ក្រោយផ្ទុះរឿងរ៉ាវស្នេហាត្រីកោណរវាង Nychaa, Tono និងជំនួយការស្រី Mind Patcharabut ថ្ងៃទី ២៩ ខែមេសានេះ Nychaa ប្រាប់ជាសាធារណៈថា ខ្លួនមិនចង់រំឭកដល់រឿងកន្លងមកទេ សុំត្រឹមប្រើប្រាស់ជីវិតរីករាយជាមួយនឹងបច្ចុប្បន្ន។

ក្នុងឱកាសចូលរួមសម្ពោធខ្សែភាពយន្តហូលីវូដរឿង THUNDERBOLTS ឯផ្សារទំនើប Central World ក្រុងបាងកក តារាស្រីវ័យ ២៩ឆ្នាំ បានយល់ព្រមទទួលការសម្ភាសន៍ជាលើកដំបូង បន្ទាប់ពីបញ្ហាចម្រូងចម្រាសខាងលើនេះបានកើតឡើងតាំងតែពីពាក់កណ្ដាលខែមេសា មកម៉្លេះ។
ជាក់ស្ដែង Nychaa បានឱ្យដឹងថា ខ្លួនអាចធ្វើចិត្តបានហើយ និងសុំមិននិយាយទាក់ទងនឹងបញ្ហាកន្លងមកនោះទេ ដោយបានរៀបរាប់បន្ថែមថា៖ “ខ្ញុំសុខសប្បាយធម្មតា អត់មានកើតអីទេ។ ចំពោះខមមិនផ្សេងៗ ខ្ញុំបានឃើញខ្លះ អត់ខ្លះ ព្រោះកន្លងមកខ្ញុំជាប់ធ្វើការ មិនសូវបានមកបើកមើលប៉ុន្មានទេ។ ខ្ញុំពិតជាចង់អរគុណមែនទែន”។

អតីតតួឯកស្រីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣រូបនេះ បានឱ្យដឹងទៀតថា ដោយសារតែនាងខ្លួនឯងទើបអាចធ្វើឱ្យខ្លួនរឹងមាំ និងមានក្ដីសុខបាន ជាពិសេសគឺមានមនុស្សល្អៗនៅជុំវិញខ្លួន ដែលតែងតែផ្ដល់កម្លាំងចិត្តជាប្រចាំ។
តារាសម្ដែងរូបនេះ បានប្រាប់ច្បាស់ៗថា៖ “កាត់ចិត្តបានហើយ ពេលនោះកំពុងតែមានក្ដីសុខជាមួយជីវិត គ្រប់យ៉ាងគឺដូចដើម ធ្វើការ ញ៉ាំរបស់ឆ្ងាញ់ៗ ដើរលេងជាមួយមិត្តភក្ដិ រីករាយជាមួយនឹងជីវិតនៅលីវ នៅជាមួយខ្លួនឯង។ អរគុណអ្នកគ្រប់គ្នាដែលតែងតែបារម្ភ”។

បន្ថែមពីនេះ Nychaa ក៏បានផ្ដាំទៅអ្នកគាំទ្រមិនឱ្យកង្វល់ពីខ្លួនបន្តទៀតទេ។ យ៉ាងណាមិញ ចាប់តាំងពីរឿងអាស្រូវបានបែកធ្លាយ មកទល់ពេលនេះ អតីតគូស្នេហ៍របស់តារាស្រី គឺ Tono នៅមិនទាន់ចេញមុខមកបកស្រាយដោយផ្ទាល់នៅឡើយទេ៕
























Account
Security
Favourite Content