ដូចប្រិយមិត្តអ្នកគាំទ្រវិស័យបវរកញ្ញាបានជ្រាបហើយថា ឆ្នាំនេះកម្ពុជា គឺជាម្ចាស់ផ្ទះរៀបចំការប្រកួត Miss Teen International 2023 ដែលមានប្រទេស ២៣ មកចូលរួមប្រកួតប្រជែង។ កម្មវិធី Miss Teen International 2023 រៀបចំឡើងចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៤ ខែមិថុនា ក្នុងនោះ វគ្គប្រកួតបឋមនឹងប្រារព្ធឡើងនៅថ្ងៃទី ១៨ នៅផ្សារទំនើបអ៊ីអនសែនសុខ (Aeon mall 2) ចំណែកការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងប្រារព្ធឡើងនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ។

ការប្រកួតកាន់តែខិតជិតមកដល់ គេសង្កេតឃើញថា Miss Teen តាមបណ្តាប្រទេសផ្សេងៗដែលត្រៀមប្រកួតកម្មវិធី Miss Teen International 2023 បានធ្វើដំណើរមកដល់ព្រះរាជណាចក្រកម្ពុជាបណ្តើរៗហើយ ដើម្បីត្រៀមប្រកួតប្រជែងកម្មវិធីអន្តរជាតិនេះ។
ក្រឡេកទៅមើលបេក្ខភាពតំណាងជាតិកម្ពុជា កញ្ញា សុខ និដាណាត់ វិញ ក៏ត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួត Miss Teen International 2023 ដោយជារឿយៗនាងតែងបង្ហោះវីដេអូពាក់ព័ន្ធការប្រកួត ហើយថ្មីៗនេះនាងក៏បានបង្ហោះវីដេអូណែនាំខ្លួន ដែលបង្ហាញឱ្យឃើញវប្បធម៌ អរិយធម៌ ក៏ដូចជាសក្តានុពលនៃតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះ នាងថែមទាំងលើកឡើងពីគោលបំណង និងមតិតស៊ូរបស់នាងផងដែរ។


បេក្ខភាពតំណាងជាតិកម្ពុជារូបនេះរៀបរាប់ក្នុងវីដេអូថា «នាងខ្ញុំមានគោលបំណងចង់ផ្សព្វផ្សាយពាំនាំ អរិយធម៌ វប្បធម៌ សិល្បៈ ប្រពៃណីនៃប្រទេសកម្ពុជាទៅកាន់ពិភពលោក ព្រមទាំងលើកកម្ពស់ការតស៊ូមតិរបស់នាងខ្ញុំ បញ្ឈប់ការមើលងាយគ្រប់ប្រភេទ ជាពិសេសការមើលងាយទៅលើរូប និងរាងកាយ ព្រមទាំងចែករំលែកពីភាពវិជ្ជមានទៅកាន់យុវវ័យទាំងឡាយឱ្យស្រលាញ់ និងទទួលយកខ្លួនឯងជាខ្លួនឯង»។
«ដើម្បីក្លាយជា Miss Teen International គឺត្រូវមានទាំងកិត្តយស និងការទទួលខុសត្រូវ ប្រសិនបើនាងខ្ញុំក្លាយជា Miss Teen International នាងខ្ញុំនឹងខិតខំប្រើប្រាស់ សំឡេងរបស់ខ្ញុំដើម្បីលើកទឹកចិត្ត និងផ្សព្វផ្សាយទៅកាន់យុវវ័យទាំងអស់ឱ្យយល់ដឹងពីតម្លៃខ្លួន និងទទួលយកអ្វីដែលជាខ្លួនឯងដោយទំនុកចិត្តដូចនាងខ្ញុំផងដែរ»។


ដូច្នេះ កុំភ្លេចរង់ចាំតាមដានដំណើរការប្រកួតរបស់យុវតីរូបស្រស់ សុខ និដាណាត់ ដែលនាងនឹងតំណាងឱ្យកម្ពុជាប្រកួតប្រជែងក្នុងកម្មវិធី Miss Teen International 2023 ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតអន្តរជាតិនេះ និងចូលរួមបោះឆ្នោតគាំទ្រដល់រូបនាងឱ្យមានឱកាសឈានទៅវគ្គបន្ទាប់ទៀត៕



























Account
Security
Favourite Content