ក្នុងវិស័យសិល្បៈភាពយន្តខ្មែរ ស្ទើរតែគ្មាននរណាម្នាក់មិនស្គាល់ឈ្មោះ អ្នកស្រី ពាន់ ភួងបុប្ផា នោះឡើយ ដោយអ្នកស្រីជាអ្នកនិពន្ធ និងជាផលិតករភាពយន្តជើងចាស់ដ៏ល្បីល្បាញមួយរូប តាមរយៈការតាក់តែងនិពន្ធសៀវភៅប្រលោមលោក និងការចងក្រងសាច់រឿងសម្រាប់រឿងដុំ-ភាគ។
តួយ៉ាង ព្រឹកម្សិលមិញនេះ ស្ថានីយ៍ទូរទស្សន៍ភីអិនអិនបានប្រកាសចាក់បញ្ចាំងរឿង «ស្នេហា COVER» ព្រមគ្នាជាមួយកម្មវិធីក្រុងពាលីបើកកាមេរ៉ាថតរឿង «កូនប្រសាស្រី» ដែលរឿងភាគថ្មីសន្លាងទាំងពីរនេះសុទ្ធសឹងតែជាស្នាដៃតែងនិពន្ធរបស់អ្នកស្រី ពាន់ ភួងបុប្ផា។

ប្រាប់ចំពោះមុខអ្នកសារព័ត៌មានក្នុងស្រុក អ្នកស្រី ពាន់ ភួងបុប្ផា ថា «ស្នេហា COVER» ជារឿងភាគថ្មីសន្លាងដែលពាំនាំរសជាតិថ្មីប្លែកមិនធ្លាប់មានដល់ទស្សនិកជន ចំណែករឿង «កូនប្រសាស្រី» ដែលត្រៀមបើកកាមេរ៉ាចេញថតឆាប់ៗនេះដ្បិតតែប្រើចំណងជើងចាស់ តែសាច់រឿងថ្មីសន្លាងតែម្តង ដែលនឹងឆ្លុះបញ្ចាំងឱ្យទស្សនិកជនឃើញពីតថភាពជីវិតពិតក្នុងសង្គមរាល់ថ្ងៃ រវាងម្តាយក្មេងនិងកូនប្រសាស្រី។ អ្វីដែលថ្មីប្លែកជាងនេះ គឺរឿងភាគថ្មីនេះមាន ៣វគ្គ ដែលពីមួយវគ្គទៅមួយវគ្គ គឺមានសាច់រឿងប្រទាក់ក្រឡាគ្នាពីជីវិតម្តាយក្មេក និងកូនប្រសា ដែលទស្សនិកជនមិនគួរមើលរំលងនោះឡើយ។
អ្នកស្រីចង់ឱ្យទស្សនិកជនទស្សនារឿងភាគទាំង២នេះ ដោយយកចិត្តទុកដាក់បំផុត ដើម្បីបានជ្រាបពីអត្ថន័យបង្កប់ដ៏ជ្រាលជ្រៅក្នុងរឿងនេះ ទុកជាប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃ។

រំលឹកដល់អត្ថចរិកតួអង្គក្នុងរឿងភាគថ្មីដែលត្រៀមចាក់បញ្ចាំង អ្នកនិពន្ធជើងចាស់នេះ ស្រាប់តែទម្លាយឱ្យអ្នកសារព៏ត៌មានក្នុងស្រុកដឹងថា ការពិតទៅមុនក្លាយជាអ្នកនិពន្ធល្បីឈ្មោះដូចសព្វថ្ងៃនេះ អ្នកស្រីក៏ធ្លាប់ធ្វើការងារជាអ្នកសារព័ត៌មានផងដែរ។

អ្នកស្រី ពាន់ ភួងបុប្ផា ឱ្យដឹងថា អ្នកស្រីធ្លាប់ជាអ្នកកាសែតបម្រើការនៅអង្គភាពព័ត៌មាន រស្មីកម្ពុជា រយៈពេល៥ឆ្នាំ (១៩៩៣-១៩៩៨) ដែលកាលនោះ អ្នកស្រីសរសេរអត្ថបទប្រភេទ សិល្បៈ វប្បធម៌ កីឡា និងការអប់រំ។ លុះពេលផ្លាស់មកធ្វើការនៅមជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា អ្នកស្រីងាកមកផលិតរឿងសម្រាប់ការអប់រំវិញម្តង ដូច្នេះអ្នកដែលទៅយកតួមកសម្ភាសន៍ដំបូងគេ គឺអ្នកស្រីនេះហើយ ព្រោះជំនាន់នោះយើងសហការជាមួយថៃ ថៃគេមិនយកអ្នកកាសែតស្រីទេ ទើបលោក ប៉ែន សមិទ្ធិ ប្រាប់ឱ្យអ្នកស្រីធ្វើរឿងនេះទៅ ដោយសារមានទំនាក់ទំនងជាមួយតួស្រាប់ព្រោះជាអ្នកដឹកនាំថតកុន រួចក្រោយមកទើបមានការបោះពុម្ភផ្សាយជាទស្សនាវដ្តីផ្សេងៗ។
អ្នកស្រីជឿជាក់ថា មនុស្សភាគច្រើនពិតជាមិនដឹងថាអ្នកស្រីធ្លាប់ធ្វើជាអ្នកកាសែតឡើយ សូម្បីតែអ្នកសារព័ត៌មានជំនានក្រោយមួយចំនួនក៏មិនដឹងដូចគ្នាដែរ ព្រោះអ្នកស្រីបោះបង់អាជីពនេះរួចងាកមកចាប់យកការតែងនិពន្ធនិងវិស័យភាពយន្តយូរមកហើយ៕



























Account
Security
Favourite Content