ក្រុមចម្រៀងខេប៉ុប Tomorrow X Together ឬ TXT បានចាប់ដៃគូជាមួយអង្គការ Unicef សម្រាប់យុទ្ធនាការជាសាកលមួយ ដើម្បីគាំទ្រដល់សុខុមាលភាពផ្លូវចិត្តរបស់យុវវ័យ។ នេះបើតាម ទីភ្នាក់ងាររបស់ពួកគេ BigHit Music បានឱ្យដឹងកាលពីថ្ងៃទី១ ខែតុលា។

យោងតាមសេចក្ដីថ្លែងការណ៍ TXT និងទីភ្នាក់ងាររបស់ពួកគេនឹងបរិច្ចាគថវិកាចំនួន ១.៤ លានដុល្លារដល់ Unicef ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ មូលនិធិនេះនឹងត្រូវបានប្រើដើម្បីគាំទ្រកម្មវិធីសុខភាពផ្លូវចិត្តដែលជួយដល់កុមារ និងមនុស្សវ័យជំទង់ដែលត្រូវការជំនួយ ក៏ដូចជាការបណ្តុះបណ្តាលសម្រាប់អ្នកជំនាញផងដែរ។
ពិធីផ្លូវការមួយត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ Unicef ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារ សម្រាប់យុទ្ធនាការមានឈ្មោះថា “Together for Tomorrow” ឬ “រួមគ្នាសម្រាប់ថ្ងៃស្អែក” ដោយមានការចូលរួមពីសមាជិកទាំងប្រាំនាក់គឺ Yeonjun, Soobin, Beomgyu, Taehyun និង Hueningkai ជាមួយនាយកប្រតិបត្តិរបស់ Unicef លោកស្រី Catherine Russell។

ឡើងថ្លែងសុន្ទរកថាលើវេទិកា Soobin បានចែករំលែកពីឥទ្ធិពលនៃអាជីពចម្រៀងរបស់ក្រុមមកលើជីវិតរបស់ពួកគេសម្រាប់រយៈពេលប្រាំមួយឆ្នាំកន្លងមក។ លោកបាននិយាយជាភាសាអង់គ្លេសថា “នៅក្នុងបទចម្រៀងរបស់យើង យើងបានបើកចំហអំពីការព្រួយបារម្ភ ការភ័យខ្លាច និងក្តីសង្ឃឹមរបស់យើងសម្រាប់ថ្ងៃស្អែក” ។ “ពីជុំវិញពិភពលោក មនុស្សជាច្រើនបានប្រាប់យើងថា ពួកគេបានទទួលការលួងលោមតាមរយៈបទចម្រៀងរបស់យើង […] យើងបានដឹងថាការបង្ហាញពីអារម្មណ៍គឺជាសញ្ញានៃភាពរឹងមាំ។ ដូច្នេះ ភាពជាដៃគូនេះមិនមែនកើតចេញពីឱកាសនោះទេ។ ខ្ញុំអាចនិយាយដោយមោទនភាពថាវាគឺជាលទ្ធផលនៃដំណើរតន្ត្រីដ៏វែងឆ្ងាយរបស់យើង ការប្តេជ្ញាចិត្តផ្ទាល់ខ្លួន និងតម្លៃដែលបានចែករំលែក។”
ចំណែក Russell បានចែករំលែកថា “ការធំឡើងអាចជាពេលវេលាដ៏លំបាកមួយ។ កុមារ និងមនុស្សវ័យក្មេងនិយាយថាពួកគេតែងតែជួបប្រទះការមាក់ងាយនៅពេលនិយាយអំពីសុខភាពផ្លូវចិត្តរបស់ពួកគេ ហើយពួកគេតែងព្យាយាមស្វែងរកធនធានផ្សេងៗដើម្បីជាជំនួយ។ សារនៃការយល់ចិត្ត និងលើកទឹកចិត្តរបស់ TXT បានបង្កើតកន្លែងបន្ថែមទៀតសម្រាប់ការសន្ទនាអំពីសុខភាពផ្លូវចិត្ត និងជួយឱ្យយុវជនអាចបង្កើនជំនាញ និងទំនុកចិត្តដែលពួកគេត្រូវការដើម្បីរីកចម្រើនទៅអនាគត” ៕


























Account
Security
Favourite Content