ថ្មីៗនេះ សមាជិកក្រុមចម្រៀង Sistar គឺ Hyolyn ទម្លាយពីចំណាប់អារម្មណ៍របស់នាង ទាក់ទិននឹងរឿងស្នេហាដែលធ្វើឲ្យមហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើល។

តារាស្រី Hyolyn បានបង្ហាញខ្លួនក្នុងកម្មវិធីរបស់ SBS MMTG ដើម្បីត្រៀមខ្លួនផ្សព្វផ្សាយការចេញបទចម្រៀងថ្មីនៅដើមឆ្នាំ ២០២៤។ ក្នុងឱកាសនោះដែរ រូបនាងបាននិយាយពីចំណាប់អារម្មណ៍របស់ខ្លួនទាក់ទិននឹងការចេញបទចម្រៀង ជាពិសេសរំឮកដល់ជីវិតកាលពីទើបចេញច្រៀងជាផ្លូវការដំបូងៗ។

ក្រៅពីនេះម្ចាស់បទ “SEE SEA” ក៏បាននិយាយដល់ជីវិតគូ និងបានលើកឡើងថា ម្ដាយ និងលោកយាយរបស់នាងគឺតែងបន់ស្រន់ឲ្យនាងអាចរកស្វាមីជាមនុស្សល្អព្រមទាំងអាចមើលថែរូបនាង។ សម្រាប់នាងវិញការជ្រើសរើសគូស្រករ វាជារឿងសំខាន់ដោយសារតែមនុស្សម្នាក់នោះគឺត្រូវរួមរស់ជាមួយគ្នាមួយជីវិត។


នាងបានបន្ដថា ចាប់តាំងពីនាងប្រឡូកចូលក្នុងសិល្បៈ នាងមិនដែលចាប់អារម្មណ៍ ឬសេពគប់ជាមួយនរណាម្នាក់ដែលជាតារាដូចគ្នាឡើយ។ នាងមិនចាប់អារម្មណ៍បុរសដែលមានអាជីពជាអ្នកសិល្បៈដូចនាងនោះទេ។ នាងក៏មិនមានអារម្មណ៍ចង់ទាក់ទង និងមានគូដែរ។
តារាស្រីវ័យ ៣៣ ឆ្នាំរូបនោះបន្ថែមថា បើទោះខ្លួនមិនចាប់អារម្មណ៍ និងមិនទាន់ចង់រៀបការ ប៉ុន្ដែនាងក៏មានមង្គលការក្នុងក្ដីស្រមៃដែរ។ ពិធីនោះមិនចាំបាច់ធំដុំពេក តែជាកម្មវិធីដែលអ្នកចូលរួមអាចមានភាពសប្បាយរីករាយ និងគ្មានភាពទើសទាល់។ នាងក៏មិនចង់ស្លៀករ៉ូបវែងរញ៉េរញ៉ៃ សុំត្រឹមសាមញ្ញៗស្រួលខ្លួន។ គួរបញ្ជាក់ថា Hyolyn បានបង្ហាញខ្លួនជាមួយក្រុមចម្រៀង Sistar ក្នុងឆ្នាំ ២០១០។ នាងជាតារាស្រីម្នាក់មានទេពកោសល្យ និងសំឡេងពីរោះ។ ជាបន្ដបន្ទាប់នាងផ្ដោតខ្លាំងលើអាជីពជាអ្នកសិល្បៈរបស់ខ្លួន។ ក្រៅពីមានអាជីពជាតារាចម្រៀង នាងក៏ជាតារាសម្ដែងម្នាក់ និងធ្លាប់បង្ហាញមុខក្នុងរឿងល្បី Dream High វគ្គ ២ កាលពីឆ្នាំ ២០១២៕

























Account
Security
Favourite Content