បវរកញ្ញាចក្រវាលកម្ពុជា ២០២៤ អ្នកនាង ប្រាសាទ ដាវីន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការតំណាងកម្ពុជាចេញទៅប្រកួតប្រជែងលើវេទិកា Miss Universe 2024 នាពេលខាងមុខនេះ។ Miss Universe Cambodia 2024 នឹងត្រូវឡើងយន្តហោះនៅចុងសប្ដាហ៍នេះ ហើយក៏សង្ឃឹមថា អ្នកគាំទ្រនឹងចូលរួមផ្ដល់កម្លាំងចិត្តដល់នាង។

អ្នកនាង នឹងត្រូវចាកចេញពីកម្ពុជាថ្ងៃ ២៧ ខែតុលា ឆ្នាំ ២០២៤ ម៉ោង ៤ រសៀល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយស្ត្រីខ្មែរដែលបានបំបែកកំណត់ត្រាជា Miss Universe Cambodia ដំបូងមានស្វាមី និងកូន រូបនេះសំណូមពរឲ្យអ្នកគាំទ្រទៅជូនដំណើរ ក៏ដូចជាផ្ដល់កម្លាំងចិត្តដល់នាង មុនចាកចេញពីមាតុភូមិ។
ប្រាសាទ ដាវីន ក៏បានបង្ហើបពីតម្រុយនៃឈុតតំណាងជាតិ ដែលអ្នកនាងត្រៀមយកទៅចូលរួមប្រកួតនៅកម្មវិធី Miss Universe 2024 នៅប្រទេសម៉ិកស៊ីកូនាពេលខាងមុខថែមទៀតផង។ បើតាមការបង្ហើបខ្លះៗបានបញ្ចេញថា National Costume របស់ Miss Universe Cambodia 2024 ធានាថាប្លែក អ្នកគាំទ្រមិនសូវជាបានឃើញពីមុនមកឡើយ។

តាំងពីគ្រងមកុដ បវរកញ្ញាចក្រវាលកម្ពុជា ២០២៤ ភ្លាម ដាវីន បានបំពេញការងារទាក់ទងនឹងកម្មវិធីសប្បុរសធម៌ជាច្រើន ហើយក៏បានហ្វឹកហ្វាត់បន្ថែមទាំងការដើរ ការឆ្លើយសំណួរ និងរូបរាងបន្ថែមឲ្យកាន់តែមានភាពជឿជាក់លើខ្លួនឯង និងស្វាហាប់ ដើម្បីត្រៀមឡើងឆាក Miss Universe 2024។
គួរបញ្ជាក់ឲ្យដឹងថា កម្មវិធី Miss Universe 2024 លើកទី៧៣ នេះនឹងរៀបចំធ្វើនៅ Arena CDMXទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ីកូ។ ចំណែកការប្រកួត Preliminary និង National Costume នឹងកើតឡើងនៅថ្ងៃទី ១៤ ខែវិច្ឆិកា ខណៈយប់ផ្ដាច់ព្រ័ត្រនឹងកើតឡើងនៅថ្ងៃ ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលមានបេក្ខជនចំនួន ១៣០ នាក់មកពីប្រទេសផ្សេងគ្នានឹងចូលរួមប្រកួតប្រជែងក្នុងការប្រកួតបវរកញ្ញា៕































Account
Security
Favourite Content