កាលពីឆ្នាំ ២០២២ កន្លងទៅនេះ កុងត្រារបស់តារាស្រី Natalie Tong ជាមួយស្ថានីយទូរទស្សន៍ TVB ត្រូវបានបញ្ចប់ក្រោយរួមដំណើរជាមួយគ្នាអស់ ១៩ ឆ្នាំដោយរឿងចុងក្រោយដែលនាងបានសម្ដែងជាតួឯកស្រីមានចំណងជើងថា The Invisible ។ ក្រោយចាកចេញពី TVB ប្រជាប្រិយភាពរបស់នាងហាក់ដូចជាថយចុះបន្តិច ប៉ុន្តែនាងនៅតែរីករាយទទួលយកដដែល។


នៅក្នុងបទសម្ភាសមួយជាអ្នកសារព័ត៌មានក្នុងកម្មវិធីសប្បុរសធម៌ថ្មីៗនេះ តារាស្រីវ័យ ៤២ ឆ្នាំរូបនេះបាននិយាយថានាងជាមនុស្សដែលចេះមើលថែខ្លួនឯង ដូច្នេះនាងច្បាស់ណាស់នូវអ្វីដែលនាងត្រូវធ្វើប្រាកដណាស់។ ជាមួយគ្នានេះ នាងក៏ត្រូវបានគេសួរថាតើនាងអាចត្រលប់មកថតរឿងភាគថ្មីណាមួយជាមួយ TVB វិញទេ។ នាងបានឆ្លើយតបទៅវិញថាជាតារាសម្ដែងមិនគួរដាក់កម្រិតខ្លួនឯងឱ្យនៅតែមួយកន្លែងនោះទេ ដូច្នេះពួកគេគួរតែមានជម្រើសណាមួយដែលល្អប្រសើរដោយផ្អែកលើការផលិត។

ទន្ទឹមនឹងនេះ អ្នកសារព័ត៌មានក៏បានសួរ Natalie Tong ថាតើនាងអាចបើកចំហរក្នុងការថតឱ្យ ViuTV ដែលជាដៃគូប្រកួតប្រជែងរបស់ TVB ដែរ ឬទេ ហើយនាងបានប្រាប់ថានាងមិនប្រកាន់ក្នុងការថតរឿងឱ្យស្ថានីយទូរទស្សន៍ ឬផលិតកម្មណាមួយទេ ដរាបណាតួអង្គសម្ដែងនោះសក្ដិសមហើយត្រឹមត្រូវ។ លើសពីនេះ តារាស្រីរូបនេះក៏បានបន្ថែមបទពិសោធន៍ថ្មីមួយទៀតដោយមានគម្រោងសរសេរសាច់រឿង ហើយនាងកំពុងព្យាយាម និងពិចារណាដោយប្រុងប្រយ័ត្នបំផុតដើម្បីបង្ហាញជូនអ្នកគាំទ្ររបស់នាងផងដែរ ៕





























Account
Security
Favourite Content