ព្រះនាង នរោត្តម អម្រិតា បានវិលត្រឡប់មកកាន់មាតុភូមិវិញ ក្រោយបេសកកម្មស៊ីហ្គេមរបស់កម្ពុជា បានឈានដល់ទីបញ្ចប់ កាលពីម្សិលមិញ។ ទ្រង់គឺជាកីឡាការិនីជិះសេះនៃក្រុមជម្រើសជាតិកម្ពុជា ដែលបានចូលរួមស៊ីហ្គេមលើកទី ៣៣ នៅថៃ តែដោយសារតែភាពតានតឹងកំពុងកើតមានជាបន្តបន្ទាប់រវាងប្រទេសទាំងពីរ អត្តពលិកកម្ពុជាទាំងអស់ត្រូវដកខ្លួនចេញ បន្ទាប់ពីបានបង្ហាញមុខបើកកម្មវិធីរួច។

ព្រះនាង នរោត្តម អម្រិតា ក្រោយបានវិលមកដល់មាតុភូមិវិញបានបង្ហាញពីសំណេររៀបរាប់ពីបេសកកម្ម និងការត្រៀមខ្លួនមុនការប្រកួតមកដល់ថា “បេសកកម្មស៊ីហ្គេមរបស់យើងបានឈានដល់ទីបញ្ចប់។ ដោយសារតែភាពតានតឹងដែលកំពុងកើតមានជាបន្តបន្ទាប់រវាងប្រទេសទាំងពីរ អត្តពលិកកម្ពុជាទាំងអស់ត្រូវដកខ្លួនចេញពីស៊ីហ្គេមលើកទី ៣៣ នៅប្រទេសថៃ។ ខ្ញុំមានអារម្មណ៍សោកសៅចំពោះប្រជាជនរបស់ខ្ញុំ ដែលជីវិតរបស់ពួកគេស្ថិតក្នុងហានិភ័យ និងកំពុងរងទុក្ខក្នុងគ្រាដ៏លំបាកនេះ។ ខ្ញុំពិតជាសង្ឃឹមថា ចាប់ពីពេលនេះតទៅប្រទេសទាំងពីរ អាចប្រើប្រាស់ស្មារតីកីឡាជាប្រភពនៃសន្តិភាព និងឯកភាពគ្នាឡើងវិញ។ ខ្ញុំបានលះបង់កម្លាំងកាយចិត្តរយៈពេល ២ ឆ្នាំចុងក្រោយនេះ ដើម្បីសម្រេចគោលដៅរបស់ខ្ញុំ ក្នុងនាមជាកីឡាការិនីម្នាក់តំណាងឲ្យប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍នេះ ហើយខ្ញុំក៏សូមថ្លែងអំណរគុណដែលខ្ញុំមានឱកាសក្នុងធ្វើអោយវាក្លាយជាការពិត“។
ទ្រង់មានបន្ទូលបន្ថែមទៀតថា “ឆ្នាំ ២០២៥ គឺជាឆ្នាំដ៏លំបាកមួយដែលមានរឿងជាច្រើនត្រូវប្រឈម ប៉ុន្តែខ្ញុំមានសំណាងណាស់ការជួបមនុស្សល្អៗ និងបង្កើតពេលវេលាដ៏មានអត្ថន័យបំផុត។ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលតែងតែឈរក្បែរ និងលើកទឹកចិត្តខ្ញុំរហូតមកដល់ពេលនេះ។ សូមថ្លែងអំណរគុណសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ដែលជួយជំរុញខ្ញុំក្នុងការ ហ្វឹកហាត់ និងបាននាំខ្ញុំទៅប្រកួតប្រជែងក្នុងកម្មវិធីអន្តរជាតិផ្សេងៗ“។

ភគិនី ព្រះនាង ជេនណា គឺ ព្រះនាង នរោត្តម អម្រិតា ក៏បានរៀបរាប់ការដឹងគុណចំពោះមនុស្សជុំវិញ ដែលបានផ្ដល់កម្លាំងចិត្ត បង្ហាត់បង្ហាញ និងនៅក្បែរ។ ទ្រង់បានហ្វឹកហាត់ និងមានបទពិសោធន៍ក្នុងកីឡាមួយនេះអស់រយៈពេល ១០ ឆ្នាំមកហើយ ធ្លាប់ប្រកួតឈ្នះមេដាយមាសផ្នែកកីឡាជិះសេះនៅបរទេស៕











រូបភាព៖ Amrita Norodom,Olympic Cambodia និង Daniela Moguel























Account
Security
Favourite Content