លោក Seo Do-young អ្នកសម្ដែងជាតួអង្គ ខ្មោច Cheon Geum-hwi ហៅក្រៅថាខ្មោចកម្ពស់ ៨ហ្វីត បានទម្លាយពីផលលំបាកនៃការតុបតែងខ្លួនដែលត្រូវចាយទាំងពេលវេលា និងកម្លាំងមនុស្ស។

ក្រោយពីបានបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ SBS កាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅ លោក Seo Do-young ដែលបានសម្ដែងជាតួអង្គខ្មោចឆ្មាំរាជវាំងដែលមានអាយុជាង ១០០ឆ្នាំ បានចេញមកចែករំលែកពីតិកនិចក្នុងការតុបតែងខ្លួននៅលើគណនី Instagram ផ្ទាល់ខ្លួន។
ដោយមានកម្ពស់ខ្ពស់ស្រាប់គឺ ១.៨៩ ម៉ែត្រ លោកបានបង្ហើបថា គ្រាន់តែឈុតធ្វើសឹករបស់ខ្មោចកម្ពស់ ២.៤៣ម៉ែត្រនេះតែមួយ គឺមានទម្ងន់ជិត ៣០គីឡូក្រាមបាត់ទៅហើយ នេះនៅមិនទាន់គិតពីរបាំងមុខ និងគ្រឿងតុបតែងផ្សេងទៀតទេ។
លោកបានរៀបរាប់បន្ថែមថា រូបភាពដែលទស្សនិកជនបានឃើញនោះមិនមែនជាការកាត់ត ឬក៏បច្ចេកទេស CGI ឡើយ តែលោកត្រូវតុបតែងខ្លួនដោយមានជាងផាត់មុខរហូតដល់ទៅ ៤នាក់ និងចាយពេលដល់ទៅ ៣ម៉ោងជាប់គ្នា រហូតដល់ថ្នាក់មិនមាននរណាអាចចំណាំលោកបាន។

តារាសម្ដែងវ័យ ៤៤ឆ្នាំរូបនេះ បានឱ្យដឹងទៀតថា៖ “មិនថាតែអង្គុយ គេង ឬសូម្បីតែដកដង្ហើមទេ គឺវាពិបាកណាស់។ ទោះនៅក្នុងសីតុណ្ហភាព – ១៨អង្សារសេ ក៏ខ្ញុំបែកញើសពេញខ្លួនដែរ”។
ស្របពេលដែលរឿង The Haunted Palace នៅសល់ត្រឹមតែ ២ភាគទៀតប៉ុណ្ណោះដែលមិនទាន់បានចាក់ផ្សាយ លោកក៏បានអំពាវនាវឱ្យទស្សនិកជនបន្តតាមដានរឿងនេះទៀតដែរ ដោយលោកបានរៀបរាប់ថា តួអង្គខ្មោចមួយនេះ នៅមានសាច់រឿងគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត ដែលនៅមិនទាន់បង្ហាញដល់ទស្សនិកជននៅឡើយ។

គួរឱ្យដឹងផងដែរថា Seo Do-young គឺជាតារាម៉ូដែលមួយរូប ដែលបានប្រែខ្លួនមកជាតារាសម្ដែង។ ២០ឆ្នាំក្នុងវិស័យភាពយន្ត លោកមានស្នាដៃលេចធ្លោជាច្រើនចំណងជើង រួមមានរឿង Gangnam Scandal, Want a Taste? និង Spring Waltz ជាដើម៕























Account
Security
Favourite Content