គេនៅចាំបានថា អតីតបេក្ខភាព The Voice Cambodia រដូវកាលទី ២ សាន ស្រីឡៃ ដែលជាកូនក្រុមរបស់តារាចម្រៀង ពេជ្រ សោភា ត្រូវបានខ្មាន់កាំភ្លើងបាញ់ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់ភ្លាមៗនៅក្នុងមន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន ដែលខ្មាន់កាំភ្លើងនោះ ត្រូវសមត្ថកិច្ចអះអាងថា ជាអតីតប្ដីរបស់ សាន ស្រីឡៃ ដែលជាមន្ដ្រីម្នាក់ឈ្មោះ ជ័យ រិន។ រឹតតែរន្ធត់ ក្រោយបាញ់សម្លាប់ប្រពន្ធ ខ្មាន់កំភ្លើងក៏បានបាញ់សម្លាប់ខ្លួនឯងពីតាមក្រោយផងដែរ។


អំពើឃាតកម្មបាញ់សម្លាប់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សាន ស្រីឡៃបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ចង្កោមសិល្បៈខ្មែរ ក៏ដូចជាប្រជាជនកម្ពុជាផងដែរ។ ការស្លាប់របស់តារាចម្រៀងរូបនេះ ធ្វើឱ្យហ្វេនៗរន្ធត់ចិត្តជាខ្លាំង និងសោកស្តាយសមត្ថភាព ទេពកោសល្យនាងគ្រប់ៗគ្នា ព្រោះ ស្រីឡៃ ជាតារាចម្រៀងដ៏មានទឹកដមម្នាក់ ដោយនាងបកស្រាយបទចម្រៀងយ៉ាងពីរោះរណ្តំចិត្ត។
ទោះរំលងទៅច្រើនឆ្នាំ តែគ្រូបង្វឹករបស់ ស្រីឡៃ គឺតារាចម្រៀង ពេជ្រ សោភា បង្ហោះរូបថតអតីតកូនក្រុមរបស់នាង ព្រមជាមួយសំណេរបង្ហាញសារក្រៀមក្រំរៀបរាប់ក្តីនឹករលឹកទៅកាន់កូនក្រុមរូបនោះយ៉ាងដូច្នេះថា៖ «ហេតុអីប៉ុន្មានថ្ងៃនេះនឹកខ្លាំងនេះ មនុស្សល្អរបស់បងអើយ ទៅដល់កន្លែងណាហើយ ទៅទាំងមិនបានត្រៀមខ្លួន ស្អប់ណាត់ជួបបង សន្យាថា១០នាទីទៀតដល់ផ្ទះអ្នកគ្រូហើយ តែ១០នាទីពិតមែន គឺទៅបាត់ហើយ ដឹងទេគេគ្រប់គ្នានឹក»។

មិនត្រឹមរូបថតបង្ហាញក្តីនឹករលឹក មេក្រុមរូបនេះថែមទាំងបង្ហោះវីដេអូខ្លីៗពីសំឡេងដែល ស្រីឡៃ ធ្លាប់ឆាតលេងជាមួយនាង ធ្វើឱ្យហ្វេនរឹតតែនឹកស្រណោះតារាស្រីរូបនេះខ្លាំងឡើង។
គ្រាន់តែម្ចាស់បទ «នារីល្ងីល្ងើស្មោះស្នេហ៍» បង្ហោះបែបនេះភ្លាម ហ្វេនៗជាច្រើនរបស់អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ សាន ស្រីឡៃ បាននាំគ្នាសម្រុកចូលមក Comment មតិយោបល់ផ្សេងៗ ដែលភាគច្រើនសុទ្ធតែងបង្ហាញក្តីនឹករលឹកដល់តារាចម្រៀងស្រីដែលអភព្វ ត្រូវប្តីបាញ់សម្លាប់រូបនេះ។ ចំណែក អ្នកខ្លះទៀតបានលើកឡើងថា ប្រសិនបើ សាន ស្រីឡៃ នៅមានជីវិតដល់សព្វថ្ងៃ កេរ្តិ៍ឈ្មោះនាងពិតជាល្បីល្បាញជាក់ជាមិនខាន ព្រោះនាងមានទាំងសមត្ថភាព រូបសម្រស់ និងសំឡេងពីរោះរណ្តំ៕



























Account
Security
Favourite Content