ដូចប្រិយមិត្តបានជ្រាបហើយថា តារាសម្តែង ស៊ឹម ស្រីនិច្ច ទើបវិលចូលវិស័យសិល្បៈវិញក្រោយប្រកាសឈប់សម្រាកពីវីស័យនេះអស់មួយរយៈ ដោយសារហេតុផលផ្ទាល់ខ្លួន។ ត្រឡប់មកលើកនេះ នាងនៅតែមានប្រជាប្រិយភាពខ្ពស់ និងមានការងារចូលមកច្រើនជាហូរហែ រួមទាំងភាពយន្តផងដែរ។ ក្នុងនោះក៏មានរឿងភាគបុរាណខ្នាតធំ ចំណងជើង «អប្សរាមហាអង្គរ» ជាស្នាដៃតែងនិពន្ធ និងដឹកនាំរឿងរបស់ លោក ហ្វៃ សំអាង ដែលទើបធ្វើពិធីក្រុងពាលីចេញថតនៅព្រឹកមិញនេះ។
តារាសម្តែងរូបស្រស់ ស៊ឹម ស្រីនិច្ច ទម្លាយឱ្យដឹងថា នេះហាក់ដូចក្តីសុបិន្តបានក្លាយជាពិត ព្រោះជាលើកទី១ហើយនាងមានឱកាសថតរឿងភាគបុរាណបែបនេះ។ ស្រីស្រស់សោភារូបនេះបន្តថា ក្នុងរឿងនេះ នាងសម្តែង ៣ តួអង្គធំៗរួមមាន៖
- ទី១ជា តួអង្គព្រះជាយាទី២ ព្រះនាមថា ពនិតា ជារាជក្សត្រិយ៍ មានព្រះរូបឆោមលោមពណ៌ល្អស្រស់សោភា ព្រះរាជចរិយាខាបយកព្រះហទយៈព្រះភស្តាបានច្រើនជាងគេទើបត្រូវរងភាពច្រណែន រហូតដល់មានព្រះសោកដល់ព្រះកាយ។ ព្រះជាយា ពនិតា មានឈុតឆាកបង្ហូរព្រះអស្សុស្ទើរគ្រប់ឆាក តុបតែងមានព្រះរោគដំបៅពេញព្រះកាយត្រូវនិរទេសបណ្តែតចោលលើព្រះក្បូនតាមទឹកស្ទឹងរហូតដល់ទ្រង់សោយព្រះវិលាល័យ។
- ទី២ជា តួអង្គអប្សរាសួគ៌ា។
- ទី៣ ជាតួអង្គកូនស្រីរបស់ព្រះជាយាទី២ ព្រះនាមថា ព្រះធីតា អប្សរ ដែលមានព្រះភក្ត្រដូចព្រះជាយា ពនិតា បេះបិទ។ ព្រះធីតា អប្សរ បើបុរសណាបានឃើញឬក៏អង្គក្សតណាបានទ្រង់ទស្សនាការហើយគឺត្រូវលិចលង់លួចបេះដូង ឬព្រះហទយ:គួចប្រតិព័ទ្ធ ដកចិត្តនិងព្រះទ័យមិនបានឡើយ។ ព្រះធីតា អប្សរ មានព្រះរាជសម្ថតភាព លេងឧបករណ៍តន្ត្រីពិណ ឃឹម ទ្រ ខ្លុយ ព្រះរាជវិជ្ជា ដេរប៉ាក់ ជាពិសេសគឺព្រះធីតា អប្សរ មានព្រះរាជទេពកោសល្យ ទ្រង់ព្រះនច្ចារបាំអប្សរា ដែលផ្ទៃរឿងទាំងមូលត្រូវបង្ហាញ។

ដើម្បីសម្តែងតួអង្គធំៗខាងលើនេះ ស៊ឹម ស្រីនិច្ច ត្រូវសម្រកជាង ១០ គីឡូឯណោះ និងបានចំណាយពេលវេលាជាច្រើន ហាត់របាំ និងត្រូវចំណាយពេលហ្វឹកហាត់ជាក្រុមថែមទៀតផង។ បើទោះបីជាការសម្តែងមើលទៅហាក់មានភាពលំបាកច្រើនក្តី ប៉ុន្តែ ស្រីនិច្ច សប្បាយចិត្តខ្លាំងមែនទែនដែលមានវត្តមានក្នុងរឿងភាគបុរាណខ្មែរខ្នាតធំនេះ។ នាងសង្ឃឹមថា គ្រប់គ្នានឹងគាំទ្រស្នាដៃភាពយន្តខ្មែរ ក៏ដូចជាការសម្តែងរបស់សិល្បករ-សិល្បការនីខ្មែរ៕























Account
Security
Favourite Content