តារាស្រីល្បីឈ្មោះ Selena Gomez បានរងមតិរិះគន់ជាច្រើនបន្ទាប់ពីបានចេញវីដេអូយំសោកជុំវិញការអនុវត្តផែនការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់របស់ប្រធានាធីបតី Donald Trump កាលពីសប្ដាហ៍មុន។

តាមរយៈវីដេអូបង្ហោះលើគណនី Instagram ដែលក្រោយមកនាងបានលុបចោលវិញ តារាចម្រៀងនិងសម្ដែងរូបនេះបានសម្រក់ទឹកភ្នែកបន្ទាប់ពីឃើញមនុស្សជិត ១ ពាន់នាក់ត្រូវបានចាប់ខ្លួនក្នុងរយៈពេល ៣ ថ្ងៃនៅទីក្រុងធំៗក្នុងសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការវាយឆ្មក់អនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ។
តារាស្រីវ័យ ៣២ឆ្នាំរូបនេះបានយំនិងរៀបរាប់ថា៖ “ខ្ញុំសោកស្ដាយណាស់ មនុស្សរបស់ខ្ញុំទាំងអស់ត្រូវរងការវាយប្រហារ មានទាំងក្មេងៗទៀត។ ខ្ញុំមិនយល់ទេ ខ្ញុំសុំទោសដែលខ្ញុំចង់ធ្វើអ្វីមួយ ប៉ុន្តែខ្ញុំមិនអាចធ្វើបាន ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងណាទេ ខ្ញុំនឹងព្យាយាមគ្រប់យ៉ាង” និងបានដាក់ Caption វីដេអូជា emoji រូបទង់ជាតិម៉ិកស៊ិក ព្រមជាមួយពាក្យថា៖ “ខ្ញុំសុំទោស”។
បន្ទាប់ពីចេញវីដេអូខាងលើ Selena Gomez ក៏បានជួបនឹងប្រតិកម្មយ៉ាងខ្លាំងពីអ្នកគាំទ្រលោក Trump ដោយមតិខ្លះនិយាយនាងថាជាមនុស្សពូកែសម្តែង មតិខ្លះក៏បណ្ដេញឱ្យនាងចេញពីអាមេរិកតាមជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះទៅ។ បន្ទាប់ពីលុបឃ្លីបនោះចោល នាងបានសរសេរនៅលើ Instagram Story ថា៖ “មើលទៅ វាមិនអូខេទេក្នុងការបង្ហាញការអាណិតមនុស្សដូចគ្នា”។

គួររំឭកថា Selena Gomez បានកើតក្នុងរដ្ឋតិចសាស ខណៈឪពុករបស់នាងមានដើមកំណើតម៉ិកស៊ិក ដោយគ្រួសាររបស់នាងបានចាកចេញពីប្រទេសម៉ិកស៊ិកមករស់នៅសហរដ្ឋអាមេរិកក្នុងជំនាន់តាយាយរបស់នាង។ ទោះបីជាបានឆ្លងព្រំដែនមកដោយខុសច្បាប់ ប៉ុន្តែ Selena Gomez អះអាងថាគ្រួសាររបស់នាងខិតខំធ្វើការយ៉ាងខ្លាំងដើម្បីទទួលបានសញ្ជាតិអាមេរិក។ ក្នុងបទសម្ភាសជាមួយទស្សនាវដ្ដី Time កាលពីឆ្នាំ២០១៩ នាងបាននិយាយថា នាងទទួលស្គាល់ថាការអនុវត្តច្បាប់ពិតជាសំខាន់ ប៉ុន្តែជនអន្តោប្រវេសន៍ក៏បានចូលរួមចំណែកកសាងប្រទេសដូចគ្នា។
នាងបានបន្តថា៖ “ខ្ញុំមិនអះអាងថាជាខ្លួនអ្នកជំនាញទេ ខ្ញុំមិនមែនជាអ្នកនយោបាយ ខ្ញុំក៏មិនមែនជាបណ្ឌិត ហើយខ្ញុំក៏មិនធ្វើការក្នុងប្រព័ន្ធដែរ។ ខ្ញុំយល់ថាវានៅមានចន្លោះប្រហោង ហើយយើងត្រូវការច្បាប់ និងបទប្បញ្ញត្តិ ប៉ុន្តែយើងក៏ត្រូវចាំដែរថាប្រទេសរបស់យើងត្រូវបានកសាងឡើងដោយមនុស្សដែលមកពីប្រទេសផ្សេងៗគ្នា” ៕
























Account
Security
Favourite Content