ទោះបីជាមិនទទួលបានតំណែងក្នុង TOP ណាមួយនៃកម្មវិធីប្រកួតសម្រស់ និងចំណេះដឹង Miss Universe នៅអែលសាល់វ៉ាឌ័រ ប៉ុន្តែ ចន សុទីម៉ា ទទួលបាននូវប្រជាប្រិយភាពខ្លាំងទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។ បវរកញ្ញាចក្រវាលកម្ពុជារូបនេះ បានលើកមុខមាត់ប្រទេសជាតិ មិនឱ្យចាញ់បវរកញ្ញាមកពីប្រទេសណានោះទេ ថ្វីបើមិនបានជាប់ក្នុងតំណែងណាមួយ ប៉ុន្តែបើនិយាយពីការរៀបចំខ្លួន ភាពឆ្លាតវៃ វិញគឺពិតជាធ្វើបានល្អខ្លាំង បានធ្វើឱ្យប្រជាជនកម្ពុជាមានមោទកភាពខ្លាំងលើរូបនាង។ យ៉ាងណាមិញក្រោយចប់ការប្រកួត ស្រាប់តែមានអ្នកគាំទ្រមួយចំនួនបានជំរុញឱ្យ ចន សុទីម៉ា ទៅប្រកួតកម្មវិធី Miss Grand វិញ តែនាងស្រាប់តែឆ្លើយតបបែបនេះ ដោយគ្មានស្ទាក់ស្ទើរសូម្បីបន្តិច។


មិនពិចារណាច្រើន សុទីម៉ា បានប្រាប់ទៅអ្នកបញ្ចេញមតិដោយជំរុញឱ្យនាង ទៅប្រកួតកម្មវិធី Miss Grand វិញថា មិនច្បាស់ទេ តែ ៩០% គឺមិនចូលរួមប្រកួតឡើយ។ សុទីម៉ា បញ្ជាក់ច្បាស់ៗថា កម្មវិធីខាងលើ គឺមិនមែនជាកម្មវិធីដែលខ្លួនស្រលាញ់នោះទេ ដោយហេតុថាមិនសូវត្រូវជាមួយបុគ្គលិកលក្ខណៈរបស់នាង។ សុទីម៉ា ថា នាងស្រលាញ់ Concept បែបសុភាពៗ ស្រគត់ស្រគំជាង មិនសូវជាចូលចិត្តកម្មវិធីបែបលះៗពេកនោះទេ។


តាមរយៈចម្លើយខាងលើ គឺអាចបញ្ជាក់ច្បាស់ហើយ សុទីម៉ា នឹងមិនចូលរួមប្រកួតកម្មវិធី Miss grand នោះទេ ហើយពេលនេះ នាងទុកពេលឱ្យខ្លួនឯងបានសម្រាកសិន ព្រោះការប្រកួតកម្មវិធី Miss Universe ហត់នឿយមិនទាន់បាត់ផង។

ចន សុទីម៉ា ជាបវរកញ្ញាចក្រវាលកម្ពុជាមួយរូប ដែលធ្វើឱ្យអ្នកគាំទ្រដាក់ក្ដីរំពឹងខ្ពស់ថានឹងទទួលបានតំណែង TOP ប៉ុន្តែលទ្ធផលខុសពីការរំពឹងទុក ព្រោះបេក្ខភាពឆ្នាំនេះសុទ្ធតែជាជើងខ្លាំង ម្នាក់ៗមានប្រវត្តិមិនធម្មតាឡើយ។ ទោះជាយ៉ាងណាក្ដី សុទីម៉ា បានធ្វើឱ្យអន្តរជាតិបើកភ្នែកធំៗ និងចំហមាត់គ្រប់គ្នា ព្រោះរូបសម្រស់របស់ស្ត្រីកម្ពុជា ព្រមទាំងសមត្ថភាពដ៏លេចធ្លោ ធ្វើឱ្យផេកធំៗអន្តរជាតិបង្ហោះរូបនាងមិនដែលលោះថ្ងៃ៕

























Account
Security
Favourite Content