ជាដំណឹងរីករាយដោយតារាចម្រៀង និងជាតារាសម្តែង ប៊ុនថុល ប៊ុនថង ហៅ ថមមី ស្វាមីតារាចម្រៀងប្រចាំផលិតកម្មហង្សមាស សួស វីសា បានប្រកាសឱ្យដឹងថា គ្រួសារលោកត្រៀមពង្រីកសមាជិក ថែមម្នាក់ទៀតនៅឆ្នាំក្រោយនេះ ពោលគឺពង្រីកពី ៣ នាក់ ទៅជា ៤នាក់។ មិនតែប៉ុណ្ណោះ លោកថែមទាំងបញ្ជាក់ថា សមាជិកម្នាក់ទៀតរបស់លោកគឺជាកូនប្រុស។

តារាប្រុសពូកែវោហារស័ព្ទ និងពាក្យពេចន៍កំប្លុកកំប្លែងរូបនេះបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការលោក កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ថា «គ្រួសារខ្ញ៉ំពេលនេះ៣នាក់ ឆ្នាំក្រោយថែមសមាជិកកូនប្រុសម្នាក់ទៀតអោយស្មើភាពគ្នា បាន២គូរទៅណាមកណា»។

យ៉ាងណាមិញ គេសង្ស័យថា ថមមី និងភរិយា អាចនឹងជ្រើសរើសមធ្យោបាយបច្ចេកវិទ្យាបែបវេជ្ជសាស្រ្តទំនើប ដើម្បីអាចកំណត់ភេទកូនតាមអ្វីដែលខ្លួនចង់បាន ទើបលោកមើលទៅហាក់ប្រាកដប្រជាលើរឿងភេទកូនបែបនេះ។ តួយ៉ាង កាលទើបរៀបការថ្មីថ្មោង ប្តីប្រពន្ធគូនេះធ្លាប់ទៅពេទ្យនៅប្រទេសថៃ ដើម្បីពិភាក្សាជាគ្រូពេទ្យជំនាញពីការយកកូនម្តងរួចមកហើយ។ ទោះជាយ៉ាងនេះក្តី គ្រាន់តែប៉ាប៉ា ជេននី បង្ហោះបែបនេះភ្លាម អ្នកគាំទ្រនាំគ្នាអបអរគ្រប់គ្នា ថែមទាំងជូនពរឱ្យប្តីប្រពន្ធគូនេះឆាប់មានសមាជិកទី ៤ មកឈរតម្រង់ជួរជាមួយគ្នាឆាប់ៗនេះទៀតផង។


គួររំលឹកផងដែរថា តារាចម្រៀងរូបស្រស់ សួស វីសា បានដឹកដៃកំលោះ ថមមី រៀបការតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ពេលនេះអ្នកទាំងពីរមានកូនស្រីម្នាក់ជាចំណងដៃឈ្មោះថា ថង សាម៉ូលីណា ហៅ ជេននី។ ជារឿយៗប្តីប្រពន្ធអ្នកសិល្បៈគូនេះ តែងតែបង្ហាញភាពផ្អែមល្អែម ស្អិតល្មួតដាក់គ្នាទៅវិញទៅមកស្ទើរគ្រប់ទីកន្លែង ធ្វើឱ្យហ្វេនច្រណែនគ្រប់គ្នា ពិសេសនៅពេលដែលគ្រួសារធ្វើដំណើរកម្សាន្ត ពួកគេតែងបង្ហោះរូបលក្ខណៈគ្រួសារយ៉ាងសប្បាយរីករាយ មើលទៅពិតជាមានក្តីសុខខ្លាំងណាស់៕


























Account
Security
Favourite Content