សមាជិកកូនពៅរបស់ក្រុមចម្រៀងនារីល្បី NewJeans គឺ Hyein ត្រូវបានរាយការណ៍ កំពុងមានបញ្ហារបួស និងតម្រូវឲ្យសម្រាកដើម្បីមើលថែសុខភាព។ របួសជើងរបស់ Hyein ត្រូវបានគេសង្ស័យថា កើតឡើងកំឡុងពេលហ្វឹកហាត់សមបទចម្រៀងថ្មីដែលត្រៀមបញ្ចេញឆាប់ៗ។ ដំណឹងនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់មានការព្រួយបារម្ភ និងជូនពរគ្រប់ៗគ្នា ឲ្យរូបនាងឆាប់ជាសះស្បើយ។



ផលិតកម្ម ADOR នៅយប់ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៤ បានប្រកាសឲ្យដឹងថា៖ Hyein របស់ក្រុម NewJeans នឹងផ្អាកសកម្មភាពរបស់នាងមួយរយៈសិន ដោយសារតែភ្លាត់មានរបួសកំឡុងពេលហ្វឹកហាត់សម។ ពួកយើងពិតជាសោកស្ដាយចំពោះរឿងហេតុទាំងនេះ។
ADOR បានបន្ដថា៖ ការឈឺចាប់ផ្នែកជើងរបស់ Hyein តម្រូវឲ្យនាងទៅមន្ទីរពេទ្យដើម្បីត្រួតពិនិត្យ ជៀសវាងបញ្ហាធ្ងន់ធ្ងរ។ របួសជើងរបស់ Hyein ចាំបាច់ឲ្យនាងត្រូវសម្រាក និងកាត់បន្ថយការធ្វើចលនាផ្នែកជើងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន រហូតដល់ជើងរបស់នាងជាសះស្បើយវិញ។



មែនទែនទៅ របួសផ្នែកជើងរបស់ Hyein តម្រូវឲ្យនាងត្រូវផ្អាកសកម្មភាពដែលមានក្នុងដៃសិន ដើម្បីផ្ដោតលើការមើលថែទាំសុខភាព។ បុគ្គលិកក្រុមការងារ នឹងព្យាយាមមើលថែទាំ Hyein ដើម្បីឲ្យរូបនាងឆាប់ជាសះស្បើយ ត្រឡប់មកជួបអ្នកគាំទ្រសាជាថ្មីម្ដងទៀត។
គួរបញ្ជាក់ថា ក្រុមចម្រៀង NewJeans នឹងត្រៀមបទចម្រៀងថ្មីក្នុងពេលឆាប់ៗ នេះ។ បើតាមការបញ្ជាក់ពីប្រភពផ្ទៃក្នុង អាល់ប៊ុមចម្រៀងរបស់ NewJeans លើកនេះ នឹងកាន់តែថ្មីប្លែកគួរឲ្យចាប់អារម្មណ៍។ NewJeans ត្រូវបានរំពឹងថា នឹងត្រឡប់មកឆាកតន្ត្រីវិញនៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៤ ខាងមុខ៕


























































Account
Security
Favourite Content