Park Bo Gum និង IU ទទួលបានតំណែងកំពូលបណ្ដាក់គ្នា ក្នុងនាមជាតារាកូរ៉េដែលលេចធ្លោបំផុតប្រចាំឆ្នាំ ២០២៥ តាមរយៈការស្ទង់មតិរបស់ Gallup Korea ដែលឆ្លុះបញ្ចាំងពីប្រជាប្រិយភាព និងឥទ្ធិពលជាបន្តបន្ទាប់របស់សិល្បករទាំង ២នាក់នៅក្នុងក្រសែភ្នែកសាធារណជន។

ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា កន្លងទៅ Gallup Korea បានធ្វើការស្ទង់មតិលើមនុស្សចំនួន ១៧០០នាក់ដែលមានអាយុចាប់ពី ១៣ ឆ្នាំឡើងទៅ ដោយឱ្យអ្នកចូលរួមជ្រើសរើសសិល្បករកូរ៉េខាងត្បូងមិនលើសពី ២រូប ដែលគេគិតថា លេចធ្លោបំផុតសម្រាប់ឆ្នាំនេះ។
លុះមកដល់ថ្ងៃទី១៧ ខែធ្នូ Gallup Korea បានប្រកាសលទ្ធផលជាផ្លូវការថា ដៃគូសម្ដែងរឿង When Life Gives You Tangerines គឺជាតារាដែលមានអ្នកជ្រើសរើសច្រើនបំផុត ដោយ Park Bo Gum ស្ថិតនៅក្នុងលំដាប់លេខ ១ជាមួយនឹងពិន្ទុ ១៣.៣ភាគរយ ខណៈ IU ស្ថិតនៅលំដាប់លេខ ២ ក្នុងពិន្ទុ ១១.៣ភាគរយ។

Park Bo Gum ទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយជាមួយនឹងខ្សែភាពយន្តរឿង Blind មុននឹងអាចចាប់យកប្រជាប្រិយភាពតាមរយៈការសម្ដែងជាតួអង្គ Choi Taek នៅក្នុងរឿង Reply 1988 និង Lee Yeong នៅក្នុងរឿង Love in the Moonlight រហូតអាចបង្កើតជា Park Bo Gum Syndrome នៅគ្រានោះ។
តារាប្រុសវ័យ ៣២ឆ្នាំ នៅតែបន្តអភិវឌ្ឍខ្លួនជារឿយៗតាមរយៈការសម្ដែងជាតួអង្គថ្មីៗ ដូចនៅក្នុងរឿង When Life Gives You Tangerines និង Good Boy ដែលចាក់ផ្សាយនៅក្នុងឆ្នាំ ២០២៥ នេះ។

និយាយពី IU វិញ តារាស្រីពហុជំនាញរូបនេះ បានបង្ហាញវត្តមានលើឆាកសិល្បៈជាលើកដំបូងនៅក្នុងឆ្នាំ ២០០៨ ខណៈនាងទទួលបានជោគជ័យទាំងក្នុងអាជីពសម្ដែង និងចម្រៀង។
នៅក្នុងឆ្នាំ ២០២៥ នេះ តារាស្រីវ័យ ៣២ ឆ្នាំបានបង្ហាញសមត្ថភាពសម្ដែងដ៏លេចធ្លោគួរឱ្យកត់សម្គាល់នៅក្នុងរឿង When Life Gives You Tangerines ដោយនាងត្រូវដើរតួដល់ទៅ ២ ក្នុងរឿងតែមួយ គឺតួអ្នកម្ដាយផង និងកូនស្រីផង។




ក្រៅពីដៃគូមួយនេះ តំណែងជាតារាកូរ៉េលេចធ្លោបំផុតនៅក្នុងឆ្នាំ ២០២៥ លំដាប់លេខ៣ ដល់លេខ ៧វិញ បានធ្លាក់រៀងគ្នាទៅលើ Kim Ji Won ជាមួយពិន្ទុ ៤.៤ភាគរយ YoonA ជាមួយពិន្ទុ ៣.៩ភាគរយ Choo Young Woo ជាមួយពិន្ទុ ៣.៣ភាគរយ Lee Jung Jae ជាមួយពិន្ទុ ២.១ភាគរយ ស្របពេលដែលតំណែងលេខ ៧ ទទួលបានពិន្ទុ ២.៩ភាគរយដូចគ្នា ៤នាក់ គឺ Namgoong Min, Han Ji Min, Byeon Woo Seok និង Kim Tae Ri៕



























Account
Security
Favourite Content