Momo សមាជិក TWICE រំឭកដល់អនុស្សាវរីយ៍នៅគ្រាដែលខ្លួនជួប YoonA សមាជិក Girls’ Generation ជាលើកដំបូង ក្នុងកម្មវិធី Who Say I’m Not a Fan? Dining With Hyo។
នៅវគ្គទី២០ ដែលបានចេញផ្សាយកាលពីថ្ងៃទី១១ ខែធ្នូនេះ Hyoyeon មិត្តរួមក្រុមរបស់ YoonA បានអញ្ជើញសិល្បករជំនាន់សិស្សប្អូន Momo ចូលរួមញ៉ាំអាហារពេលល្ងាចជុំគ្នា និងនិយាយគ្នាលេងក្នុងបរិយាកាសបុណ្យណូអែល។ ដោយដឹងថាសិស្សប្អូនក៏ជាអ្នកគាំទ្រក្រុមរបស់ខ្លួនម្នាក់ដែរ Hyoyeon ក៏សួរទៅកាន់ភ្ញៀវកិត្តិយសរបស់ខ្លួនថា៖ “តើអ្នកចាប់ផ្ដើមចូលចិត្តក្រុម Girls’ Generation តាំងពីពេលណា?”។
តារាចម្រៀងរបស់កូរ៉េខាងត្បូងសញ្ជាតិជប៉ុនរូបនេះ បានរៀបរាប់ថា៖ “ខ្ញុំគិតថា វាចាប់ផ្ដើមតាំងតែពីរៀននៅអនុវិទ្យាល័យមកម៉្លេះ។ អ្នកគ្រប់គ្នានៅក្នុងសាលាស្រឡាញ់ Girls’ Generation ទាំងអស់ បើទោះបីជាយើងជាសាលាជប៉ុនក៏ដោយ។ ពួកយើងតែងតែរាំបទ Gee ជាប្រចាំ”។

បន្តពីនេះ តារាស្រីវ័យ២៨ឆ្នាំ ក៏បានរំឭកដល់ពេលវេលាដែលខ្លួនបានជួបតារាក្នុងដួងចិត្តលើកទី១ដែរ ដោយបទពិសោធន៍នៅពេលនោះធ្វើឱ្យនាងនៅតែចង់ចាំមកដល់ថ្ងៃនេះ មិនដែលភ្លេច។ Momo និយាយថា៖ “នៅពេលមួយនោះ ពេលដែលខ្ញុំនៅក្នុងប្រទេសកូរ៉េខាងត្បូង ខ្ញុំបានទៅញ៉ាំអីនៅហាងសាច់អាំងមួយកន្លែង។ YoonA ក៏ទៅញ៉ាំអីជាមួយក្រុមការងារនៅទីនោះដែរ។ ខ្ញុំក៏ទៅរាក់ទាក់គាត់ តែពេលគិតលុយ ទើបខ្ញុំដឹងថា គាត់បានចេញថ្លៃអាហារឱ្យខ្ញុំរួចទៅហើយ”។
“ខ្ញុំគ្រាន់តែចង់ទៅនិយាយលេងជាមួយនឹងគាត់នោះទេ តែនៅពេលដឹងថាគាត់ធ្វើបែបនេះ ខ្ញុំពិតជាសប្បាយចិត្តនឹងទង្វើគាត់មែនទែន” នាងបន្តដូច្នេះ។
គួរបញ្ជាក់ផងដែរថា TWICE ទើបតែចេញនូវអាល់ប៊ុមខ្នាតខ្លីទី១៤របស់ខ្លួន កាលពីថ្ងៃទី៦ ខែធ្នូនេះ ដោយមានចម្រៀងសរុបចំនួន ៧បទ។ ទន្ទឹមគ្នានេះបទគោលចំណងជើង Strategy ក៏បានតារាចម្រៀងស្រី Megan Thee Stallion មកចូលរួមច្រៀងរួមគ្នាផងដែរ៕
























Account
Security
Favourite Content