នៅក្នុងវិស័យខេប៉ុប មិនមែនជារឿងកម្រនោះទេដែលតារាចម្រៀង និងតារាសម្ដែងជាច្រើនបានទទួលស្គាល់ជាសាធារណៈថាបានលាក់បាំងអាយុពិតដើម្បីបង្ហាញខ្លួន ហើយក្នុងនោះក៏មាន Narsha សមាជិកក្រុមចម្រៀងនារី Brown Eyed Girls ផងដែរ។

Brown Eyed Girls គឺជាក្រុមតារាចម្រៀងនារីដ៏ល្បីល្បាញនៅក្នុងវិស័យខេប៉ុបបន្ទាប់ពីបង្ហាញខ្លួនក្នុងឆ្នាំ ២០០៦។ នៅពេលនោះសមាជិកទាំង ៤ រូបមានអាយុចន្លោះ ១៩ ទៅ ២៥ ឆ្នាំដោយ JeA និង Miryo មានអាយុ ២៥ ឆ្នាំ ខណៈសមាជិកកូនពៅ Gain មានអាយុ ១៩ ឆ្នាំ និង Narsha មានអាយុ ២៣ ឆ្នាំ។

ថ្មីៗនេះតារាចម្រៀងរូបនេះបានបង្ហាញខ្លួននៅក្នុងកម្មវិធីវិទ្យុ MBC របស់តារាស្រី Kim Shin Young ជាភ្ញៀវកិត្តិយសព្រមជាមួយការលើកឡើងនៅបញ្ហាផ្សេងៗដែលនាងបានជួបប្រទះផងដែរ។ អំឡុងពេលពិភាក្សាគ្នាតារាស្រី Kim Shin Young ក៏បានលើកឡើងអំពីការក្លែងបន្លំអាយុពិតដើម្បីចូលសិល្បៈ រំពេចនោះ Narsha ក៏បានឆ្លើយត្រង់ៗថានាងក៏បានធ្វើដូចនោះដែរ ហើយនេះគឺជាគំនិតក្រុមហ៊ុនរបស់នាង។

តារាចម្រៀងរូបនេះបានឱ្យបន្ថែមទៀតថា Nega Network គឺជាក្រុមហ៊ុនដែលគ្រប់គ្រងនាងមានអារម្មណ៍ថានាងចាស់ពេកហើយក្នុងការបង្ហាញខ្លួន ដូច្នេះក៏បានណែនាំឱ្យនាងផ្លាស់ប្ដូរអាយុមកជាតារាស្រីកើតក្នុងឆ្នាំ ១៩៩៣។ ប៉ុន្តែជាការពិតនាងកើតនៅក្នុងឆ្នាំ ១៩៩១ ដូចទៅនឹង JeA និង Miryo ដែរ។



ជាមួយគ្នានេះ Narsha បាននិយាយថានៅពេលខ្លួនកំពុងថតរឿង Strong Heart របស់ស្ថានីយទូរទស្សន៍ SBS នាងមានអាយុ ២៩ ឆ្នាំមិនមែន ២៧ ឆ្នាំឡើយ។ នាងក៏បានឱ្យដឹងបន្ដថាការនិយាយកុហកអាយុពិតបែបនេះ ពិតជាមានការរំខានដល់នាងជាខ្លាំង ប៉ុន្តែនាងក៏មានអារម្មណ៍ធូរស្រាលឡើងវិញនៅពេលដែលនាងអាចនិយាយលាតត្រដាងការពិត។

បើទោះបីជានាងបានបើកបង្ហាញការពិតមកជាយូរក៏ដោយ ក៏នៅតែមានមនុស្សជាច្រើនយល់ច្រឡំទៅលើអាយុពិតរបស់នាងដដែល។ រឿងដ៏គួរឱ្យអស់សំណើចមួយទៀតនោះគឺនៅពេលដែលនាងបានរួមការងារជាមួយតារាស្រី Lee Ji Hyun ហើយចាប់ផ្ដើមស្និទ្ធិស្នាលគ្នាខ្លាំង។ ដំបូងឡើយនាងបានសន្មតថា Lee Ji Hyun ប្រហែលជាមានអាយុចាស់ជាងនាង ដូច្នេះនាងបានហៅតារាស្រីរូបនេះថាបងស្រី។ ប៉ុន្តែក្រោយពីបានសួរនាំ និងដឹងអាយុរបស់គ្នាហើយ Lee Ji Hyun ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងរហូតទន់ជង្គង់នៅនឹងមុខនាងតែម្ដង៕
























Account
Security
Favourite Content