អ្នកច្នៃម៉ូត ឯម រៀម ត្រូវបានសមាគមសិល្បករខ្មែរអញ្ជើញជួបពិភាក្សាពាក់ព័ន្ធនិងរឿងច្នៃម៉ូតនាពេលកន្លងមកដែលធ្វើឱ្យមហាជនមានការថ្នាំងថ្នាក់ចិត្ត និងប្រតិកម្មយ៉ាងខ្លាំងលើម៉ូតសម្លៀកបំពាក់ដែលមានភាពស៊ិចស៊ីប្លែកៗរបស់លោក។

កន្លងមកពាក់ព័ន្ធរឿងច្នៃម៉ូតសម្លៀកបំពាក់ដែលមានភាពស៊ិចស៊ីប្លែករបស់ ឯម រៀម បានក្លាយជាចំណុចរសើប រហូតធ្វើឱ្យមហាជនមានប្រតិកម្មយ៉ាងខ្លាំងលើរូបលោក។ ដោយឡែកនារសៀលថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៤ នេះអ្នកជំនាញច្នៃម៉ូតរូបនេះត្រូវបានថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរអញ្ជើញជួបពិភាក្សា និងរកដំណោះស្រាយហើយ។
នៅក្នុងជំនួបនៃកិច្ចពិភាក្សាលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងឯកឧត្ដម ទិត្យ ថាវរិទ្ធ បានស្នើដោយចំពោះទៅកាន់លោក ឯម រៀម ឱ្យមានការកែតម្រូវចំណុចមួយចំនួនដែលមហាជនមិនទាន់អាចទទួលយកបាននូវស្នាដៃ ក៏ដូចជាគំនិតច្នៃប្រតិដ្ឋរបស់រូបលោក បើទោះបីការច្នៃនោះជាទីពេញនិយម និងមានការគាំទ្រនៅតាមបណ្ដាបស្ចិមប្រទេសក៏ដោយ។



ក្រោយកិច្ចពិភាក្សាអ្នកច្នៃម៉ូត ឯម រៀម បានទទួលស្គាល់ និងព្រមទទួលយកមតិកែលម្អរបស់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ដោយរូបលោកបន្តច្នៃម៉ូតសម្លៀកបំពាក់ដោយចៀសវាងភាពស៊ិចស៊ីហួសហេតុពេក នាំឱ្យមហាជនមានការមិនពេញចិត្ត។ ក្នុងឱកាសនោះ លោកក៏សូមសំណូមដល់មហាជនឱ្យមានយោគយល់ និងបើកចិត្តទទួលការច្នៃរបស់លោក និងស្នើសុំកុំឱ្យមានការប្រមាថមើលងាយដល់អ្នកមានគុណទាំងពីររបស់រូបលោកផងដែរ។
ជាមួយគ្នានេះដែរថ្នាក់ដឹកនាំសមាគមបានលើកទឹកចិត្តដល់រូបលោកក្នុងការបន្តប្រើប្រាស់ទេពកោសល្យច្នៃប្រតិដ្ឋ និងសមត្ថភាព ដើម្បីលើកកម្ពស់វិស័យកម្រនេះបន្តទៀត៕


























Account
Security
Favourite Content