងការផ្លាស់ប្តូរសំខាន់ៗជាច្រើន។ ខាងក្រោមនេះគឺជាព្រឹត្តិការណ៍ចំនួន ១០ ដែលត្រូវបានគេនិយាយច្រើនបំផុតសម្រាប់ C-entertainment ក្នុងឆ្នាំ ២០២៥។
១. ការស្លាប់ភ្លាមៗរបស់ Barbie Hsu នៅប្រទេសជប៉ុន

មរណភាពមិននឹកស្មានដល់របស់ Barbie Hsu កាលពីដើមខែកុម្ភៈបានធ្វើឱ្យទស្សនិកជនទូទាំងអាស៊ីភ្ញាក់ផ្អើល។ ជានិមិត្តរូបដ៏សំខាន់សម្រាប់វិស័យទូរទស្សន៍តៃវ៉ាន់ដើមទសវត្សរ៍ឆ្នាំ ២០០០ នាងបានបន្សល់ទុកនូវស្នាដៃដែលមិនអាចបំភ្លេចបានតាមរយៈរឿងភាគ F4 ឬ Meteor Garden។ ទោះបីជាបានចាកចេញពីសិល្បៈអស់រយៈពេលជាងមួយទសវត្សរ៍ក៏ដោយ តែចំណាប់អារម្មណ៍សាធារណៈបានកើនឡើងបន្ទាប់ពីការស្លាប់របស់នាង ទាំងការរៀបចំពិធីបុណ្យសព និងទុក្ខសោកក្នុងគ្រួសារ រហូតដល់ជម្លោះផ្លូវច្បាប់ដែលពាក់ព័ន្ធនឹងអតីតស្វាមីរបស់នាងគឺ Wang Xiaofei និងអនាគតកូនៗរបស់នាង។ ការស្លាប់របស់នាងបានក្លាយជារឿងដែលត្រូវបានចុះផ្សាយច្រើនបំផុតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយភាសាចិនក្នុងឆ្នាំ ២០២៥។
២. អាថ៌កំបាំងជុំវិញការស្លាប់របស់ Yu Menglong

តារាសម្តែង Yu Menglong ដែលត្រូវបានគេស្គាល់ដោយសាររឿងភាគបុរាណៗជាច្រើន បានទទួលមរណភាពភ្លាមៗកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងវ័យ ៣៧ឆ្នាំ។ ខណៈដែលក្រុមគ្រួសាររបស់លោកបានបញ្ជាក់ថាវាជាគ្រោះថ្នាក់ ការប៉ាន់ស្មាននានាតាមអ៊ីនធឺណិតនៅតែបន្តលេចឡើង ដែលបង្កើនការព្រួយបារម្ភអំពីសម្ពាធសុខភាពផ្លូវចិត្តនៅក្នុងឧស្សាហកម្មកម្សាន្តដែលមានការប្រកួតប្រជែងខ្ពស់។ ហេតុការណ៍នេះបានបង្កឱ្យមានការជជែកវែកញែកយ៉ាងទូលំទូលាយ និងបានទាញយោងអ្នកមានមុខមាត់ក្នុងវិស័យផ្សេងទៀតឱ្យចូលទៅក្នុងភាពចម្រូងចម្រាស។
៣. រឿងភាគបែបបុរាណ (Xianxia) បាត់បង់ឥទ្ធិពល

ធ្លាប់ជាឆ្អឹងខ្នងនៃវិស័យទូរទស្សន៍ចិន ប៉ុន្តែមួយឆ្នាំចុងក្រោយរឿងភាគបែបបុរាណបានប្រឈមមុខនឹងការបាត់បង់ទស្សនិកជនយ៉ាងច្បាស់។ សាច់រឿងដដែលៗ និងការពឹងផ្អែកខ្លាំងពេកលើ Visual Effect បាននាំឱ្យមានការធ្លាក់ចុះអត្រាអ្នកទស្សនា (Rating) ដែលបង្ខំឱ្យផលិតករត្រូវពិចារណាឡើងវិញមុនផលិតរឿងប្រភេទនេះ។ ខណៈដែលរឿងភាគដូចជា The Immortal Ascension និង White Moon Brahma Star បានទាក់ទាញចំណាប់អារម្មណ៍ខ្លះ ប៉ុន្តែយុគមាសនៃភាពយន្តប្រភេទនេះហាក់ដូចជាកំពុងរសាត់បាត់ទៅហើយ។
៤. ការវិលត្រឡប់មកវិញរបស់ Song Zuer និង Yang Yang

បន្ទាប់ពីផ្អាកការងារយៈពេលយូរដោយសារតែពាក្យចចាមអារ៉ាមអំពីការគេចពន្ធ Song Zuer បានវិលត្រឡប់មកវិញជាមួយនឹងគម្រោងដែលបានថតទុករួចគឺ The Demon Hunter’s Romance និង The Prisoner of Beauty ដែលទទួលបានការសរសើរចំពោះការសម្ដែងដ៏មានស្ថេរភាពរបស់នាង និង Chemistry ដ៏ស័ក្ដិសមជាមួយ Liu Yuning។

ទន្ទឹមនឹងនេះ តារាប្រុស Yang Yang ក៏បានវិលត្រឡប់មកវិញដែរជាមួយរឿង The Immortal Ascension ដោយទទួលបានមតិប្រតិកម្មវិជ្ជមានសម្រាប់ការសម្តែងរបស់លោកទោះបីជាមានប្រតិកម្មចម្រុះចំពោះរឿងភាគនេះក៏ដោយ។
៥. Fan Bingbing ឈ្នះពានរង្វាន់ Golden Horse Award ប៉ុន្តែមិនអាចចូលរួមបាន

ទោះបីជា Fan Bingbing បានឈ្នះពានរង្វាន់តួឯកស្រីឆ្នើមនៅឯកម្មវិធី Golden Horse Awards សម្រាប់រឿង Mother Earth ក៏ដោយ ប៉ុន្តែនាងនៅតែអវត្តមាននៅក្នុងពិធីប្រគល់រង្វាន់។ ទោះបីជាមានការសរសើរយ៉ាងខ្លាំងចំពោះការសម្តែងរបស់នាង តែការរឹតបន្តឹងជាបន្តបន្ទាប់ចំពោះនាងនៅក្នុងដីគោកចិននៅតែត្រូវបានគេមើលខើញ ដែលបង្ហាញពីឧបសគ្គចំពោះការវិលត្រឡប់មកវិញយ៉ាងពេញលេញរបស់អតីតកំពូលតារាស្រីរូបនេះ បន្ទាប់ពីរឿងអាស្រូវគេចវេះបង់ពន្ធ។
៦. សារសំឡេងបែកធ្លាយធ្វើឱ្យ Wong Kar-wai ស្ថិតក្រោមការរិះគន់

អ្នកដឹកនាំរឿងដ៏ល្បីល្បាញ Wong Kar-wai បានប្រឈមមុខនឹងប្រតិកម្មតបវិញបន្ទាប់ពីសារសំឡេងលេចធ្លាយចេញផ្សាយដោយអតីតជំនួយការម្នាក់ បង្ហាញថាលោកបានបង្ហាញមតិយោបល់មិនពេញចិត្តចំពោះតារាសម្តែងស្រីជាច្រើន និងជម្លោះលើភាពជាម្ចាស់ស្គ្រីបរបស់រឿង Blossoms Shanghai។ ហេតុការណ៍នេះបានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកដែលបានថែរក្សាយ៉ាងប្រុងប្រយ័ត្នត្រូវខូចខាត និងបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំង។
៧. រឿងអាស្រូវគេចវេះពីការបម្រើយោធារបស់តារាល្បីៗ

តារាល្បីៗតៃវ៉ាន់ជាច្រើននាក់ត្រូវបានចោទប្រកាន់ក្នុងករណីគេចវេះពីការបម្រើយោធា ដោយករណីទាំងនេះបានលាតត្រដាងពីបណ្តាញនានាពាក់ព័ន្ធនឹងកំណត់ត្រាវេជ្ជសាស្ត្រក្លែងក្លាយ។ តារាល្បីៗដូចជា Chen Bolin បានប្រឈមមុខនឹងការដកចេញពីផ្សេងៗ និងបាត់បង់កេរ្តិ៍ឈ្មោះ ដែលបង្កឱ្យមានការពិភាក្សាឡើងវិញអំពីឯកសិទ្ធិរបស់តារាល្បីៗ និងការទទួលខុសត្រូវក្នុងនាមជាប្រជាពលរដ្ឋ។
៨. ជម្លោះដ៏ចម្រូងចម្រាសរបស់ Zhao Lusi និងភ្នាក់ងារ

Zhao Lusi បានទាក់ទាញចំណាប់អារម្មណ៍ចំពោះការបង្ហាញបញ្ហាផ្ទាល់ខ្លួនជាសាធារណៈ និងការផ្សាយផ្ទាល់ជាបន្តបន្ទាប់ ដែលនាំឱ្យមានការព្រួយបារម្ភអំពីសុខភាពផ្លូវចិត្ត និងជម្លោះរបស់នាងជាមួយភ្នាក់ងារគ្រប់គ្រង ។ ករណីរបស់នាងបានបន្លឺឡើងនូវជម្លោះផ្លូវច្បាប់ស្រដៀងគ្នាដែលពាក់ព័ន្ធនឹងសិល្បករដូចជា Cai Xukun និង G.E.M. ដោយបង្ហាញពីបញ្ហាជាប្រព័ន្ធក្នុងការគ្រប់គ្រងសិល្បករ។
៩. Chen Xiao និង Michelle Chen ប្រកាសលែងលះគ្នា

គូស្នេហ៍សំណព្វចិត្តអ្នកគាំទ្រ Chen Xiao និង Michelle Chen បានប្រកាសលែងលះគ្នាដោយស្ងាត់ៗបន្ទាប់ពីរៀបការបានប្រាំបួនឆ្នាំ។ គូស្នេហ៍ដែលបានជួបគ្នាពេលថតរឿង The Romance of the Condor Heroes បានបញ្ចប់ទំនាក់ទំនងរបស់ពួកគេដោយគ្មានជម្លោះជាសាធារណៈឡើយ ដែលធ្វើឱ្យពួកគេទទួលបានការគោរពទោះបីជាមានការខកចិត្តពីអ្នកគាំទ្រក៏ដោយ។
១០. ការជួបជុំគ្នាឡើងវិញរបស់ F4 ត្រូវបរាជ័យ

ការជួបជុំគ្នាឡើងវិញរបស់ F4 ដែលមានសមាជិកចូលរួមដូចជា Jerry Yan, Vic Chou និង Vanness Wu បានបង្កឱ្យមានការរំភើបសម្រាប់អ្នកគាំទ្រពួកគេតាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ និង ៩០។ ទោះជាយ៉ាងណាក៏ដោយ អវត្តមានរបស់ Ken Chu ដោយសារតែភាពចម្រូងចម្រាសម្តងហើយម្តងទៀតបានធ្វើឱ្យការជួបជុំគ្នាពេញលេញមិនអាចកើតឡើងបាន។ សមាជិកនៅសល់ទាំង ៣ រូបបានបន្តទៅមុខជាមួយនឹងការសហការថ្មីៗ ដែលធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍ស្រងាកចិត្តបន្តិច ៕


























Account
Security
Favourite Content