ជារឿងចៃដន្យដែលបានកើតឡើងក្នុងឆ្នាំ ២០១៩ នៅពេលដែលបុរសម្នាក់បានខលមកតារាសម្ដែង នី មុនីនាថ ក្នុងគោលបំណងស្នើសុំឈាមខណៈ គាត់កំពុងព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

ត្រឹមជាអ្នកដ៏ទៃដែលមិនមានជាប់សាច់ឈាមអ្វីទាំងអស់ ប៉ុន្តែតារាស្រីរូបនេះបានសម្រេចចិត្តជួយបុរសកម្សត់ដែលកំពុងត្រូវការការសង្គ្រោះជីវិតដោយការស្នើខ្ចីឈាមពីខាងមន្ទីរពេទ្យចំនួនបួនសាក់ និងសន្យាផ្ដល់ត្រឡប់វិញនៅថ្ងៃបន្ទាប់។ ក្រោយពីបានជួយសង្គ្រោះជីវិតបុរសដែលស្ទើរតែសល់ដង្ហើមចុងក្រោយឱ្យបានរស់រានមានជីវិតកញ្ញា នី មុនីនាថ ក៏បានបន្តការបរិច្ចាគឈាមថែមទាំងបានណែនាំបងប្អូនសាច់ញាតិឱ្យចូលរួមក្នុងការស្ម័គ្រចិត្តបរិច្ចាគឈាមដូចខ្លួនដែរ។

ក្រោយៗមកទៀត តារាស្រីរូបនេះក៏បានបន្តធ្វើសកម្មភាពមនុស្សធម៌ជាច្រើនតាមរយៈការបង្កើតព្រឹត្តិការណ៍បរិច្ចាគឈាមដោយស្ម័គ្រចិត្តបន្តបន្ទាប់ និងបានកៀងគរបណ្ដាអ្នកសិល្បៈជាច្រើនមកចូលរួមផងដែរ។ តារាស្រីទឹកភ្នែក បានបញ្ជាក់ប្រាប់ថា ការជួយសង្គ្រោះជីវិតមនុស្សតាមរយៈការផ្ដល់ឈាមជាទានមួយដ៏ល្អប្រសើរក្នុងការបន្តជីវិតមនុស្សម្នាក់បាន១ថ្ងៃទៅមុខទៀត។ កញ្ញាផ្ទាល់ក្នុងនាមជាប្រជាជនខ្មែរម្នាក់បានចូលរួមការបរិច្ចាគឈាមដោយស្ម័គ្រចិត្តចំនួន ៩ ដងរួចមកហើយ។
ចុះអ្នកវិញ? តើធ្លាប់បានចូលរួមការផ្ដល់ឈាមដោយស្ម័គ្រចិត្តម្ដងហើយឬនៅ? បើមិនទាន់ ឬមិនធ្លាប់បានបរិច្ចាគពីមុនមកអាចចូលរួមបានដោយស្ម័គ្រចិត្តនៅថ្ងៃ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅអគារខេមរានី ស.ស.យ.ក. រាជធានីភ្នំពេញ ស្ថិតនៅតាមបណ្តោយវិថីវិចិត្រសិល្បៈ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៤ ចាប់ពីវេលាម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១៦:០០នាទីរសៀល។

គួរបញ្ជាក់ដែរថា កម្មវិធីនេះរៀបចំឡើងដើម្បីចូលរួមផ្តល់ឈាមជួយសង្គ្រោះជីវិតអ្នកជំងឺដែលមានតម្រូវការឈាម និងជំរុញផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ពីសារសំខាន់នៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ «រួមគ្នាសង្គ្រោះជីវិត» ដោយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (UYFC) សហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមធនាគារនៅកម្ពុជា (ABC) ៕

«ឈាមរបស់អ្នកគឺជាឈាមរបស់យើង ឈាមរបស់យើងគឺជាឈាមរបស់អ្នកដូចគ្នា» អាចទេចូលរួមជាមួយគ្នាបរិច្ចាគឈាមដើម្បីអ្នកជំងឺជាច្រើនដែលកំពុងត្រូវការការសង្គ្រោះ?























Account
Security
Favourite Content