តារាចម្រៀង សុវត្ថិ មុនីវណ្ណ ត្រូវជាកូនច្បងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានសម្តែងក្តីរំភើបដែលប្អូនប្រុសពៅ សុវត្ថិ សិរីវុឌ្ឍ បានចូលជាសមាជិកថ្មីក្នុងទ្រនំ ហ្គាឡាក់ស៊ីណាវ៉ាត្រា ជាមួយលោក និងឪពុក។ ម្ចាស់បទ “នាងអើយ” បានសរសើរថា ប្អូនប្រុសពៅលោកមានទេពកោសល្យ និង Talent តែងនិពន្ធល្អ ដូច្នេះលោកសង្ឃឹមថា សុវត្ថិ សិរីវុឌ្ឍ នឹងទទួលបានជោគជ័យសម្រាប់ការចាប់ផ្តើមថ្មីនេះ។


ប្រាប់ឱ្យដឹងក្នុងពិធីចុះហត្ថលេខា សុវត្ថិ សិរីវុឌ្ឍ ជាតារាចម្រៀងប្រចាំ ហ្គាឡាក់ស៊ីណាវាត្រា កាលពីពេលថ្មីៗនេះ សុវត្ថិ មុនីវណ្ណ ថា លោកត្រៀមស្នាដៃចម្រៀងថ្មី ៣ បទបន្ថែមសម្រាប់អ្នកគាំទ្រ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ទស្សនិកជននឹងទទួលបានរសជាតិថ្មីប្លែកជាមួយបទថ្មីទាំង ៣ នោះ ព្រោះជាចម្រៀងបែប Hip Hop ដែលដាក់បញ្ចូលភ្លេងបុរាណខ្មែរ បង្កើតរសជាតិថ្មីសម្រាប់ពុកម៉ែបងប្អូនស្តាប់ និងរាំលេងកម្សាន្ត។
ទន្ទឹមការបង្ហើបស្នាដៃចម្រៀងចូលឆ្នាំ ម្ចាស់បទ «My Angel» ក៏បានប្រកាសថា លោកត្រៀមច្រៀង ft ជាមួយប្អូនប្រុសពៅ សុវត្ថិ សិរីវុឌ្ឍ នាថ្ងៃអនាគត ព្រោះអ្នកទាំងពីរមានគម្រោងរួចហើយ តែចម្រៀងត្រៀម ft បែបណានោះ លោកមិនអាចបញ្ជាក់បានឡើយ គ្រាន់តែបង្ហើបថា វាអាចជាអ្វីដែលពិសេស ព្រោះលោក និង សិរីវុឌ្ឍ សុទ្ធតែចេះតែងនិពន្ធដូចគ្នា។


កំលោះសង្ហា សុវត្ថិ មុនីវណ្ណ ថា លោកពុំបានដាក់ក្តីរំពឹងលើស្នាដៃចម្រៀងថ្មីៗដែលត្រៀមបញ្ចេញនោះឡើយ ដឹងត្រឹមថា លោក និងក្រុមការងារបានព្យាយាមធ្វើអស់ពីសមត្ថភាពសម្រាប់បទថ្មីទាំងនោះ។
គេជឿជាក់ថា ឆាប់ៗនេះគេនឹងបានឃើញឪពុកកូនទាំង ៣ រូប គឺ ព្រាប សុវត្ថិ, សុវត្ថិ មុនីវណ្ណ និង សុវត្ថិ សិរីវុឌ្ឍ ឡើងច្រៀងរួមគ្នាតាម Concert មិនខាន ព្រោះពេលនេះអ្នកទាំង ៣ ជាតារាចម្រៀងក្នុងទ្រនំជាមួយគ្នាហើយ៕
























Account
Security
Favourite Content