ជារឿងរន្ធត់នាដើមឆ្នាំថ្មី ២០២៥ ដែលខាងផ្នែកសិល្បៈចម្រៀង ត្រូវបាត់បង់អ្នកមានទេពកោសល្យម្នាក់ គឺ RuthKo ដែលជាតារារ៉េបដ៏ល្បីល្បាញ និងកំពុងធ្វើជាគ្រូបង្វឹកកម្មវិធី ប្រកួតប្រជែងមួយទៀតផង។

បើតាមការចុះផ្សាយនានាកាលពីយប់ថ្ងៃ ៥ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ បានបញ្ជាក់ថា RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍ និងបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។ ដោយម្ចាស់បទ «រាល់ថ្ងៃនេះ» ជិះម៉ូតូធំ បានបុកជាមួយរថយន្ត LEXUS RX330 ដែលបើកបត់ឆ្លងបញ្ច្រាស ចូលបុរីប៉េងហួត។ ហេតុការណ៍នេះស្ថិតនៅផ្លូវ ៦០ ម៉ែត្រ មុខបុរីប៉េងហួត សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង០១៖ ៤០ នាទីយប់ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ នេះ។
ក្រោយទទួលដំណឹងដ៏រន្ធត់នេះរួចមិត្តរួមអាជីពដែលជាអ្នកសិល្បៈពិតជាភ្ញាក់ផ្អើលខ្លាំង និងសោកស្ដាយពន់ពេកចំពោះពីការបាត់បង់ធនធានដ៏សំខាន់ម្នាក់ក្នុងវិស័យរ៉េបនៅកម្ពុជា។ តារាដែលជាមិត្តជិតស្និទ្ធរបស់ RuthKo មាន KingChi ទេព ពិសិដ្ឋ សុទ្ធតែបានទៅមើលដល់កន្លែងកើតហេតុ ពេលទទួលបានដំណឹងសោកសៅនោះភ្លាម។



គួរបញ្ជាក់ថា ដាវិឌ ប្ញទ្ធិរុទ្រ ឬ RuthKo ជាកូនកាត់បារាំងខ្មែរ មានអាយុ ២៥ ឆ្នាំ។ លោកជាគ្រូបង្វឹកក្មេងជាងគេក្នុងកម្មវិធី “The Rapper Cambodia” ផងដែរ កាលពីឆ្នាំ ២០២៣ ។ ចូលដល់ឆ្នាំ ២០២៤ លោកត្រូវបានជ្រើសរើសជាគ្រូបង្វឹកក្នុងកម្មវិធីរ៉េបមួយទៀតដែរ មានឈ្មោះថា «Rapper Fighter » ហើយលោកក៏ទើបទទួលបានតំណែងជា BA ឲ្យផលិតផលភេសជ្ជៈមួយដែរ។ ២០២៤ បទល្បីបំផុតរបស់ RuthKo គឺ «បងមកពីលិច»។
កាលឆ្នាំ ២០២៣ RuthKo ស្ថិតក្នុងបញ្ជីរបស់ LiFTED ជាកំពូលតារារ៉េបទាំង ៥០ កំពូលនៅអាស៊ី ដោយលោកឈរនៅលេខរៀងទី ៤៦ នៅក្នុងបញ្ជីនោះ៕
រូបភាព៖RuthKo























Account
Security
Favourite Content