តួប្រុសក្នុងភាពយន្ដកុនល្បី Spider-Man គឺ Tom Holland បានប្រកាសថាខ្លួននឹងផ្អាកសម្ដែងរយៈពេលមួយឆ្នាំសិន បន្ទាប់ពីបញ្ចប់ការថតរឿង “The Crowded Room”។ រឿងនេះដែរ ជាប្រភេទបែបឃាតកម្មសាហាវ។

ក្នុងបទសម្ភាសន៍ជាមួយខាង Extra TV តារាប្រុសវ័យ ២៧ ឆ្នាំរូបនេះបានទម្លាយប្រាប់ថា៖ លោកកំពុងមានបញ្ហាស្ដ្រេសខ្លាំងបន្ទាប់ពីថតរឿងចុងក្រោយរបស់ខ្លួន។ រឿងនេះ លោកបានដាក់អារម្មណ៍ខ្លាំងក្នុងការសម្ដែងជាហេតុធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្លូវចិត្តរបស់លោក។

តារាប្រុស Tom Holland បានបន្ដថា៖ លោកមិនធ្លាប់សម្ដែងដាក់អារម្មណ៍ខ្លាំងបែបនេះឡើយកាលពីមុន វាធ្វើឱ្យលោកមានអារម្មណ៍ហត់នឿយជាខ្លាំង ដូច្នេះលោកនឹងផ្អាកការថតរឿងរយៈពេលមួយឆ្នាំសិន ព្រោះវាពិតជាពិបាកណាស់ក្នុងការសម្ដែងបន្ដទៀតនៅពេលនេះ។
លោកបន្ដទៀតថា ដោយសាររឿងនេះ លោកមិនត្រឹមជាតារាសម្ដែងនោះទេ តែក៏ជាផលិតករម្នាក់ផងដែរ ខណៈជួបរឿងត្រូវដោះស្រាយរាល់ថ្ងៃកំឡុងពេលថតធ្វើឱ្យមានសម្ពាធកាន់តែខ្លាំងលើសដើម។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី ១ ឡើយដែលតារាប្រុស Tom Holland បានទម្លាយពីរឿងខ្លួនមានបញ្ហាផ្លូវចិត្ត កាលពីខែ សីហា ឆ្នាំ ២០២២ លោកក៏ប្រកាសថាខ្លួនកំពុងមានសម្ពាធខ្លាំង និងមានបញ្ហាផ្លូវចិត្ត។ មិនតែប៉ុណ្ណោះ លោកថែមទាំងដកខ្លួនឈប់ប្រើប្រាស់បណ្ដាញសង្គមទៀត ដោយសារតែមានមតិប្លែកៗ ពេកធ្វើឱ្យលោកពិបាកទទួលយក និងត្រូវលុបបណ្ដាញសង្គមទាំងនោះចោលទៀត៕




























Account
Security
Favourite Content