Chani បាននិយាយពីអត្ថន័យនៃការងារសិល្បៈចំពោះលោក ស្របពេលដែលតារាប្រុសរបស់កូរ៉េខាងត្បូងរូបនេះបានប្រឡូកក្នុងវិថីសិល្បៈចាប់តាំងពីវ័យកុមារ ក្នុងនាមជាសមាជិកក្រុមចម្រៀងខេប៉ុប SF9 ផង និងតារាសម្ដែង Kang Chan Hee ផង។

កាលពីពេលថ្មីនេះៗ Chani ទើបតែបានក្លាយខ្លួនជាតារាម៉ូដែលប្រចាំខែមេសា របស់ទស្សនាវដ្ដី Men Noblesse ដោយការងារថតរូបបង្ហាញម៉ូដនេះ លោកត្រូវថតរូបក្រោមប្រធានបទ Another Me ឬជាការជីកកកាយពីជ្រុងម្ខាងទៀតនៃជីវិតរបស់តារាប្រុសរូបនេះផ្ទាល់តែម្ដង។
បន្ថែមពីការងារខាងលើ តារាប្រុសវ័យ ២០ឆ្នាំក៏បានផ្ដល់បទសម្ភាសន៍ផ្ដាច់មុខមួយជាមួយនឹង Men Noblesse ផងដែរ។ នៅពេលដែលអ្នកសារព័ត៌មានបានសាកសួរពីអត្ថន័យរបស់តន្ត្រី និងការសម្ដែងសម្រាប់លោក តារាពហុជំនាញបានផ្ដល់និយមន័យថា របស់ទាំងពីរនេះគឺជា ជីវិតរបស់លោក។
ជាក់ស្ដែង Chani បាននិយាយថា៖ “តន្ត្រី និងការសម្ដែងគឺជាគ្រប់យ៉ាងសម្រាប់ខ្ញុំ។ វាគឺជាខ្ញុំ។ ស្ដាប់ទៅវាអាចរៀងលើសបន្តិចមែន តែខ្ញុំបានធ្វើវាតាំងតែពីខ្ញុំនៅតូចៗ។ និយាយស្មោះត្រង់ទៅ នៅពេលដែលគិតថានឹងធ្វើអ្វីផ្សេង ខ្ញុំមានអារម្មណ៍ថា ខ្លាច និងមិនប្រាកដចិត្តនោះទេ”។

ចាប់ផ្ដើមប្រឡូកជាតារាសម្ដែងវ័យក្មេង ពោលតាំងតែពីវ័យ ៩ឆ្នាំ លោកក៏មិនភ្លេចដឹងគុណដល់អ្នកគាំទ្រដែលតែងតែលើកទឹកចិត្តដល់ខ្លួន រហូតអាចមានប្រជាប្រិយភាពដូចសព្វថ្ងៃនេះ។ ដ្បិតបែបនេះក្ដី Chani ក៏បានបង្ហាញការតាំងចិត្ត នឹងបន្តអភិវឌ្ឍខ្លួនទៅមុខបន្ថែមទៀតដែរ។
គួរឱ្យដឹងផងដែរថា Chani កំពុងតែមមាញឹកជាមួយនឹងតួនាទីទាំង ២របស់ខ្លួន។ ក្នុងនាមជាតារាចម្រៀង SF9 ទើបតែបានចេញអាល់ប៊ុមថ្មី LOVE RACE កាលពីថ្ងៃទី១១ ខែមីនាកន្លងទៅនេះ និងកំពុងទទួលបានប្រជាប្រិយភាពពីអ្នកគាំទ្រទាំងក្នុង និងក្រៅស្រុក។ ឯការងារជាតារាសម្ដែងវិញ នៅក្នុងឆ្នាំ ២០២៥នេះ Chani បានលេចវត្តមាននៅក្នុងរឿងភាគ The Scandal of Chunhwa និងរឿងថ្មីមួយចំណងជើងទៀត គឺរឿង Ghosts ដែលនឹងចាក់ផ្សាយនៅថ្ងៃទី៩ ខែមេសាខាងមុខនេះ៕


























Account
Security
Favourite Content