ម្ចាស់ជយលាភីអន្តរជាតិ Miss Petite Global 2022 សារី ស្រីពេជ្រ កំពុងមានក្តីសុខយ៉ាងពេញទំហឹងជាមួយគូស្នេហ៍វ័យក្មេង ភារីន រីប៊ើ។ ប្រាប់ឱ្យដឹងក្នុងថ្ងៃជំនួបតារារឿង «ដឹកបេះដូងរកស្នេហ៍» ស្រីពេជ្រ ថា បច្ចុប្បន្នសេ្នហារបស់នាងរលូនល្អគ្មានភាពរកាំរកូសអ្វីឡើយ ពោលគឺនៅតែផ្អែមល្ហែមដាក់គ្នាដូចពេលដំបូងដែលបានចាប់ផ្តើម។

គ្រាន់តែពេលនេះអ្នកទាំង២ រវល់ច្រើនរៀងខ្លួន ហើយក៏មានការងារមួយចំនួនត្រូវធ្វើជាមួយគ្នាផងដែរ។ ជាក់ស្តែង ដូចជា ការថតរឿង ថតវីដេអូប្រម៉ូតស៉្បតពាណិជ្ជកម្ម និងការងារផ្សេងៗទៀត ធ្វើឱ្យអ្នកទាំងពីរមានឱកាសបានជួបមុខគ្នាច្រើនគួរសម។



ក្រឡេកមកវិស័យបវរកញ្ញាវិញ ស្រ្តីខ្មែរដំបូងគេបំបែកកំណត់ត្រាឈ្នះមកុដអន្តរជាតិ សារី ស្រីពេជ្រ នៅតែស្រលាញ់វិស័យនេះខ្លាំង ហើយចិញ្ចឹមចិត្តចង់វិលត្រឡប់មកប្រកួតម្តងទៀតក្នុងឆ្នាំណាមួយ។
សព្វថ្ងៃនាងមានកម្មវិធីក្នុងចិត្ត ២ គឺ Miss Grand និង Miss Universe ប៉ុន្តែពុំទាន់ដឹងថា នឹងជ្រើសរើសកម្មវិធីណាមួយឡើយ ខណៈសាមីខ្លួននាងកំពុងសម្លឹងមើលសក្តានុពល និងទស្សនវិស័យរបស់កម្មវិធីទាំងពីរនេះ រួចទើបធ្វើការសម្រេចចិត្តតាមក្រោយ។ អ្វីដែល ស្រីពេជ្រ ផ្តោតសំខាន់ពេលនេះ គឺការងារសិល្បៈចំពោះមុខ និងឆ្លៀតពេលដុះខាត់សមត្ថភាពបន្ថែម ឱ្យប្រាកដថា ការវិលត្រឡប់របស់នាងនឹងទទួលបានជោគជ័យជាផ្លែផ្លា។


ដើម្បីឱ្យកាន់តែមានភាពជឿជាក់ខ្ពស់ ស្រីពេជ្រ គិតថា នាងគួរតែពង្រឹងការដើរបន្ថែម ក៏ដូចជារៀនភាសា និងហ្វឹកហាត់លើ Q&A ឱ្យកាន់តែខ្លាំង ព្រោះ Q&A ជាចំណុចសំខាន់បំផុតក្នុងការប្រកួតប្រជែង មិនថាការប្រកួតថា្នក់ជាតិ ឬអន្តរជាតិនោះទេ៕
























Account
Security
Favourite Content