នៅថ្ងៃទី១១ ខែកញ្ញានេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមក្នុងប្រទេសចិនកំពុងតែផ្ទុះមានប្រធានបទ ទាក់ទងនឹងការប្រទះឃើញរាងកាយរបស់តារាសម្ដែងចិន Yu Menglong បានដេកស្លាប់ក្នុងទីតាំងមួយកន្លែងនៅក្នុងទីក្រុងប៉េកាំង ខណៈមានការលើកឡើងថា លោកបានលោតសម្លាប់ខ្លួន។

ដ្បិតបច្ចុប្បន្ននេះ សាធារណជនកំពុងតែរង់ចាំការបញ្ជាក់ពីសាមីខ្លួន ក្រុមគ្រួសារ ឬទីភ្នាក់ងារទាក់ទឹងពាក្យចចាមអារ៉ាមនេះក្តី តែបើតាមសម្ដីរបស់បុគ្គលជិតស្និទ្ធនឹងតួប្រុសពីរឿង The Legend of White Snake បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែកញ្ញានេះ តារាប្រុសវ័យ ៣៧ឆ្នាំ បានអញ្ចើញមិត្តភក្តិមួយក្រុមទៅទទួលទានអាហារពេលល្ងាចជុំគ្នា។ បន្ទាប់ពីនោះ នៅម៉ោង ២យប់លោកបានចូលគេង ដោយចាក់សោរបន្ទប់។
បន្តមកដល់ម៉ោង ៦ព្រឹក នៅពេលដែលក្រុមមិត្តភក្តិកំពុងតែត្រៀមខ្លួនចេញពីផ្ទះតារាប្រុស ពួកគេមិនបានឃើញ Yu Menglong ទេ មុននឹងមកជួបរាងកាយរបស់តារារូបនេះនៅជាន់ខាងក្រោម។ យ៉ាងណាមិញ មានការឱ្យដឹងបន្ថែមទៀតថា អ្នកជិតខាងម្នាក់ដែលបានចេញមកបណ្ដើរឆ្កែនៅពេលព្រឹក ជាអ្នកឃើញហេតុការណ៍នេះ និងបានទាក់ទងទៅកាន់ប៉ូលិស។ ព័ត៌មានផ្សេងទៀតបានរាយការណ៍ថា នៅជាប់នឹងខ្លួនរបស់ Yu Menglong គេបានប្រទះឃើញមាននាឡិកា Rolex របស់មិត្តភក្តិចំនួន ២នៅក្នុងហោប៉ៅរបស់លោក ស្របពេលដែលបង្អួចបន្ទប់ក៏បានបើកចំហរចោល។



បន្ថែមពីនេះក៏មានពាក្យចចាមអារ៉ាមបន្តទៀតថា បច្ចុប្បន្ន ប៉ូលិសបានមិនបានចាត់ទុកសកម្មភាពជាអំពើឧក្រិដ្ឋកម្មនោះទេ ក៏ប៉ុន្តែដើមហេតុជាក់លាក់កំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ខណៈនៅលើបណ្ដាញសង្គមរបស់ចិនមានការលើកឡើងថា Yu Menglong បានលោតសម្លាប់ខ្លួន។
តាមរយៈសារព័ត៌មាន Sohu ក៏មានអ្នកគាំទ្របានទាក់ទងទៅនឹងកាន់ប៉ុស្តិ៍ប៉ូលិស Jiangtai ក្នុងស្រុក Chaoyang ដើម្បីសាកសួរពីហេតុការណ៍នេះដែរ តែប៉ូលិសមិនបានបញ្ជាក់ថា ហេតុការនេះជារឿងពិតឬយ៉ាងណាទេ ដោយឱ្យអ្នកគាំទ្ររូបនោះរង់ចាំមើលព័ត៌មាន។
សូមរំឭកផងដែរថា កន្លងមកក៏ធ្លាប់មានពាក្យចចាមអារ៉ាមថា Yu Menglong បានកើតមានជំងឺបាក់ទឹកចិត្ត តែសាមីខ្លួនបានឆ្លើយតបវិញថា លោកគ្រាន់តែជាមនុស្សមិនសូវចេះនិយាយ និងឆាប់មានប្រតិកម្មខាងផ្លូវអារម្មណ៍។ យ៉ាងណាមិញ អ្នកគាំទ្រដែលបានសង្កេតរូបរាងរបស់តួប្រុសរូបនេះ តាមរយៈរូបភាពនៅលើគណនីបណ្ដាញសង្គម បានយល់ឃើញថា លោកបានស្រកគីឡូច្រើន តាមបែបមនុស្សដែលមានបញ្ហាផ្លូវចិត្ត មិនមែនដូចរូបរាងរបស់តារាដែលចង់ថែរាងឱ្យស្គមនោះទេ៕


























Account
Security
Favourite Content