ក្រុមចម្រៀងខេប៉ុប SEVENTEEN បានសន្យាថានឹងបរិច្ចាគ ១ លានដុល្លារដើម្បីជួយមនុស្សជុំវិញពិភពលោកឱ្យបន្តក្តីសុបិនរបស់ពួកគេ ក្រោយត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈ K-pop ដំបូងសម្រាប់យុវវ័យនៅទីស្នាក់ការកណ្តាលរបស់អង្គការយូណេស្កូក្នុងទីក្រុងប៉ារីស។

កាលពីថ្ងៃទី២៦ ខែមិថុនា ក្រុមចម្រៀងប្រុសមានសមាជិក ១៣ នាក់ មួយនេះបានចូលរួមក្នុងពិធីតែងតាំងទូតសុច្ឆន្ទៈសាកលរបស់អង្គការយូណេស្កូ ក្រោមអធិបតីភាពអគ្គនាយកអង្គការយូណេស្កូ លោកស្រី Audrey Azoulay ។
នៅក្នុងសុន្ទរកថាក្នុងពិធី សមាជិកក្រុម SEVENTEEN Joshua បាននិយាយថា “ក្នុងនាមជាទូតសុច្ឆន្ទៈតំណាងយុវជន ពួកយើងនឹងរួមចំណែកក្នុងការកសាងសហគមន៍ដែលគាំទ្រយុវជនសម្រាប់អនាគតដ៏ល្អប្រសើរ និងមិនធ្វើឱ្យពួកគេមានអារម្មណ៍ឯកោនោះឡើយ”។

មិនតែប៉ុណ្ណោះ សមាជិកក្រុមចម្រៀងដែលជាម្ចាស់អាល់ប៊ុម “FML” ជាអាល់ប៊ុមលក់ដាច់បំផុតលើពិភពលោកក្នុងឆ្នាំ ២០២៣ រូបនេះបានបន្ថែមថា ក្រុមរបស់ពួកគេនឹងបរិច្ចាគប្រាក់ ១ លានដុល្លារដល់យុទ្ធនាការ Going Together ដែលដឹកនាំដោយគណៈកម្មការជាតិកូរ៉េសម្រាប់អង្គការយូណេស្កូ ដែលមានគោលបំណងលើកកម្ពស់សារៈសំខាន់នៃការអប់រំ និងអនាគតយុវជនជុំវិញពិភពលោក។ ខណៈកម្មវិធីកំពុងដំណើរការ មានអ្នកគាំទ្រជាច្រើនបានរង់ចាំទទួលស្វាគមន៍ពួកគេនៅខាងក្រៅក្លោងទ្វារទីស្នាក់ការ។
គួរបញ្ជាក់ដែរថា កម្មវិធីតែងតាំងនេះបានធ្វើឡើងរយៈពេល២ថ្ងៃ មុនក្រុម SEVENTEEN ក្លាយជាក្រុម K-pop ដំបូងគេដែលបានឡើងសម្តែងក្នុងព្រឹត្តិការណ៍មហោស្រពតន្ត្រី Glastonbury នៅប្រទេសអង់គ្លេស នៅថ្ងៃសុក្រ ទី២៨ ខែមិថុនា ៕

























Account
Security
Favourite Content