អ្នកមគ្គុទ្ទេសក៏ម្នាក់ បានចែករំលែកព័ត៌មានលម្អិតមុននឹង Barbie Hsu បាត់បង់ជីវិតថា ក្រុមគ្រួសាររបស់នាងបានព្យាយាមនាំតារាស្រីរូបនេះទៅកាន់មន្ទីរពេទ្យរហូតដល់ទៅ ៤ដង តែបែរជាមិនទទួលបានការព្យាបាលត្រឹមត្រូវ រហូតនាំឱ្យនាងបាត់បង់ជីវិតនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ។

សារព័ត៌មានតៃវ៉ាន់ ET Today បានរាយការណ៍ថា Barbie Hsu បានឆ្លងនូវជំងឺផ្ដាសាយធំប្រភេទ A ដែលកំពុងតែរាតត្បាតនៅក្នុងប្រទេសជប៉ុន ស្របពេលដែលតារាស្រីរូបនេះធ្លាប់កើតមានជំងឺឆ្កួតជ្រូក និងជំងឺបេះដូងផង ទើបធ្វើឱ្យនាងងាយឆ្លងនូវជំងឺដទៃ ជាក់ស្ដែងគឺ ជំងឺរលាកសួតរហូតនាំឱ្យមានការបាត់បង់ជីវិតកើតឡើង។
តាមរយៈប្រភពដដែលបានឱ្យដឹងបន្ថែមថា លោកវេជ្ជបណ្ឌិតម្នាក់ដែលមានឈ្មោះថា Su Yifeng បានចេញមកចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖ “ការទៅព្យាបាលនៅបរទេសគឺមិនស្រួលទេ ។ នាងមិនបានទទួលការព្យាបាលត្រឹមត្រូវនៅមន្ទីរពេទ្យទេ ទោះបីជាបានទៅជួបគ្រូពេទ្យ ៤ដងក៏ដោយ ក៏នាងត្រូវបានបញ្ជូនត្រឡប់មកផ្ទះវិញម្តងហើយម្តងទៀត”។
ទន្ទឹមគ្នានេះដែរ អ្នកមគ្គុទ្ទេសក៏ដែលមើលថែគ្រួសាររបស់តារាស្រីរូបនេះនៅពេលដែលដើរកម្សានក្នុងប្រទេសជប៉ុន បានរៀបរាប់ពីអាការដំបូងរបស់ Barbie Hsu ថា នាងបានអាការក្អក និងកើតហឺតតាំងតែពីថ្ងៃទី២៩ ខែមករាមកម៉្លេះ ហើយតារាស្រីរូបនេះមិនបានចាកចេញពីកន្លែងស្នាក់នៅរបស់ខ្លួនឡើយ នៅថ្ងៃទី៣០ ដល់ថ្ងៃទី៣១។ បុគ្គលដដែលនេះបានឱ្យដឹងបន្ថែមថា ក្រោយពីសុខភាពរបស់ Barbie Hsu កាន់តែចុះខ្សោយ នៅប្រមាណពាក់កណ្ដាលយប់ គ្រួសាររបស់នាងក៏មានការហៅឡានសង្គ្រោះបន្ទាន់នឹងនាំនាងទៅកាន់មន្ទីរពេទ្យ តែក៏ត្រូវបានបញ្ជូនត្រឡប់មកវិញ។

ប្រភពដដែលបានរៀបរាប់តទៀតថា នៅថ្ងៃទី១ ខែកុម្ភៈ គ្រួសាររបស់ Barbie Hsu បាននាំនាងទៅត្រួតសុខភាពនៅគ្លីនិកមួយកន្លែងម្ដងទៀត តែគ្លីនិកនេះបានប្រាប់ថាមិនអាចព្យាបាលបានទេ និងណែនាំឱ្យទៅព្យាបាលនៅមន្ទីរពេទ្យដែលធំជាងនេះ ហើយគ្រូពេទ្យក៏បានពិនិត្យឃើញថា Barbie Hsu បានឆ្លងជំងឺផ្ដាសាយធំ និងបានបើកថ្នាំគ្រាប់ឱ្យនាងលេប។
យ៉ាងណាមិញ ទោះបានទទួលថ្នាំរួចទៅហើយក្ដី តែស្ថានភាពសុខភាពរបស់តួស្រីឯកស្រីរបស់រឿង Meteor Garden កាន់តែយ៉ាប់យ៉ឺនជាងមុន ទើបក្រុមគ្រួសារបាននាំនាងទៅរកពេទ្យសាជាថ្មី។ ជាអកុសល នៅម៉ោង ៧ព្រឹក ថ្ងៃទី២ ខែកុម្ភៈ Barbie Hsu ក៏បានបាត់បង់ជីវិត ទាំងដែលកំពុងដើរលេងក្នុងប្រទេសជប៉ុន។
ទាក់ទិននឹងការព្យាបាលជំងឺមួយនេះ លោកវេជ្ជបណ្ឌិត Su Yifeng បានចែករំលែកបន្ថែមថា៖ “ផ្ដាយសាយធំអាចធ្វើឱ្យមានការរលាកនៅផ្នែកផ្សេងៗនៃរាងកាយ និងគួរទទួលបានការព្យាបាលតាមរយៈការចាក់ថ្នាំ ឬសារធាតុបំពេញជាតិទឹកដើម្បីការពារការខ្វះខាតទឹកក្នុងរាងកាយ។ ផ្ទុយមកវិញ ជំនួសដោយការទទួលបានការព្យាបាលយ៉ាងត្រឹមត្រូវ គាត់បែរជាត្រាំទឹកក្ដៅ ដែលធ្វើឱ្យមានការបែកញើសកាន់តែខ្លាំង និងអាចធ្វើឱ្យសុខភាពកាន់តែធ្លាក់ចុះខ្លាំង”។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ គ្រួសាររបស់ Barbie Hsu កំពុងតែស្នាក់នៅក្នុងប្រទេសជប៉ុននៅឡើយ ដើម្បីធ្វើការបូជាសពរបស់នាង មុននឹងនាំយកធាតុរបស់តារាស្រីរូបនេះ ត្រឡប់មកកាន់ទីក្រុងតៃវ៉ាន់វិញ៕


























Account
Security
Favourite Content