នៅក្នុងវីដេអូនៃកម្មវិធី K-POP The Beginning: SMTOWN SMTOWN 30 ប្រធាននៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សិល្បកររបស់ SM Entertainment បានចេញមកចែករំលែករឿងរ៉ាវនឹកស្មានមិនដល់ ដែលផលិតកម្មរបស់ខ្លួនមិនដែលធ្វើ ពីក្រោយការជ្រើសរើស Wonbin មកហ្វឹកហាត់ធ្វើជាតារា។

ដ្បិតកន្លងមក អ្នកគាំទ្រក្រុមតារាខេប៉ុបប្រុស RIIZE ប្រហែលជាបានដឹងខ្លះរួចមកហើយ ពីឱកាសចូលប្រឡូកក្នុងវិស័យសិល្បៈរបស់ Wonbin ដោយសារតែតារាប្រុសវ័យ ២៣រូបនេះ ត្រូវបានផលិតកម្មជ្រើសរើសដោយសារតែរូបភាពនៅក្នុងគណនី Instagram ផ្ទាល់ខ្លួន។
ដោយឡែក នៅក្នុងកម្មវិធីពិសេស K-POP The Beginning: SMTOWN SMTOWN 30 ដែលបានធ្វើឡើងដើម្បីអបអរសាទរដល់គម្រប់ខួប ៣០ឆ្នាំ នៃផលិតកម្ម SM ប្រធាននៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សិល្បករ គឺលោកស្រី Yoon Hee Joon ផ្ទាល់តែម្ដង បានចេញមកចែករំលែករឿងរ៉ាវដែលខ្លួនបានធ្វើ ព្រោះខ្លាចមានក្រុមហ៊ុនដទៃដើម្បី Wonbin យកទៅបាត់។
លោកស្រី Yoon Hee Joon បាននិយាយថា៖ “នៅពេលដែលខ្ញុំបានឃើញវីដេអូរបស់ Wonbin ក្នុងកំលុងពេលប្រជុំនោះ ខ្ញុំដឹងថាគេរស់នៅក្នុងទីក្រុង Ulsan។ ពេលនោះហើយ ដែលខ្ញុំបានប្រាប់ក្រុមការងារថា តស់ទៅចាំទទួលគេនៅស្ថានីយទីក្រុងសេអ៊ូល ហើយត្រូវតែយកគេមកកាន់ទីនេះឱ្យបាន”។
“ធម្មតា យើងមិនដែលឱ្យនរណាទៅទទួលអ្នកថ្មីបែបនេះទេ ហើយពួកគេតែងតែមកកាន់ក្រុមហ៊ុនដោយខ្លួនឯង។ ក៏ប៉ុន្តែខ្ញុំគិតថា ពេលគេមកដល់សេអ៊ូល ប្រាកដជាមាននរណាម្នាក់មកពីក្រុមហ៊ុនណាមួយនឹងព្យាយាមបញ្ចុះបញ្ចូល Wonbin ហើយលួចយកគេទៅពីពួកយើងមិនខាន។ អ៊ីចឹងហើយ បានជាខ្ញុំបញ្ជាឱ្យមានអ្នកចាំទទួលដល់កន្លែងតែម្ដង” លោកស្រីបានប្រាប់ពីមូលហេតុដូច្នេះ។

បន្ទាប់ពីវីដេអូខាងលើនេះបានចែករំលែកនៅបណ្ដាញទំនាក់ទំនងសង្គម សាមីខ្លួនផ្ទាល់ក៏បានចេញមកចែករំលែកពីបទពិសោធន៍របស់ខ្លួនកាលនេះ តាមរយៈកម្មវិធី Weverse ដែរថា៖ “គ្រាន់តែមកដល់ស្ថានីយភ្លាម មានគេឱ្យម៉ាស់មួយមកឱ្យខ្ញុំ។ ខ្ញុំមិនដឹងថាមានរឿងអីកើតឡើងទេ តែខ្ញុំក៏បានពាក់វាទាំងមិនដឹងមូលហេតុ”។
Wonbin បានរៀបរាប់រឿងហួសចិត្តនៅពេលនោះបន្ថែមទៀតថា៖ “តាមពិតទៅ ខ្ញុំបានធ្វើដំណើរមក ក្រោយពីរៀនចប់ភ្លាម ដូច្នេះ ខ្ញុំក៏ពាក់ឯកសណ្ឋានសាលាមកតែម្ដង។ ខ្ញុំចាំបានថា នៅពេលដែលពួកគាត់ឃើញស្លាកឈ្មោះខ្ញុំនៅលើឯកសណ្ឋានសិស្ស ពួកគេបានឱ្យខ្ញុំលាក់វា។ ខ្ញុំឆ្ងល់ថា ក្រុមហ៊ុននេះធ្វើអីហ្នឹង? របៀបថាខ្ញុំគ្រាន់តែជាកូនសិស្សធម្មតា អ៊ីចឹងហើយ ខ្ញុំច្របូលច្របល់ក្នុងចិត្តបន្តិចដែរ”។
ជាក់ស្ដែង ក្រោយពីបានទៅសាកល្បងបញ្ចេញសមត្ថភាព Wonbin បានក្លាយជាតារាហ្វឹកហាត់តាំងតែពីឆ្នាំ ២០១៩។ នៅទីបំផុត ក្នុងឆ្នាំ២០២៣ Wonbin ក៏បានក្លាយខ្លួនជាសមាជិកក្រុម RIIZE ដែលជាក្រុមចម្រៀងខេប៉ុបបុរសទី១ ដែល SM បានបញ្ចេញក្រោយពីលែងមានក្រុមបុរសថ្មីអស់ពេលជាង ៧ឆ្នាំ៕
























Account
Security
Favourite Content