បើតាមការឲ្យដឹងពីកំពូលអ្នកច្នៃម៉ូដ អូលីវ៉ា គង់ បានបញ្ជាក់ថា ការបង្ហាញម៉ូដសម្លៀកបំពាក់ប្រេន Kalkin របស់លោកនាខែមេសា ឆ្នាំ ២០២៥ ខាងមុខ មានតារាបង្ហាញម៉ូដរបស់ក្រុមហ៊ុន agency ខ្លួនផ្ទាល់ ព្រមទាំងមានការផ្ដល់កិត្តិយសពីព្រះនាង នរោត្តម ជេនណា ចូលរួមដើរបង្ហាញម៉ូដ។


អូលីវ៉ា បានបញ្ជាក់ថា ខ្លួនបានទាក់ទងទៅព្រះនាង នរោត្តម ជេនណា ផ្ទាល់ ដើម្បីស្នើសុំឲ្យទ្រង់ផ្ដល់កិត្តិយសចូលរួមដើរបង្ហាញម៉ូដ collection ថ្មីរបស់ខ្លួនមានឈ្មោះថា Kalkin Vishnu look Floral Essence។ មិនត្រឹមតែដើរម៉ូដឡើយ សែរាជវង្សអង្គនេះ នឹងក្លាយជាតារាគ្រប់មុខនៃសៀវភៅម៉ូដសម្លៀកបំពាក់របស់លោកផងដែរ។
អ្នកច្នៃម៉ូដ និងគ្រូបង្ហាត់ដើរម៉ូដរូបនេះបញ្ជាក់ថា ព្រះនាង ជេនណា នឹងមានអ្វីពិសេសខ្លាំង សម្រាប់ show ថ្ងៃនោះ ហើយក៏ជាលើកដំបូងរបស់ទ្រង់ផងដែរ ក្នុងការដើរបង្ហាញម៉ូដ ព្រោះកន្លងមកព្រះនាងព្រះជន្ម ១៣ ព្រះវង្សាធ្លាប់តែច្រៀង និងសម្ដែង។


ឆ្លើយតបនឹងអ្នកសារព័ត៌មានថាតើព្រះនាង ជេនណា ក្រៅពីបង្ហាញម៉ូដហើយនោះ មានបកស្រាយចម្រៀងបន្ថែមទៀតឬយ៉ាងណានោះ? អូលីវ៉ា បញ្ជាក់យ៉ាងច្បាស់ថា ទ្រង់បង្ហាញវត្តមានសម្រាប់តែ Runway ប៉ុណ្ណោះ ហើយព្រះនាង គឺជាអ្នកដើរបង្ហាញម៉ូដបិទ show តែម្ដង។ អូលីវ៉ា ក៏ជាអ្នកបង្ហាត់បង្ហាញព្រះនាង ជេនណា ក្នុងការដើរបង្ហាញម៉ូដនេះដែរ តែលោកបញ្ជាក់ថាទ្រង់ជាមនុស្សមានទេពកោសល្យសិល្បៈ ដូចនេះមិនប្រើពេលយូរក្នុងការហ្វឹកហាត់ឡើយយ៉ាងច្រើន ៣ ថ្ងៃប៉ុណ្ណោះ។
អូលីវ៉ា គង់ នឹងរៀបចំការបង្ហាញម៉ូដបែប Royal ហើយព្រះនាង នរោត្តម ជេនណា នឹងគ្រងឈុតមានឈ្មោះថា «ផ្កាផ្កុលមាស»។ គួរបញ្ជាក់ផងដែរថា អូលីវ៉ា គង់ តាំងពីប្រឡូកអាជីពជាអ្នកច្នៃម៉ូដមក ១០ ឆ្នាំមកនេះ បានរៀបចំការបង្ហាញម៉ូដគិតទាំងតូច ធំមិនក្រោម ៥០ show ឡើយ៕


រូបភាព៖ Jenna Norodom និង Miss Cosmo























Account
Security
Favourite Content