កម្មវិធី Miss Universe Cambodia បានបង្ហាញសមាសភាពបេក្ខជនចូលរួមហើយសម្រាប់ឆ្នាំ ២០២៥ នេះ។ ក្រោយបង្ហាញមុខ Miss Universe Cambodia 2025 បេក្ខភាពទាំង ២០ រូប មហាជនលាន់មាត់សរសើរស្ថាប័ន Miss Universe Cambodia របស់លោក ឈួង យីវឆូយ ដែលសម្រិតសម្រាំងបានអ្នកចូលរួមប្រកួតឆ្នើមៗ។

ក្នុងចំណោម ២០ បេក្ខភាព Miss Universe Cambodia 2025 ទាំងអ្នកគាំទ្រវិស័យបវរកញ្ញា និង Fan Page ជាច្រើនបានបានសង្កេតឃើញថា បេក្ខភាព ៥ រូបដែលមានឱកាសខ្ពស់ អាចជាប់ក្នុង Top 5 ថ្ងៃផ្ដាច់ព្រ័ត្រជាក់ជាមិនខាន។ តែមិនមែនមានន័យថា បេក្ខភាពដទៃគ្មានសមត្ថភាពឡើយ គ្រាន់តែជាការប៉ាន់ស្មាន ដោយផ្អែកលើបទពិសោធន៍ និងភាពល្បីល្បាញនៅតាមបណ្ដាញសង្គម។
បេក្ខភាពទាំង ៥ រូបនោះមានដូចជា ថៃ នារីសុជាតា MUC07, ពេជ្រ វត្តីសារ៉ាវឌ្ឍី MUC19, សុខគា គីមលាង MUC15, រ៉េត ស្រីនាថ MUC01 និង ជា ដេវីណា MUC13។ តើអ្វីទៅដែលបណ្ដាលឲ្យមតិភាគច្រើនគិតថា ៥ រូបនោះ? ខាងក្រោមគឺជាចំណុចពិសេសៗដែល ៥ រូបនោះ អាចក្លាយជា Top 5 Miss Universe Cambodia 2025៖
ថៃ នារីសុជាតា
MUC07 ដែលអ្នកតាមដានបណ្ដាញសង្គមជាច្រើនស្គាល់ឈ្មោះក្រៅហៅថា Fiyata ពិតជាមានភាពលេចធ្លោខ្លាំងទាំងសម្រស់ និងសមត្ថភាព។ នាង គឺជា Freshies Girl លេខ២ ឆ្នាំ ២០១០ ហើយក៏ជាតារាសម្ដែង តារាចម្រៀង តារាបង្ហាញម៉ូដ ព្រមទាំងជាអ្នកជំនួញស្ត្រីម្នាក់ដែលខិតខំប្រឹងប្រែងដោយខ្លួនឯង។ និយាយពីចំណេះដឹង Fiyata ធ្លាប់បានទៅសិក្សានៅបរទេសផ្នែកដើរម៉ូដ និងឌីហ្សាញ ជាហេតុធ្វើឲ្យអ្នកម្ដាយកូន១រូបនេះ ស្លៀកពាក់បានសមសួនគ្រប់ពេល។

កូនស្រីនៃត្រកូលអ្នកសិល្បៈរូបនេះ មានរូបរាងស្រស់ស្អាត សិចស៊ី កែវភ្នែកមុតស្រួច ព្រមជាមួយទឹកមុខមានអំណាច។ ការដើរខ្លួនថ្ងៃបំពាក់ឆៀង ហ្វីយ៉ាតា បានបង្ហាញឲ្យអ្នកទស្សនាឃើញយ៉ាងច្បាស់ពីភាពជឿជាក់ ថាមពល និងការតាំងចិត្តរួចជាសម្រេច។ អ្នកគាំទ្រនាងមិនព្រួយបារម្ភ ហ្វីយ៉ាតា ឡើយ ព្រោះនាងពូកែទាំងភាសាអង់គ្លេស និងថៃ ព្រោះនាងបានទៅរៀនបន្តនៅទីនោះជាច្រើនឆ្នាំ។


ពេជ្រ វត្តីសារ៉ាវឌ្ឍី
វត្តី ត្រូវបានអ្នកគាំទ្រហៅថា Queen នាងពិតជាអស្ចារ្យ និងបង្ហាញភាពជឿជាក់បានគ្រប់កាលៈទេសៈ ហើយថ្ងៃបំពាក់ឆៀង ក៏មិនខុសពីសព្វមួយដងដែរ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់មកុដ Miss Grand Cambodia 2022 និងជាលំដាប់រងទី ៥ Miss Grand International 2022 មិនពិបាកឡើយ ក្នុងការក្លាយជាទីចាប់អារម្មណ៍ ឬអាចនិយាយថា មកុដ Miss Universe Cambodia 2025 អាចគេចមិនផុតពីដៃនាងឡើយ។

ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនត្រឹមតែមានបទពិសោធន៍លើឆាក Grand ប៉ុណ្ណោះទេ នាងក៏ធ្លាប់ជាបេក្ខភាព Miss Universe Cambodia 2020 ដែរ គ្រាន់តែគ្រានោះបវរកញ្ញាមានប្រភពមកពីកំពង់សោមមិនទាន់ត្រៀមខ្លួន សម្រាប់ចក្រវាលតែប៉ុណ្ណោះ។ ក្រោយសន្សំបទពិសោធន៍ទាំងឆាកបវរកញ្ញា និងឆាកបង្ហាញម៉ូដជោកជាំ វត្តី ពិតជាបានចូលមកវេទិកា Miss Universe Cambodia ម្ដងទៀតមែន។
ថ្ងៃបំពាក់ឆៀង វត្តីសារ៉ាវឌ្ឍី បានបង្ហាញពីភាពខ្លាំងទាំងដំណើរ ទឹកមុខ និងបច្ចេកទេសបង្វិលខ្លួន បើទោះជាឈុតមានភាពពិបាកយ៉ាងណាក៏ដោយ។


សុខគា គីមលាង
ក្រោយកសាងភាពល្បីល្បាញ និងកសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈបុរាណ នាដកដ៏ល្បីល្បាញ សុខគា គីមលាង ហៅថា Kon Ant បានប្រឡូកចូលវិស័យបវរកញ្ញាវិញម្ដង។ MUC15 ជាស្ត្រីថ្លៃថ្នូរ មានចំណេះដឹង សម្រស់ ទាន់សម័យ និងសមណចិត្តល្អ ធ្វើឲ្យមហាជនគាំទ្ររូបនាងឲ្យជាអ្នកតំណាងកម្ពុជា។

ដ្បិតតែថ្មីក្នុងអាជីពក៏ពិតមែន តែ Kon Ant ខិតខំរៀនសូត្រ និងស្វែងរកចំណេះដឹងពីគ្រប់ទិសទី ដើម្បីស្វែងរកផ្លូវទៅកាន់ចក្រវាល។ មុនចូលរួម Miss Universe Cambodia 2025 សុខគា គីមលាង ទទួលបានការតែងតាំងក្លាយជាតំណាងកម្ពុជាចូលប្រកួត Universal Woman 2025 ហើយ គ្រាន់តែកម្មវិធីត្រូវពន្យារពេល ដូចនេះហើយនាដកបានងាកមករកបទពិសោធន៍មួយចំនួនពី Miss Universe Cambodia។
ថ្ងៃបំពាក់ឆៀងម្នាក់ៗពិតជាភ្ញាក់ផ្អើលពេលឃើញ សុខគា គីមលាង ដើរបង្ហាញខ្លួន ព្រោះនាងធ្វើបានយ៉ាងល្អ ហើយការដើរក៏គ្មានឆ្គង។ អ្នកគាំទ្របាននិយាយសឹងតែដូចគ្នាថា Kon Ant ពិតជាមានសមត្ថភាព និងឆាប់ចាប់បាន ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមប្រកួតប្រជែងក្នុងសមរភូមិដ៏ក្ដៅគគុកកំពូលសម្រស់។

រ៉េត ស្រីនាថ
រ៉េត ស្រីនាថ ប្អូនស្រីបង្កើត រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២០ មិនត្រឹមតែមានបទពិសោធន៍លើវិថីបវរកញ្ញាប៉ុណ្ណោះទេ ចំណេះដឹងទៀតសោតនាងខ្លាំងមិនធម្មតាឡើយ ព្រោះគ្រាន់តែភាសាបរទេសនាងចេះរហូតទៅដល់ អង់គ្លេស បារាំង ចិន ប៉ាគីស្ថាន បូករួមជាមួយភាសាដើមកំណើតខ្មែរ។

ស្រីនាថ ក៏ធ្លាប់ចូលរួម MISS GRAND CAMBODIA ឆ្នាំ ២០១៧ ដោយនាងជាប់បាន TOP 6 ចុងក្រោយ ហើយមិនតែប៉ុណ្ណោះនាងក៏ជាអ្នកបង្វឹក Q&A ដល់បវរកញ្ញា-បុរសឯកកម្ពុជាយើងផងដែរ ត្រៀមចូលរួមប្រកួតកម្មវិធីថ្នាក់ជាតិ ឬក៏ការចេញទៅប្រកួតលើវេទិកាអន្តរជាតិនានា។
រ៉េត ស្រីនាថ មានបទពិសោធន៍កម្មវិធីបវរកញ្ញាដូចជា Miss CosmoWorld Cambodia 2023 និងមានចំណេះដឹងការទូតច្រើន ព្រោះបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ និងធ្លាប់ធ្វើការ Ambassador Secretary នៅស្ថានទូតប៉ាគីស្ថានផងដែរ។ នាថ្ងៃបំពាក់ឆៀង ការដើរបង្ហាញខ្លួនរបស់ ស្រីនាថ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល ព្រោះនាងបានអភិវឌ្ឍន៍ខ្លួនយ៉ាងល្អ បូករួមការជ្រើសរើសឈុតសមនឹងរូបរាងស្រឡូនស្អាត។


ជា ដេវីណា
MUC13 ដែលជាបេក្ខភាព Miss Universe Cambodia 2025 លេចធ្លោមួយរូប។ ដេវីណា បេក្ខភាពជើងខ្លាំង Miss Queen Cambodia 2023 និងជា 1st Runner up Miss Queen Cambodia 2023 បានឆក់ទាញការចាប់អារម្មណ៍ និងហ៊ាននិយាយថា តំណែង Top 5 Miss Universe Cambodia 2025 ពិតជានាងមិនខាន។

ដេវីណា សម្រស់ស្អាត សម្បុរស្បែកភ្លឺ ថ្លាបែបខ្មែរអង្គរ ព្រមជាមួយចំណេះដឹងខ្ពស់ ព្រមទាំងឫកពាថ្លៃថ្នូរ។ បេក្ខភាពពោរពេញដោយថាមពលម្នាក់នេះមិនបោះបង់ក្ដីស្រមៃក្នុងការក្លាយជាអ្នកតំណាងកម្ពុជាលើឆាកអន្តរជាតិឡើយ ដោយនាងពុះពារគ្រប់បែបយ៉ាង ដើម្បីសម្រេចបំណង។
ជា ដេវីណា បានបង្ហាញឲ្យឃើញថា ការត្រឡប់មកឆាកបវរកញ្ញាលើកនេះពិតជាត្រៀមខ្លួនរួចជាស្រេច ដើម្បីមកុដ Miss Universe Cambodia 2025 ព្រោះសង្កេតឃើញថា ការរៀបចំខ្លួន និងឈុតពិតជាស៊ីគ្នាខ្លាំងមែនទែន៕


រូបភាព៖ Miss Universe Cambodia, APD Bank, Fiyata, Pich Votey Saravody























Account
Security
Favourite Content