ជឿជាក់ថាចិត្តរបស់មនុស្សស្រីទាំងអស់តែងតែប្រាថ្នាចង់បានសុភមង្គល និងក្ដីសុខបន្ទាប់ពីសម្រេចចិត្តដើរចូលរោងការជាមួយមនុស្សជាទីស្រឡាញ់។ ប៉ុន្តែក្ដីប្រាថ្នាទាំងអស់នោះក៏មិនមែនសុទ្ធតែអាចកើតឡើងចំពោះមនុស្សស្រីគ្រប់គ្នាដែរ។ ជាក់ស្ដែងមិនត្រឹមតែមនុស្សសាមញ្ញនោះទេ សូម្បីតែតារាស្រីតៃវ៉ាន់ល្បីឈ្មោះ Ariel Lin និង Barbie Hsu ក៏ជួបនឹងជីវិតអភ័ព្វក្រោយអាពាហ៍ពិពាហ៍ ផ្ទុយដាច់ស្រឡះពីតារាស្រី Rainie Yang និង Ella តែម្ដង។

សម្រាប់តារាសម្ដែងស្រីវ័យ ៤១ ឆ្នាំ Ariel Lin ត្រូវបានទស្សនិកជនជាច្រើនស្គាល់តាមរយៈរូបរាងតូចច្រឡឹង និងទឹកមុខស្លូតបូតនៅក្នុងខ្សែភាពយន្ដដែលនាងបានសម្ដែង។ នាងទទួលបានភាពល្បីល្បាញកាន់ខ្លាំងបន្ទាប់ពីសម្ដែងខ្សែភាពយន្ដភាគល្បីៗដូចជា “It Started with a Kiss”, “Love or Bread” និង “In Time with You”។ រហូតដល់ឆ្នាំ ២០១៤ តារាសម្ដែងស្រីរូបនេះក៏បានសម្រេចចិត្តរៀបការជាមួយស្វាមីរបស់នាង Charles Lin ដែលជាអ្នកជំនួញ និងទទួលបានកូនស្រីម្នាក់ជាចំណងដៃសម្រាប់អ្នកទាំងពីរមានឈ្មោះថា Little Lin។ ប៉ុន្តែក្រោយមកអ្នកទាំងពីរក៏ត្រូវរស់នៅបែកគ្នាដោយសារវិបត្តិកូវីដ ១៩ និងភារកិច្ចការងារមួយចំនួនដែរ។ មិនមែនមានហេតុផលប៉ុណ្ណេះនោះទេ ស្វាមីរបស់នាងក៏ធ្វើឱ្យមានពាក្យចចាមអារ៉ាមច្រើនមិនធម្មតាដោយគេរកឃើញថាលោកតែងតែលួចលាក់មានអ្នកថ្មីជាញឹកញាប់។ ជាក់ស្ដែងថ្មីៗនេះ តារាស្រី Ariel Lin ថែមទាំងត្រូវបានគេប្រទះឃើញជាញឹកញាប់នៅពេលនាងតែងតែទៅទទួលកូនស្រីអាយុ ៣ ឆ្នាំតែម្នាក់ឯងពីសាលាមតេ្តយ្យដោយមិនមានវត្ដមានរបស់ Charles Lin ឡើយ។


ងាកមក Barbie Hsu ដែលជាតារាស្រីឈានមុខគេក្រោយនាងបានសម្ដែងរឿង F4 ឬ Meteor Garden ក្នុងឆ្នាំ ២០០១ ដោយភាគច្រើនទស្សនិជកស្គាល់នាងថា សាន់ ឆាយ។ លើសពីនេះនាងក៏រកឃើញភាពជោគជ័យបន្ថែមទៀតក្នុងវិស័យសិល្បៈច្រើនផ្នែកដូចជាតន្ដ្រី ការសម្ដែង ការបង្ហាញម៉ូដ និងភាពស្រស់ស្អាតផងដែរ។ នៅក្នុងឆ្នាំ ២០១១ នាងបានរៀបការជាមួយស្វាមីជាអ្នកជំនួញ Wang Xiaofei និងចូលនិវត្តន៍ពីអាជីពសិល្បៈដោយសារចង់ផ្ដោតសំខាន់ទៅលើគ្រួសារឱ្យបានច្រើន។ យ៉ាងណាមិញអាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែមរបស់អ្នកមានមានរយៈពេលត្រឹមតែ ១០ ឆ្នាំប៉ុណ្ណោះ។ ក្រោយមកតារាស្រី Barbie Hsu បានឈ្នះលើរឿងក្ដីលែងលះ និងបានសិទ្ធិចិញ្ចឹមកូនទាំងពីររបស់នាងទៀតផង។

លុះដល់ឆ្នាំ ២០២២ នាងក៏បានរៀបការម្ដងទៀតជាមួយនឹងតារាចម្រៀងកូរ៉េខាងត្បូង DJ Koo Jun Yup។ ទន្ទឹមនឹងនេះអាពាហ៍ពិពាហ៍លើកទី ២ របស់នាងនៅតែមានភាពច្របូកច្របល់ ខណៈនាងបានដាក់ពាក្យបណ្ដឹងអតីតស្វាមីដល់ទៅ ១៧ ករណីពីបទបង្កការរំខាន និងការខកខានមិនបានផ្ដល់អាហារកិច្ចដល់កូនៗទាំងពីរ។ ជាមួយគ្នានេះដែរ បច្ចុប្បន្នស្វាមីថ្មីរបស់តារាស្រី Barbie Hsu កំពុងតែព្យាយាមស្វែងរកផ្លូវវិលចូលសិល្បៈក្នុងប្រទេសកូរ៉េក្រោយតស៊ូស្វែងរកការងារនៅតៃវ៉ាន់អស់ពេលជាយូរ។



ផ្ទុយទៅវិញសម្រាប់តារាចម្រៀង និងសម្ដែង Rainie Yang វិញ ក្រោយពីសម្ដែងក្នុងរឿង Meteor Garden ឆ្នាំ ២០០១ ជាមួយ សាន់ ឆាយ ហើយនាងក៏ទទួលបានភាពជោគជ័យខ្លាំងមិនធម្មតាដែរ។ រហូតមកដល់បច្ចុប្បន្ននាងនៅតែរក្សាបានកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈជារឿយៗ។ នៅខែកញ្ញា ឆ្នាំ២០១៩ Rainie Yang បានប្រកាសពីដំណឹងអាពាហ៍ពិពាហ៍ជាមួយតារាចម្រៀងប្រុស Li Ronghao។ បើទោះបីជារៀបការជាមួយគ្នាអស់រយៈពេល ៥ ឆ្នាំដោយមិនទាន់មានក៏ដោយ ក៏គូស្នេហ៍ទាំងពីរតែងតែបង្ហាញក្ដីស្រឡាញ់ចំពោះគ្នាជាញឹកញាប់មិនថាបែបឯកជន ឬនៅសាធារណៈនោះទេ។

ក្នុងនោះមិនភ្លេច Ella Chen ដែលជាសមាជិកក្នុងក្រុមចម្រៀងស្រីតៃវ៉ាន់ល្បីឈ្មោះ S.H.E និងជាតារាសម្ដែងឡើយ។ នាងបានរៀបការជាមួយនឹងអ្នកជំនួញជនជាតិម៉ាឡេស៊ីក្នុងឆ្នាំ ២០១២ និងទទួលបានកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ផងដែរ។ ដំបូងឡើយអ្នកទាំងពីរបានរាប់អានគ្នាអស់រយៈពេលជាច្រើនឆ្នាំ មុនពេលចាប់ផ្ដើមមានស្នេហាជាមួយគ្នាជាផ្លូវការ។ ជាងនេះទៅទៀត Ella ត្រូវបានគេទទួលស្គាល់ថាជាមនុស្សមានបុគ្គលិកលក្ខណៈរឹងមាំ ដែលជាញឹកញាប់នាងត្រូវបានគេមើលឃើញថាជាមនុស្សលេចធ្លោជាងគេនៅក្នុងគ្រួសារ។ មិនត្រឹមប៉ុណ្ណេះតារាស្រីរូបនេះក៏បានប្រឈមមុខនឹងការរិះគន់ចំពោះរបៀបចិញ្ចឹមកូនតាមរបៀបប្លែកពីគេ ប៉ុន្តែនេះមិនមែនជាបញ្ហាដែលគួរឱ្យឈឺក្បាលឡើយ ហើយនាងនៅតែបន្ដចែករំលែករូបថត និងភាពរីករាយនៃជីវិតរបស់នាងតាមបណ្ដាញសង្គមដដែល៕



























Account
Security
Favourite Content