អត់ទ្រាំសំងំស្តាប់ការចោទប្រកាន់ទៀតមិនបានឡើយ តារាសម្តែងចាស់វស្សា ញឹម ច័ន្ទថន ដាច់ចិត្តចេញមុខបកស្រាយអំពីរឿងដែលគេចោទប្រកាន់ថា នាងមានខ្សែទើបមានឈ្មោះទទួលបាន គ្រឿងឥស្សរិយយស ឬមេដាយជាហូរហែ។

ទម្លាយឱ្យដឹងតាមរយៈការបង្ហោះលើគណនី ញឹម ច័ន្ទថន (Nhim Chanthorn) នៅព្រឹកថ្ងៃទី៨ ខែឧសភា តារាសម្តែងរូបនេះថា គ្រឿងឥស្សរិយយស មេដាយ មិនមែនចេះតែទទួលបានងាយៗទេ តែនាងទទួលបានដោយសារការចូលរួមជួយការងារសង្គមរយៈពេលជាង ១០ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១២មកម៉្លេះ គ្រាន់តែនាងមិនចូលចិត្តបង្ហាញឱ្យដឹងតែប៉ុណ្ណោះ។ ចំណែក មេដាយដែលទើបទទួលបានថ្មីៗក្នុងឆ្នាំ២០២៤នេះ គឺដោយសារនាងបានថតភាពយន្តចំរៀង (ទុក្ខស្រីប្ដីព្រាត់) ដែលជាសាច់រឿងពិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។

តារាសម្តែង ញឹម ច័ន្ទថន រៀបរាប់ថា « ខ្ញុំមិនចង់អួតទេ តែអ្នកខ្លះគាត់សួរខ្ញុំថាមានខ្សែមែន បានមេដាយច្រេីនម្ល៉េះ ចង់សេីចតិចហួសចិត្តតិច ចឹងក៏ចង់ប្រាប់ទៅវិញថា។ មេដាយមិនចេះតែបានងាយៗស្រួលទេ ខ្ញុំទទួលមេដាយក្នុងការងារសង្គមតាំង២០១២។ហេីយបានទទួលមេដាយជាច្រេីនដែលនាងខ្ញុំលះបង់ជួយកន្លងមក តែខ្ញុំមិនដែលបង្ហាញ។ សម្រាប់ការងារសិល្បៈថ្មីៗនេះខ្ញុំទទួលមេដាយ ដែលនាងខ្ញុំបានថតភាពយន្តចំរៀង (ទុក្ខស្រីប្ដីព្រាត់)ដែលជារឿងពិតរបស់សម្ដេចពុកនិងសម្ដេចម៉ែនិងចូលសិល្បៈជាង២០ឆ្នាំ ទទួលបានមេដាយ២ដង រួមទាំងលិខិតថ្លែងជាច្រេីនទៀតនាងខ្ញុំបង្ហាញហេីយសូមជ្រាបផង ចាសសូមអរគុណនិងក្ដីស្រទ្បាញ់ពីនាងខ្ញុំ (ញឹម ចាន់ថន)»។

គួររំឮកផងដែរថា ច្រើនឆ្នាំមកនេះ ញឹម ច័ន្ទថន បានចូលរួមសកម្មភាពសិល្បៈជាច្រើន មិនថាកម្មវិធីសិល្បៈឯកជនរបស់សិល្បករ-សិល្បការិនី ឬព្រឹត្តិការណ៍ជាតិធំៗនោះទេ សូម្បីតែការងារសម្បុរធម៌ ការងារស័គ្រចិត្តផ្សេងៗក៏នាងតែងលេចវត្តមានពុំដែលខានឡើយ៕























Account
Security
Favourite Content