តារាចម្រៀងវ័យក្មេងម្ចាស់បទ “Birds of a Feather” គឺ Billie Eilish បានឈ្នះពានរង្វាន់ធំ និងពានរង្វាន់ផ្សេងៗសរុប ៧ ពានក្នុងកម្មវិធីពានរង្វាន់តន្ត្រីធំប្រចាំឆ្នាំរបស់អាមេរិក American Music Awards ដែលបានរៀបចំឡើងនៅទីក្រុង Las Vegas កាលពីថ្ងៃទី២៦ ខែឧសភា។
ក្នុងបញ្ជីបេក្ខភាពពានរង្វាន់សិល្បករប្រចាំឆ្នាំ ដែលជាពានរង្វាន់ធំជាងគេក្នុងកម្មវិធី Billie Eilish បានយកឈ្នះតារាល្បីៗជាច្រើនរួមទាំង Taylor Swift និង Kendrick Lamar ព្រមទាំងបានឈ្នះពានរង្វាន់ផ្សេងទៀតដូចជាពានរង្វាន់អាល់ប៊ុមចម្រៀងប្រចាំឆ្នាំ សម្រាប់អាល់ប៊ុម “Hit Me Hard and Soft” និងពានរង្វាន់សិល្បករពេញនិយមសម្រាប់ការប្រគំតន្ត្រីទេសចរណ៍។

ទោះជាបានឈ្នះពានរង្វាន់ទាំង ៧ ដែលខ្លួនមានឈ្មោះប្រកួតប្រជែង ប៉ុន្តែតារាវ័យ ២៣ឆ្នាំរូបនេះមិនបានចូលរួមទទួលពានរង្វាន់ដោយផ្ទាល់ទេ ដោយសារជាប់រវល់ក្នុងការប្រគំតន្ត្រីទេសចរណ៍នៅអឺរ៉ុប។
ជយលាភីលេចធ្លោផ្សេងទៀតមានដូចជា RM មេក្រុមរបស់ BTS បានឈ្នះពានរង្វាន់សិល្បករខេប៉ុបពេញនិយម ស្របពេលតារាចម្រៀងម្ចាស់បទ “That’s So True” Gracie Abrams បានឈ្នះពានរង្វាន់សិល្បករថ្មីប្រចាំឆ្នាំ។



ប្អូនស្រីរបស់ស្ដេចចម្រៀងប៉ុប Michael Jackson គឺតារាចម្រៀង Janet Jackson បានឈ្នះពាន Icon Awards ដែលជាពានរង្វាន់សម្រាប់សិល្បករមានឥទ្ធិពលទូទាំងសកលលោក រីឯតារាចម្រៀងវ័យ ៨០ ឆ្នាំ Rod Stewart បានឈ្នះពានរង្វាន់ ស្នាដៃមួយជីវិត។


តារាចម្រៀង SZA បានឈ្នះពានរង្វាន់ តារាចម្រៀង R&B ផ្នែកនារី និងពានរង្វាន់បទចម្រៀង R&B ប្រចាំឆ្នាំសម្រាប់បទ “Saturn” ស្របពេលតារាចម្រៀង Becky G បានឈ្នះពានរង្វាន់សិល្បករស្រីឡាទីនពេញនិយម។ តារាចម្រៀង Beyonce បានឈ្នះពានតារាចម្រៀង Country ផ្នែកនារី និងអាល់ប៊ុមចម្រៀង Country ប៉ុន្តែមិនបានចូលរួមផ្ទាល់នោះទេ។

បានចាប់ផ្តើមនៅឆ្នាំ ១៩៧៤ ពានរង្វាន់ American Music Awards ត្រូវបានចាត់ទុកថាជាពានរង្វាន់តន្ត្រីប៉ុបដ៏មានឥទ្ធិពលបំផុតមួយក្នុងចំណោមកម្មវិធីពានរង្វាន់ធំទាំង៣ នៅសហរដ្ឋអាមេរិក រួមជាមួយពានរង្វាន់ Grammy និង Billboard Music Awards ។
បន្ទាប់ពីព្រឹត្តិការណ៍ឆ្នាំ ២០២២ កម្មវិធីនេះត្រូវបានផ្អាករៀបចំ និងបានត្រឡប់មកវិញនៅឆ្នាំនេះជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំ។ ក្រុមចម្រៀង BTS បានឈ្នះពានរង្វាន់សិល្បករខេប៉ុបនៅក្នុងកម្មវិធីនេះរយៈពេល ៥ ឆ្នាំជាប់ៗគ្នាចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ៕
























































Account
Security
Favourite Content