មានវត្តមានចូលរួមក្នុងកម្មវិធីវិទ្យុ Kiss FM តារាចម្រៀង Olivia Rodrigo បានផ្តល់បទសម្ភាសន៍ដើម្បីផ្សព្វផ្សាយអាល់ប៊ុម “You Seem Pretty Sad for a Girl So in Love” ដែលទើបតែចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ ដោយគ្រានោះ តារាស្រីរូបនេះបានលើកឡើងពីបញ្ហាត្រចៀករបស់ខ្លួន។

នៅក្នុងកម្មវិធីនេះ ពិធីករបានលើកយកបទចម្រៀងដែល Olivia Rodrigo បានសហការជាមួយសិល្បករជើងចាស់ Robert Smith មានចំណងជើងថា “What’s wrong with me?” ឬមានអត្ថន័យជាខេមរភាសាថា “តើមានអ្វីខុសប្រក្រតីចំពោះខ្ញុំ?” មកពិភាក្សា។ ក្នុងឱកាសនេះ ពិធីករបានសួរលេងសើចទៅកាន់តារាចម្រៀងវ័យ ២៣ ឆ្នាំថា៖ “តើមានអ្វីខុសប្រក្រតីចំពោះអ្នក?”
ជាការឆ្លើយតប Olivia Rodrigo បាននិយាយថា៖ “មានរឿងជាច្រើនដែលខុសប្រក្រតីចំពោះរូបខ្ញុំ។ តាមពិតទៅ ត្រចៀកខាងឆ្វេងរបស់ខ្ញុំបានបាត់បង់សមត្ថភាពក្នុងការស្តាប់ឮជាង ៦០%”។
កូនកាត់ហ្វីលីពីន-អាមេរិករូបនេះ បាននិយាយលេងបន្តថា៖ “ដូច្នេះ បើអ្នកអង្គុយនៅខាងឆ្វេងដៃរបស់ខ្ញុំ ហើយព្យាយាមប្រាប់រឿងសម្ងាត់អ្វីមួយមកខ្ញុំ ខ្ញុំច្បាស់ជាស្តាប់មិនយល់នោះទេ។ ដូច្នេះ បើអ្នកចង់ប្រាប់រឿងសម្ងាត់មកខ្ញុំ សូមនិយាយប្រាប់ខ្ញុំនៅត្រចៀកខាងស្ដាំវិញ”។

នេះមិនមែនជាលើកទីមួយទេដែល Olivia Rodrigo និយាយអំពីបញ្ហាត្រចៀករបស់ខ្លួន។ ជាក់ស្ដែង កាលពីឆ្នាំ ២០២៣ តារាស្រីរូបនេះធ្លាប់បានផ្តល់បទសម្ភាសន៍ជាមួយ The Hollywood Reporter ថា នាងបានដឹងពីបញ្ហាសុខភាពត្រចៀក បន្ទាប់ពីបានធ្វើតេស្តសមត្ថភាពការស្តាប់តាំងតែពីនាងរៀននៅថ្នាក់មត្តេយ្យមកម៉្លេះ។
យ៉ាងណាមិញ តារាសម្ដែងប្ដូរខ្លួនមកជាតារាចម្រៀងរូបនេះ មិនបានយកបញ្ហាខាងលើមកធ្វើជាឧបសគ្គក្នុងជីវិតនោះទេ ដោយនាងបង្ហើបថា ខ្លួនតែងតែនិយាយលេងជាមួយមិត្តភក្តិជាអ្នកថតរូប ដែលមានបញ្ហាផ្នែកគំហើញថា៖ “ខ្ញុំធ្វើភ្លេងពីព្រោះខ្ញុំត្រចៀកធ្ងន់ ចំណែកឯងថតរូប ពីព្រោះឯងមានបញ្ហាភ្នែកមើលមិនសូវច្បាស់”៕


























Account
Security
Favourite Content