កូនឆ្កែដែល Rosé បានយកមកចិញ្ចឹមតាំងតែពីឆ្នាំ ២០២០ បានបង្ហាញវត្តមាននៅលើក្របទស្សនាវដ្ដី DOGUE ដែលជាគម្រោងពិសេសរបស់ទស្សនាវដ្ដីល្បីឈ្មោះ VOGUE ដោយបានប្រមូលផ្ដុំសុនករបស់តារាល្បីៗមកថតរូបដាក់ក្រប។

កាលពីយប់ថ្ងៃទី១៨ ខែសីហានេះ គណនីបណ្ដាញទំនាក់ទំនងសង្គមរបស់ VOGUE បានបើកបង្ហាញក្របទស្សនាវដ្ដី DOGUE ដោយបាននាំយកសត្វចញ្ចឹមរបស់តារាល្បីឈ្មោះជាច្រើនរូបមកបង្ហាញ ក្នុងនោះក៏មានសត្វឆ្កែសំណព្វចិត្តរបស់ Rosé ដែលមានអ្នកចុចតាមដានចំនួន ៤.៦ លាននាក់នៅលើគណនី Instagram ផងដែរ។
ទស្សនាវដ្ដីសញ្ជាតិអាមេរិកកាំងមួយនេះ បានរៀបរាប់ថា៖ “ឆ្កែតូចរបស់ Rosé គឺ Hank ជាកូនឆ្កែដែលមានជីវិតសាមញ្ញ។ នៅពេលដែលតារាស្រីរវល់នឹងដំណើរប្រគំតន្រ្តីទេសចរណ៍ ឬពេលចូលរួមកម្មវិធី Fashion Week យើងអាចឃើញ Hank អង្កៀមស្រោមជើងនៅផ្ទះ ឯទីក្រុងសេអ៊ូល ឬនៅហាងកាហ្វេម្ដុំនោះ”។




បន្ថែមពីនេះ ការបង្ហោះដដែលបានឱ្យដឹងដូចគ្នាថា Rosé ក៏ធ្លាប់នាំ Hank ទៅទីតាំងថតរបស់ខ្លួនផងដែរ ដោយសមាជិកក្រុម BLACKPINK រូបនេះ បានចាត់ទុកកូនឆ្កែវ័យ ៥ឆ្នាំ ដូចជាកូនបង្កើតរបស់ខ្លួនដែរ។ ជាក់ស្ដែង ម្ចាស់បទ Toxic till the end បានរៀបរាប់ថា៖ “ខ្ញុំនិយាយជាមួយគាត់ ដូចគាត់ជាកូនប្រុសរបស់ខ្ញុំអ៊ីចឹង។ ខ្ញុំនិយាយទាំងភាសាកូរ៉េ និងអង់គ្លេសជាមួយគាត់។ អ៊ីចឹងហើយ Hank គឺជាឆ្កែដែលចេះ ២ភាសា”។
គួរឱ្យដឹងផងដែរថា DOGUE គឺជាគម្រោងពិសេសមួយ បំផុសគំនិតចេញពីរូបថតរបស់សុនកដែល VOGUE ធ្លាប់បានថតពីមុនមក ដោយគ្រានេះ DOGUE បានផ្ដិតយករូបថតសត្វឆ្កែជាច្រើនក្បាលរបស់តារាល្បីៗ រាប់ចាប់ពី Goodwin និង Louie របស់ Sabrina Carpenter រួមទាំងកូនឆ្កែទាំង ៤របស់ Maluma គឺ Buda, Karma, Bonnie និង Clyde ជាដើម៕

























Account
Security
Favourite Content