NewJeans ជាក្រុមចម្រៀងនារីថ្មីស្ថិតក្រោមផលិតកម្ម ADOR និង HYBE ចេញជាផ្លូវការនៅខែ កក្កដា ឆ្នាំ ២០២២។ ក្រុមនេះមានសមាជិកចំនួន ៥ រូបរួមមាន Minji, Hanni, Danielle, Haerin និង Hyein។ អមជាមួយបទចម្រៀងពិរោះៗ ជាច្រើនបទដូចជា OMG, Hype Boy, Ditto និង Attention ធ្វើឱ្យក្រុមចម្រៀងនារីថ្មីមួយនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជននៅជុំវិញពិភពលោក និងមានភាពល្បីល្បាញខ្លាំងក្នុងរយៈពេលដ៏ខ្លី។
មែនទែនទៅ ទើបតែចេញច្រៀងជាផ្លូវការមិនទាន់បានមួយឆ្នាំត្រឹមត្រូវផង ក្រុមចម្រៀង NewJeans បានបន្ដបំបែកកំណត់ត្រា និងឈ្នះពានរង្វាន់ជាបន្ដបន្ទាប់ ខណៈសមាជិកម្នាក់ៗ ក៏ចាប់ក្លាយជាអ្នកតំណាងប្រេនធំៗ លំដាប់ពិភពលោកផងដែរ។ ដោយ Hanni ជាអ្នកតំណាងប្រេន Gucci, Hyein ជាអ្នកតំណាងប្រេន LV, Danielle ជាអ្នកតំណាងប្រេន Burberry និង Minji ទើបតែត្រូវប្រកាសជាអ្នកតំណាងប្រេន Chanel ខណៈ Haerin ត្រូវបានមហាជនជឿជាក់ថានឹងត្រូវប្រកាសឱ្យក្លាយជាអ្នកតំណាងថ្មីក្នុងស្រុករបស់ប្រេន Dior ឆាប់ៗនេះ។
ថ្មីៗ នេះ ក្រុមចម្រៀង NewJeans ក៏បានបំបែកកំណត់ត្រាមួយផ្សេងទៀតដោយក្លាយជាក្រុមចម្រៀងដំបូងគេបំផុតក្នុងរយៈពេល ២៦ ឆ្នាំដែលអាល់ប៊ុមចេញដំបូង (Debut Album) មានឈ្មោះថា “NewJeans” ទទួលបានការទិញច្រើនជាង ១ លានបន្ទះ ស្របពេលដែលការកម្ម៉ង់ទិញនៅតែមានជាបន្ដបន្ទាប់។ ក្រុមដែលធ្លាប់ធ្វើដូច្នេះបានកាលពីមុនគឺក្រុមចម្រៀង SECHSKIES ក្នុងឆ្នាំ ១៩៩៧៕























Account
Security
Favourite Content