មុនក្លាយជាតារាសម្ដែងស្រីមានឈ្មោះល្បី Suzy មានដើមកំណើតចេញពីក្រុមចម្រៀងនារីខេប៉ុបល្បី Miss A ក្នុងឆ្នាំ ២០១០។ រូបនាងទទួលបានភាពល្បីល្បាញខ្លាំងអំឡុងពេលជាតារាចម្រៀងខេប៉ុប និងត្រូវបានគេចាត់ទុកជាសមាជិកក្រុមដែលមានសំឡេងពីរោះផងដែរ។ រូបនាងបានចាប់ផ្ដើមប្រឡូកក្នុងវិស័យសម្ដែងរឿងក្នុងឆ្នាំ ២០១១ ដោយសម្ដែងក្នុងរឿង “Dream High”។ រហូតដល់ឆ្នាំ ២០១៧ ជាពេលវេលាដែលក្រុមចម្រៀង Miss A បំបែកក្រុម តារាស្រីរូបនេះក៏ងាកទៅផ្ដោតលើការសម្ដែង។



ចាប់តាំងពីឆ្នាំ ២០១៧ មករូបនាងបានបង្ហាញក្នុងរឿងភាគជាហូរហែ និងទទួលបានការគាំទ្រយ៉ាងខ្លាំង។ នាងបង្ហាញខ្លួនជាតួឯកក្នុងរឿងភាគល្បីៗ ដូចជា While You Were Sleeping, Vagabond, Start-Up, Anna, Doona!។ ក្នុងឆ្នាំ ២០២៤ នាងក៏ត្រៀមត្រឡប់មកវិញជាមួយរឿងភាគថ្មីដែលសម្ដែងជាមួយតារាប្រុស Kim WooBin មានចំណងជើងថា “All The Love You Wish For”។
មែនទែនទៅ តារាស្រី Suzy ធ្លាប់ត្រូវបានមហាជនជាច្រើនសង្ស័យថា មានភាពល្អក់កករជាមួយសមាជិកក្រុមចម្រៀងនារី Miss A ៣ រូបទៀត ដោយសារតែនាងមានភាពល្បីល្បាញដាច់គេពេកក្នុងក្រុម និងមានការងារធ្វើជាហូរហែជាហេតុធ្វើឲ្យលែងមានភាពជិតស្និទ្ធក្នុងក្រុម។ ក្នុងឆ្នាំ ២០១៥ មានរូបភាពចំនួនប៉ុន្មានសន្លឹក បានក្លាយជាប្រធានបទក្ដៅគគុក ព្រោះតែមើលទៅរូបនាងហាក់មិនមានភាពជិតស្និទ្ធជាមួយសមាជិកក្រុមឡើយ។ នាងហាក់នៅដាច់ដោយឡែកពីគេ និងមិនសូវបង្ហាញស្នាមញញឹម។ ក្នុងឆ្នាំ ដដែលគេក៏មិនបានឃើញវត្ដមានរបស់តារាស្រី Suzy ចូលរួមកម្មវិធីខួបកំណើតរបស់សមាជិក Miss A គឺ Jia នោះទេ។ ប៉ុន្ដែមិនមានភស្ដុតាងណាមួយបញ្ជាក់ថា សមាជិកក្រុមមានទំនាស់ជាមួយគ្នាឡើយ។




ទើបតែថ្មីៗនេះ Suzy បានផ្ដល់បទសម្ភាសន៍សម្រាប់ការផ្សព្វផ្សាយរឿង “Wonderland”។ រូបនាងក៏បាននិយាយរំឮកដល់ជីវិតនៅពេលដែលនាងទើបតែចេញច្រៀងធ្វើជាតារាខេប៉ុប។ នាងក៏បានប្រៀបធៀបពីជីវិតខុសគ្នា នៅពេលដែលនាងនៅក្មេង និងជាតារាចម្រៀង ជាមួយពេលវេលាដែលនាងចាប់ផ្ដើមងាកមកប្រឡូកក្នុងវិស័យសម្ដែង។



នាងបានលើកឡើងថា៖ នៅពេលដែលនាងនៅក្មេង នាងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់គិតរឿងច្រើននោះទេ។ នាងត្រូវប្រកួតប្រជែងច្រើន នាងគ្មានពេលវេលាសូម្បីតែក្រឡេកមកមើលពីជីវិតរបស់ខ្លួន។ នាងហាក់មានអារម្មណ៍ជាប់គាំង ដោយសារខ្លួននៅក្មេងពេក គ្មានបទពិសោធគ្រប់គ្រាន់។ តែបច្ចុប្បន្ន នាងមានពេលវេលាច្រើនជាងមុនសម្រាប់មើល និងស្វែងយល់ពីជីវិតរបស់ខ្លួន។ នាងមានអារម្មណ៍ពេញចិត្ដខ្លាំងជាមួយជីវិតឥឡូវនេះ និងធ្វើជាតារាសម្ដែង ជាជាងធ្វើតារាចម្រៀង។
បច្ចុប្បន្ន Suzy គឺជាតារាសម្ដែងមានឈ្មោះល្បីម្នាក់ និងមានតម្លៃខ្លួនខ្ពស់អមជាមួយប្រេនក្នុងដៃល្បីៗ ជាច្រើន។ ទ្រព្យសម្បត្ដិរបស់តារាស្រីវ័យ ២៩ ឆ្នាំ រូបនេះ ត្រូវបានគេប៉ាន់ប្រមាណថាមានច្រើនជាង ២៥ លានដុល្លារអាមេរិក៕



























Account
Security
Favourite Content