តារាសម្តែង និងជាតារាបង្ហាញម៉ូដមីយ៉ាន់ម៉ា Paing Takhon បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោក លៀក លីដា ចាងហ្វាង LD Entertainment និងក្រុមការងារជាច្រើនរូប។





តាមការឱ្យពី លោក លៀក លីដា តារាសម្តែងមីយ៉ាន់ម៉ា Paing Takhon ធ្វើដំណើរមកកម្ពុជាលើកនេះរយៈពេល ១ សប្តាហ៍ តែមិនមែនមកថតរឿងទេ គឺលោកមក ដើម្បីប្រជុំ និងពិនិត្យមើលគម្រោងថតភាពយន្តមួយដែលផលិតកម្មរបស់លោកបានសហការជាមួយផលិតកម្មនៅមីយ៉ាន់ម៉ា ក្រោយពីខកខានបំពេញការងាររួមគ្នាអស់ ៣ ឆ្នាំកន្លងមក ហើយក៏នឹងធ្វើដំណើរកម្សាន្តនៅកម្ពុជាផងដែរ ដើម្បីស្គាល់ពីកម្ពុជាឱ្យច្រើនឡើង។
ចាងហ្វាង LD Entertainment បន្តថា រឿងខ្នាតធំដែល Takhon មកពិនិត្យនៅពេលនេះ គ្រោងចាយទុនផលិតប្រមាន១លានដុល្លារ ចំណែក រឿងដែលបានថតនៅមីយ៉ាន់ម៉ាកាលពេលកន្លងមក អាចនឹងត្រូវលុបចោលទាំងអស់ ព្រោះក្រុមការងារបានកែកុនសាច់រឿង និងប្តូរចំណងជើងថ្មី សូម្បីតែតួអង្គសម្តែងក៏អាចនឹងផ្លាស់ប្តូរថ្មីដូចគ្នាដែរ។




ការហ៊ានដាក់ទុនច្រើនសន្ធឹកលើរឿងខ្នាតធំនេះ ព្រោះលោកជឿជាក់លើសាច់រឿង និងសមត្ថភាពក្រុមការងារ និងមានទីផ្សារធំដល់ទៅ ២ ដែលអាចលក់បាន គឺមីយ៉ាន់ម៉ា និងកម្ពុជា ដូច្នេះទើបលោកហ៊ានដាក់ទុនច្រើនជាមួយដៃគូសហការនៅភូមា។
លៀក លីដា រំពឹងថាដំណើរមកដល់របស់តារាសម្តែងរូបនេះ នឹងមានផ្លែផ្កាល្អ សម្រាប់ការផលិតភាពយន្តខ្នាតធំនេះ ហើយអាចនាំយកភាពយន្តដែលសហការផលិតនេះចេញទៅទីផ្សារអន្តរជាតិឱ្យបានឆាប់ៗ៕























Account
Security
Favourite Content