Khaby Lame ដែលជាអ្នកបង្កើតមាតិកាមានអ្នកតាមដានច្រើនជាងគេបំផុតនៅលើ TikTok បានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនរបស់លោកគឺ Step Distinctive Limited ក្នុងកិច្ចព្រមព្រៀងដោះដូរភាគហ៊ុនទាំងអស់ដែលមានតម្លៃរហូតដល់ ៩៧៥ លានដុល្លារ។ នេះបើផ្អែកតាមការសេចក្ដីរាយការណ៍របស់សារព័ត៌មាន Hollywood Reporter កាលពីថ្ងៃទី២៧ ខែមករា។

ក្រុមហ៊ុន Rich Sparkle Holdings ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុមានមូលដ្ឋាននៅហុងកុង និងបានចុះបញ្ជីក្នុងទីផ្សារ Nasdaq បានទិញយកភាគហ៊ុននៅក្នុងក្រុមហ៊ុនរបស់លោក ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុននេះទទួលបានសិទ្ធិផ្តាច់មុខជាសកលលើម៉ាកយីហោរបស់ Lame រយៈពេល ៣៦ ខែ។ ក្នុងអំឡុងពេលនោះ ក្រុមហ៊ុនគ្រោងនឹងទាញយកប្រយោជន៍ពីមូលដ្ឋានអ្នកគាំទ្រចំនួន ១៦០ លាននាក់នៅលើ TikTok រួមទាំងសិទ្ធិលើ TikTok Shop ការផ្សាយបន្តផ្ទាល់ (Live stream) ការរៀបចំផែនការអាជីវកម្មតាមរយៈវីដេអូខ្លី ការផ្សព្វផ្សាយពាណិជ្ជកម្ម និងអ្វីៗជាច្រើនទៀត។
ក្រុមហ៊ុនបានបញ្ជាក់ក្នុងឯកសារបកស្រាយថា៖ «ការធ្វើពាណិជ្ជកម្មផ្អែកលើអ្នកគាំទ្ររបស់ Khaby Lame អាចបង្កើតការលក់បានច្រើនជាង ៤ ពាន់លានដុល្លារក្នុងមួយឆ្នាំ» ដោយកត់សម្គាល់ថា លោកមានអ្នកគាំទ្រសរុប ៣៦០ លាននាក់នៅលើគ្រប់បណ្តាញសង្គមជុំវិញពិភពលោក។ ចំនួនអ្នកតាមដាន TikTok របស់លោក បានធ្វើឱ្យលោកឈរនៅលេខរៀងខ្ពស់ជាងកំពូលអ្នកមានឥទ្ធិពល Charli D’Amelio បន្តិច។
លើសពីនេះ ក្រុមហ៊ុនមានគម្រោងបង្កើតតួអង្គ AI ដែលដូចនឹង Khaby Lame ដែលនឹងរួមបញ្ចូលទាំងផ្ទៃមុខ សំឡេង និងកាយវិការរបស់លោក ដើម្បីបង្កើតមាតិកាលើបណ្តាញសង្គមបានច្រើនភាសា ក៏ដូចជាបង្កើនសមត្ថភាពក្នុងការផលិត និងបង្ហោះមាតិកាតាមតំបន់ពេលវេលាខុសៗគ្នា។ Lame បានល្បីល្បាញខ្លាំងតាមរយៈវីដេអូមិននិយាយស្តី ដែលបង្ហាញពីការដោះស្រាយបញ្ហាងាយៗក្នុងជីវិតប្រចាំថ្ងៃ ដែលក្រុមហ៊ុនកត់សម្គាល់ថា ចំណុចនេះអនុញ្ញាតឱ្យលោក «មានឥទ្ធិពលលើគ្រប់ភាសា និងវប្បធម៌ដោយមិនចាំបាច់មានការបកប្រែ»។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនបានបន្ថែមថា លោក Lame នឹងក្លាយជាម្ចាស់ភាគហ៊ុនត្រួតពិនិត្យ (Controlling Shareholder)។
ក្នុងអំឡុងពេលនៃកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុននឹងផ្តោតលើសហរដ្ឋអាមេរិក មជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍ ជាតំបន់សំខាន់ៗ ដោយមានរចនាសម្ព័ន្ធតម្លៃជាក់លាក់តាមតំបន់ និងការគណនាប្រាក់ចំណេញដាច់ដោយឡែក ដើម្បីឱ្យស្របទៅនឹងកម្លាំងទិញរបស់អ្នកប្រើប្រាស់ផ្សេងៗគ្នា។
គួរបញ្ជាក់ថា បច្ចុប្បន្ន Khaby Lame មានអ្នកតាមដាន ១៦០ លាននាក់ (នាំមុខលេខពីរ Charli d’Amelio ដែលមាន ១៥៦ លាននាក់) និងមានអ្នកតាមដានសរុបគ្រប់បណ្តាញសង្គមជាង ៣៦០ លាននាក់។ ទស្សនាវដ្តី Forbes បានចាត់ចំណាត់ថ្នាក់លោកនៅលេខ ១០ ក្នុងបញ្ជីអ្នកបង្កើតមាតិកាកំពូលឆ្នាំ ២០២៥ ជាមួយចំណូលប្រហែល ២០ លានដុល្លារ ពីការសហការជាមួយម៉ាកល្បីៗដូចជា Hugo Boss, Airbnb, Binance និង State Farm។
Lame ចាប់ផ្តើមបង្ហោះលើ TikTok ក្នុងឆ្នាំ ២០២០ បន្ទាប់ពីត្រូវបានគេបញ្ឈប់ពីការងារដោយសារវិបត្តិ COVID-19។ ត្រឹមតែ ១៧ ខែក្រោយមក លោកអាចទទួលបានអ្នកតាមដាន ១០០ លាននាក់ ក្លាយជាមនុស្សទី ២ ក្នុងប្រវត្តិសាស្ត្រ និងជាអ្នកដំបូងគេនៅអឺរ៉ុបដែលធ្វើបានបែបនេះ ៕

























Account
Security
Favourite Content