កាលពីថ្ងៃទី ៥ ខែតុលា មេក្រុម BTS RM បានជជែកជាមួយអ្នកគាំទ្រ ARMY តាមរយៈការផ្សាយផ្ទាល់លើ Weverse ព្រមទាំងបានបើកបង្ហាញអំពីទស្សនៈរបស់ខ្លួនទាក់ទងនឹងការរៀបការ និងការមានកូន ដែលគួរតែជាជម្រើសផ្ទាល់ខ្លួន មិនមែនជាអ្វីដែលមនុស្សគ្រប់គ្នាចាំបាច់ត្រូវធ្វើដោយសារតែសម្ពាធសង្គមនោះទេ។

RM បានចាប់ផ្តើមដោយនិយាយអំពីជីវិតផ្ទាល់ខ្លួនរបស់លោកថា “ខ្ញុំមានអាយុ ៣២ ឆ្នាំហើយ។ ប្រសិនបើខ្ញុំជួបមនុស្សត្រឹមត្រូវនៅពេលត្រឹមត្រូវ ខ្ញុំប្រហែលជារៀបការ ឬពុំដូច្នោះទេគឺនៅលីវបែបហ្នឹងដដែល។ ខ្ញុំមិនគិតថាមានចម្លើយត្រឹមត្រូវសម្រាប់រឿងនោះទេ”។
តារារូបនេះនិយាយថា “រាល់ថ្ងៃនេះ មនុស្សគ្រប់រូបមានអារម្មណ៍តានតឹងចំពោះរឿងរៀបការ តែមានហេតុផលជាច្រើនដែលត្រូវពិចារណា ជាពិសេសចំពោះមនុស្សស្រី។ ខ្ញុំគិតថាសង្គម និងប្រព័ន្ធផ្សព្វផ្សាយដាក់សម្ពាធលើពួកគេអំពីការមានកូន និងរឿងផ្សេងៗទៀត។ ខ្ញុំគ្រាន់តែសង្ឃឹមថាអ្នករាល់គ្នាអាចរស់នៅតាមជម្រើសរបស់ខ្លួនឯង”។
លោកបន្តទៀតថា “ប្រសិនបើនរណាម្នាក់ជ្រើសរើសរៀបការដើម្បីគេចពីភាពឯកា ខ្ញុំមិនគិតថានោះជាហេតុផលត្រឹមត្រូវនោះទេ។ ហើយចំពោះការមានកូន ខ្ញុំក៏មិនប្រាកដអំពីរឿងនេះដែរ។ និយាយតាមត្រង់ទៅ ខ្ញុំចិញ្ចឹមខ្លួនឯងមិនចង់រស់ផង។ ការមានកូន អាចមិនដូចអ្វីដែលយើងចង់បាននោះទេ។ កូនៗមានគំនិតរៀងខ្លួន។ ពេលគិតដល់បញ្ហាដែលខ្ញុំទុកអោយឪពុកម្តាយខ្ញុំតាំងពីកើតមក ហើយបើកូនខ្ញុំកើតមកដូចខ្ញុំ ស្លាប់ហើយ ខ្ញុំមិនដឹងថាវេទនាប៉ុណ្ណាទេ។ ប៉ុន្តែប្រាកដណាស់ វាមិនមានចម្លើយត្រឹមត្រូវនោះទេ”។
RM ក៏បានចង្អុលបង្ហាញថាអ្នកដែលកើតនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ទំនងជាអ្នកជំនាន់ដំបូងនៅក្នុងប្រទេសកូរ៉េដែលចាត់ទុកអាពាហ៍ពិពាហ៍ជាជម្រើស មិនមែនជាអ្វីដែលធ្វើតាមការរំពឹងទុកនោះទេ។ លោកជឿថាមនុស្សគ្រប់រូបគួរតែមានជម្រើស និងសមត្ថភាពក្នុងការសម្រេចចិត្តដោយខ្លួនឯង ៕
























Account
Security
Favourite Content